ខឹង​ចិត្ត​ម្ដាយ​ក្មេក​មើល​ងាយ​ថា​ស្រែៗ​ទាំង​ពូជ កូនប្រសា​ចាត់​ការ​វិញ​ដោយ​វិធី​នេះ​តែ​ម្ដង

ស្រុក​កំណើត​​ខ្ញុំ​​ស្ថិត​នៅ​ទី​​ជនបទ​ចុង​កាត់​មាត់​ញក។ ខាង​គ្រួសារ​ប្ដី​ខ្ញុំ​តែង​មើល​ងាយ​ពួក​យើង​ជា​ប្រចាំ​ថា​ពួក​អ្នក​ស្រែ​ដូច​យើង​គ្មាន​ផ្លូវ​អាច​ប្រៀប​ជាមួយ​អ្នក​នៅ​ទីក្រុង​ដូច​ពួក​គាត់​បាន​ទេ។ នៅ​ពេល​ខ្ញុំ​រៀបការ​ ពុក​ម៉ែ​ខ្ញុំ​មិន​បាន​ទាមទារ​ថ្លៃ​បណ្ណាការ​អី​នោះ​ទេ ក្រៅ​ពី​សុំ​ឲ្យ​រៀប​មង្គលការ​​បង្គ្រប់​កិច្ច​មួយ​នៅ​​​ស្រុក។ ប៉ុណ្ណឹង​ហើយ​ពួក​គាត់​នៅ​តែ​ស្អប់​ខ្ពើម ចូល​ចិត្ត​និយាយ​ថា​ម៉ែ​ខ្ញុំ​ក្រ មិន​ចេះ​តែង​ខ្លួន មើល​ទៅ​គគ្រិច​ហើយ​ធំ​ក្លិន​ទៀត។

ជា​ច្រើន​លើក​ដែល​ម្ដាយ​ខ្ញុំ​​យក​​បន្លែ​ដែល​គាត់​ដាំ​ខ្លួន​ឯង​មក​ឲ្យ ម្ដាយ​ក្មេក​ខ្ញុំ​ចូល​ចិត្តធ្វើ​មុខ​ស្មើ​ដាក់​ម្ដាយ​ខ្ញុំ​រហូត ថែម​ទាំង​រអ៊ូ​នេះ​រអ៊ូ​នោះ​រហូត​ម្ដាយ​ខ្ញុំ​ទ្រាំ​មិន​បាន​ក៏​ត្រូវ​ប្រញាប់​ទៅ​ផ្ទះ​វិញ។ ប៉ុន្តែ​របស់​ផ្សេង​ៗ​ដែល​ម្ដាយ​ខ្ញុំ​យក​មក​ឲ្យ ម្ដាយ​ក្មេក​ខ្ញុំ​បែរ​ជា​អ្នក​ហូប​ច្រើន​ជាង​​គេ​ទៅ​វិញ ហើយ​ថែម​ទាំង​ប្រាប់​ឲ្យ​ផ្ញើ​មក​ឲ្យ​ច្រើន​ៗ​ទៀត។​មាន​ថ្ងៃ​មួយ ភ្លៀង​ធ្លាក់​ខ្លាំង ប៉ុន្តែ​ម្ដាយ​ខ្ញុំ​ក៏​នៅ​តែ​យក​បន្លែ​មក​​ឲ្យ​ពួក​យើង​ញ៉ាំ​ដដែល។ ម្ដាយ​ខ្ញុំ​​ទទឹក​ខ្លួន​ជោក និង​មាន​ប្រឡាក់​ភក់​ជាប់​ស្បែក​ជើង​ផង។ ម៉ាក់​ក្មេក​ខ្ញុំ​ឃើញ​ហើយ​ក៏​រអ៊ូ៖ “គិត​ទៅ​អ្នក​ស្រែ​អត់​មារយាទ​មែន មើល​ចុះ​ប្រឡាក់​អិដ្ឋ​ប្រឡាក់​អី​អស់​ហើយ”។ ដំបូង​ឡើយ​ខ្ញុំ​គិត​ថា​ចង់​ខ្ចី​ខោ​អាវ​ម្ដាយ​​ក្មេក​ឲ្យ​​ម្ដាយ​របស់​ខ្ញុំ​ផ្លាស់ ប៉ុន្តែ​គាត់​បែរ​និយាយ​ថា គាត់​សុខ​ចិត្ត​យក​ទៅ​ចោល​ល្អ​ជាង​ឲ្យ​ម្ដាយ​ខ្ញុំ​ពាក់។ អីចឹង​ហើយ​ខ្ញុំ​ក៏​ត្រូវ​យក​ខោ​អាវ​ខ្លួន​ឯង​ឲ្យ​ម៉ែ​ផ្លាស់ ដើម្បី​​កុំ​ឲ្យ​​មាន​រឿង​ឈ្លោះ​គ្នា។ គិត​ទៅ​ពួក​ខ្ញុំ​នេះ​ទ្រាំ​ៗ​ដល់​ក​ហើយ។

នៅ​ថ្ងៃ​​ហ្នឹង​ដដែល​ ខ្ញុំ​ឲ្យ​ម្ដាយ​ខ្ញុំ​នៅ​ពិសា​បាយ​ជាមួយ​គ្នា​សិន​ចាំ​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​ម្ដាយ​ក្មេក​​ខ្ញុំ​បែរ​ជា​រក​រឿង​មក​ដាក់​អំបិល​​ក្នុង​ម្ហូប​ឡើង​ប្រៃ​ដល់​ហូប​មិនកើត។ ខ្ញុំ​​ខឹង​ឡើង​ញ័រ​សាច់​ហើយ​ពេល​ហ្នឹង ចង់​យំ​តិច​ចង់​អី​តិច។ ក្រោយ​ពិសា​បាយ​រួច ម្ដាយ​ខ្ញុំ​ក៏​ប្រញាប់​រើ​ចាន​​ទៅ​លាង ប៉ុន្តែ​ម្ដាយ​ក្មេក​ខ្ញុំ​បែរ​ជា​ធ្វើ​មុខ​ស្មើ​ដាក់​ខ្ញុំ​ហើយ​រអ៊ូ​ ៖ “ម៉ែ​ហ្អែង​លាង​ចាន​បាន​ស្អាត​អត់​ហ្នឹង សង្ស័យ​អត់​ចេះ​ប្រើ​សាប៊ូ​លាង​ចាន​ផង​មិន​ដឹង ហ្អែង​ទៅ​លាង​ម៉ង​ទៅ”។ ពេល​ម្ដាយ​ខ្ញុំ​ទៅ​ផ្ទះ​វិញ ដោយ​ខឹង​ខ្លាំង​ពេក ខ្ញុំ​ក៏​និយាយ​ជាមួយ​ម្ដាយ​ក្មេក​ថា៖ “បើ​ម៉ាក់​ឯង​គិត​ថា​ពុក​ម៉ែ​ខ្ញុំ​​គគ្រិច មិន​បាច់​ហូប​បន្លែ​ដែល​ពួក​គាត់​ផ្ញើ​ម៉ោ​ទេ ក្រែង​ម៉ាក់​ឯង​ចូល​ចិត្ត​មើល​ងាយ ហើយ​ចូល​ចិត្ត​គិត​ថា​ខ្លួន​ឯង​ជា​អ្នក​ក្រុង​ល្អ​ជាង​អ្នក​ស្រែ​មិន​អីចឹង​ហ្អី ម៉េច​ក៏​ហូប​របស់​អ្នក​ស្រែ​បាន​ពេញ​ៗ​មាត់​ម្ល៉េះ?”

ម្ដាយ​ក្មេក​ខ្ញុំ​ឮ​អីចឹង​ឡើង​ក្ដៅ​ឆេវ​ហើយ​ក៏​លែង​និយាយ​ជាមួយ​ខ្ញុំ​ទៀត។ ចំណែក​ខ្ញុំ​ក៏​មិន​ចង់​និយាយ​ជាមួយ​គាត់​ដូច​គ្នា។ ពេល​ប្ដី​ខ្ញុំ​ត្រលប់​មក​វិញ គាត់​ក៏​សុំ​ឲ្យ​ខ្ញុំ​ព្រម​ចាញ់​ម្ដាយ​គាត់។ ខ្ញុំ​ខឹង​មិន​ទាន់​បាត់​ផង ក៏​តប​ទៅ​វិញ៖ “បង​ឯង​ស្រលាញ់​ម៉ាក់​បង​ឯង ខ្ញុំ​ក៏​ស្រលាញ់​ម៉ែ​ខ្ញុំ​ដែរ មើល​ម៉ាក់​បង​ធ្វើ​មើល លើស​ខ្លាំង​អត់? ឲ្យ​តែ​ម៉ែ​ខ្ញុំ​យក​បន្លែ​យក​សាច់​មក​ឲ្យ គាត់​មិន​ដែល​និយាយ​អរគុណ​ស្អី​ម៉ា​ម៉ាត់​ទេ ថែ​មាន​តែ​ជេរ​នេះ​ជេរ​នោះ មើល​ងាយ​ម៉ែ​ខ្ញុំ សូម្បី​តែ​បាយ​មួយ​ពេល​ក៏​មិន​ចង់​ឲ្យ​ម៉ែ​ខ្ញុំ​ពិសា​ផង ថ្ងៃ​មិញ​​យក​​ម្ហូប​ប្រៃ​ហូប​មិន​កើត​​មក​ឲ្យ​ម៉ែ​ខ្ញុំ​ហូប បង​ឯង​គិត​មើល​ទៅ”។

ប្ដី​ខ្ញុំ​ក៏​ដឹង​ថា​ម្ដាយ​របស់​គាត់​ធ្វើ​ហួសហេតុ​ពិត​មែន ក៏​ប្រាប់​ថា​​ចាំ​គាត់​ទៅ​និយាយ​ជាមួយ​ម្ដាយ​គាត់​ខ្លួន​ឯង។ ខ្ញុំ​ប្រាប់​ថា “មិន​បាច់​ទេ ​ចាំ​ខ្ញុំ​ប្រាប់​ម៉ែ​ខ្ញុំ​វិញ​ថា​ឈប់​ផ្ញើ​​បន្លែ​អី​មក​ទៀត ឲ្យ​គាត់​យក​ទៅ​លក់​ល្អ​ជាង បើ​លក់​មិន​ដាច់ យក​ទៅ​ឲ្យ​បង​ប្អូន​គាត់​ហូប​ទៅ យ៉ាង​ហោច​ពួក​គាត់​ក៏​ដឹង​គុណ​ដឹង​អី​ដែរ បើ​ម៉ាក់​​បង​ចង់​ហូប ឲ្យ​គាត់​ទៅ​ទិញ​ហូប​ខ្លួន​ឯង​ទៅ”។ និយាយ​ចប់​ខ្ញុំ​ក៏​ចូល​បន្ទប់​ដេក​បាត់​ទៅ​ ព្រោះ​មិន​ចង់​នៅ​ស្ដាប់​ប្ដី​និយាយ​ទៀត។ ពីរ​ខែ​ក្រោយ​មក ម្ដាយ​ក្មេក​ខ្ញុំ​សួរ​ថា ហេតុ​អី​មួយ​រយៈ​នេះ​អត់​ឃើញ​ម្ដាយ​ខ្ញុំ​ផ្ញើ​បន្លែ​មក​ទៀត ខ្ញុំ​ក៏​​សួរ​​គាត់​វិញ​ថា កូន​ប្រុស​គាត់​មិន​បាន​ប្រាប់​គាត់​ទេ​ហ្អី? គាត់​ថា​មិន​ឮ​ប្ដី​ខ្ញុំ​និយាយ​​អី​ផង។ ខ្ញុំ​ក៏​តប​ទៀត​ថា ខ្ញុំ​ប្រាប់​ឲ្យ​ម្ដាយ​ខ្ញុំ​ឈប់​ផ្ញើ​អី​ៗ​មក​ទៀត​ហើយ ឲ្យ​គាត់​យក​ទៅ​លក់​វិញ​ល្អ​ជាង បើ​លក់​មិន​ដាច់ យក​ទៅ​ឲ្យ​បងប្អូន​ យ៉ាង​ហោច​ណាស់​ពួក​គាត់​ចេះដឹង​គុណ​វិញ​ដែរ។ ម្ដាយ​ក្មេក​ខ្ញុំ​នៅ​តែ​និយាយ​​ឲ្យ​ម្ដាយ​ខ្ញុំ​ផ្ញើ​បន្លែ​មក​ឡើង​វិញ​។

ខ្ញុំ​ក៏​និយាយ​ឮ​ៗ​តែ​ម្ដង៖ “ផ្ញើ​មក​ធ្វើ​អី មក​ម្ដង​ណា​ក៏​ត្រូវ​គេ​ជេរ គេ​ស្អប់ ខំ​យក​ម្ហូបម្ហា​មក​ជូន​ដល់​ផ្ទះ ប៉ុន្តែ​បាយ​មួយ​ពេល​ក៏​ហូប​មិន​បាន បើ​ម៉ាក់​ឯង​ចង់​ហូប ឲ្យ​លុយ​​មក ចាំ​ខ្ញុំ​ជួល​គេ​ឲ្យ​យក​មក​ឲ្យ ហើយ​ម៉ាក់​ឯង​ឲ្យ​ថ្លៃ​ឈ្នួល​គេ​ផង។ ម្ដាយ​ក្មេក​ខ្ញុំ​ឮ​បែប​ហ្នឹង​ហើយ​ក៏​​រៀង​ស្ងាត់ ហើយ​ធ្វើ​ជា​និយាយ​ថា យើង​មិន​មែន​អ្នក​ក្រៅ​ឯណា គ្រួសារ​ឯង​តែ​មួយ​សោះ។

ឮ​បែប​ហ្នឹង​ហើយ​ខ្ញុំ​ក៏​សើច​ហើយ​តប​វិញ​ថា៖ “ម៉ាក់​ឯង​ធ្លាប់​ទុក​ពួក​ខ្ញុំ​ជា​គ្រួសារ​ដែរ? ឃើញ​តែ​មើល​ងាយ​មើល​ថោក​រហូត​សោះ។ ពុក​ម៉ែ​ខ្ញុំ​មិន​ទារ​ថ្លៃ​ទឹក​ដោះ ក៏​ព្រោះ​ពួក​គាត់​ចង់​ឲ្យ​ខ្ញុំ​រស់​នៅ​បាន​សុខ​ជាមួយ​កូន​ប្រុស​ម៉ាក់ ប៉ុន្តែ​ម៉ាក់​បែរ​ជា​មើល​ឃើញ​ថា​ពួក​​ខ្ញុំ​​ទន់​ខ្សោយ អាច​ជាន់​បាន។ ចាំ​កូន​ម៉ាក់​ឯង​មក ម៉ាក់​ឯង​ប្ដឹង​កូន​ម៉ាក់​ឯង​ម៉េច​ប្ដឹង​ទៅ យ៉ាង​ច្រើន​​ពួក​ខ្ញុំ​បែក​គ្នា​ប៉ុណ្ណឹង។ ក្រែង​ម៉ាក់​ឯង​​អ្នក​ទីក្រុង​មាន​លុយ​ច្រើន​មិន​ចឹង​ហ្អី សាក​ទៅ​ដណ្ដឹង​​កូន​គេ​ម្ដង​​ទៅ​អីចឹង”។ និយាយ​ចប់​ខ្ញុំ​ក៏​ចូល​បន្ទប់​ខ្លួន​ឯង​ទៅ។ អ្នក​ទាំង​អស់​គ្នា​ជួយ​គិត​បាន​ទេ ខ្ញុំ​និយាយ​ចឹង​ខុស​អត់?

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...