លោកផែង វណ្ណៈ រកឃើញប៉េអឹមកំពង់ឆ្នាំងម្នាក់ ជំរិតទារប្រាក់៥០០០$ ពីម្ចាស់ឡានRX330អត់ពន្ធ

Loading...

ករណីប៉េអឹមខេត្តកំពង់ឆ្នាំង ចាប់ឡានអត់ពន្ធ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ លោក ផែង វណ្ណៈ បានអះអាងថាគឺជាការចុះចាប់ដើម្បីជំរិតទារប្រាក់សុទ្ធសាធ លោកហ៊ានអះអាងបែបនេះ គឺដោយសារមូលហេតុដូចខាងក្រោម៖ សមត្ថកិច្ចគយក៏មិនដឹង ខាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ក៏មិនដឹងជុំវិញករណីឃាត់ខ្លួនម្ចាស់រថយន្តហើយតម្រូវឲ្យបង់ប្រាក់។

មុននេះបន្តិច លោក ផែង វណ្ណៈ បានទូរស័ព្ទសួរទៅ លោក ទិត្យ វឌ្ឍនៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោកព្រះរាជអាជ្ញាប្រាប់ថា លោកមិនបានដឹងរឿងនេះទេ លោកទើបតែដឹងពេលព័ត៌មានផ្សាយតែប៉ុណ្ណោះ។

ចំណែកលោក ហ៊ាល ទូច មេគយខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ប្រាប់លោក ផែង វណ្ណៈ តាមទូរស័ព្ទថា លោកមិនបានដឹងរឿងនេះទេ ហើយខាងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ក៏មិនបានមកសហការជាមួយសមត្ថកិច្ចគយដែរ។ តើមន្ត្រីអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ឈ្មោះ លឹម ហាក់ ចុះចាប់រថយន្តអត់ពន្ធនេះ តាមបញ្ជាអ្នកណា? អ្នកណាបញ្ជាឲ្យយកលុយចំនួន ៥០០០ដុល្លារពីម្ចាស់ឡានអត់ពន្ធ? តើនេះមិនមែនជាការចាប់ជំរឹតទេឬ?

អ្វីដែលហួសចិត្តនោះគឺបន្ទាប់ពីបានប្រាក់់ ៥០០០ដុល្លារហើយ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានដោះលែងម្ចាស់រថយន្ត និងរថយន្តវិញ។ ប៉ុន្ដែមន្ត្រីអាវុធហត្ថខេត្តកំពង់ឆ្នាំងឈ្មោះ ម៉ៅ បានតាមទិញរថយន្ត Luxus RX 330 អត់ពន្ធនោះពី ម្ចាស់រថយន្តយកមកប្រើបន្ត។

ពេលនេះម្ចាស់រថយន្ត កំពុងរៀបចំពាក្យបណ្ដឹងប្ដឹងទៅ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ១ច្បាប់ ប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ១ច្បាប់។ ទង្វើអាក្រក់របស់មន្ត្រីអាវុធហត្ថខាងលើ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ស្ថាប័នកងរាជអាវុធហត្ថ សូមថ្នាក់ដឹកនាំកងរាជអាវុធហត្ថ លើផ្ទៃប្រទេសជាពិសេស ឯកឧត្តមនាយឧត្ដមសេនីយ៍ សៅ សុខា ដែលជាថ្នាក់ដឹកនាំស្អាតស្អំមេត្តាចាត់វិធានការចំពោះមន្ត្រីខិលខូចខាងលើផង៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...