គណៈកម្មការចំណូលថ្មីសុខ ស្រីនាង រងការរិះគន់ខ្លាំង ក្រោយទម្លាក់កុមារីវ័យ៨ឆ្នាំសំឡេងឆ្វាច

Loading...

កាលពីរាត្រីថ្ងៃអាទិត្យទី៦ ខែតុលា ឆ្នាំ២០១៩ កម្មវិធី Cambodian idol junior ក្នុងវគ្គ judge audition ឈានចូលសប្ដាហ៍ទី២ហើយ ក្នុងនោះមានបេក្ខជន ជាកុមារា កុមារីជាច្រើននាក់បានខិតខំបង្ហាញនូវសមត្ថភាពរបស់ពួកគេទៅកាន់គណៈកម្មការដើម្បីឲ្យគណៈកម្មការឆ្លើយពាក្យ«yes»ទៅកាន់ពួកគេ ដើម្បីឲ្យពួកគេឈានទៅដល់វគ្គបន្តទៀត។

ក្នុងការប្រកួតប្រជែងសមត្ថភាពនោះ អ្នកខ្លះក៏ទទួលបាននូវភាពជោគជ័យ ឯអ្នកខ្លះទៀតក៏ត្រឡប់ទៅផ្ទះវិញទាំងក្តីសោកស្ដាយ ព្រោះមិនអាចបន្តទៅវគ្គខាងមុខទៀតបាន តែក្នុងចំណោមបេក្ខជនដែលបានធ្លាក់ មានប្អូនស្រីម្នាក់មានឈ្មោះ រ៉ន ណាវី ឈ្មោះហៅក្រៅថា «អូនញាញ់» មានអាយុ ៨ឆ្នាំ រៀនថ្នាក់ទី៣ ដែលជាប្អូនស្រីបង្កើតរបស់ ប្អូនស្រី រ៉ន ចាន់ឌីន ដែលជាអតីតបេក្ខភាពក្នុងកម្មវិធី The voice Kid Cambodia រដូវកាលទី១ ធ្វើឲ្យមហាជនមិនអស់ចិត្តទាល់តែសោះចំពោះការធ្លាក់ចេញពីកម្មវិធីលំដាប់ពិភពលោកមួយនេះ ព្រោះតែនាងតូចច្រៀងបានយ៉ាងពីរោះ តែបែរជាគណៈកម្មការសុខ ស្រីនាង ឲ្យប្អូនធ្លាក់ទៅវិញ។ បេក្ខជនអាចជាប់បានលុះត្រាតែទទួលបាន Yes ពីគណៈកម្មការទាំងបីរូប។

ចាប់តាំងពីថ្ងៃប្រកាសលទ្ធផលថា ប្អូនស្រីធ្លាក់ មកដល់ពេលនេះមហាជនកាន់តែប្រតិកម្មខ្លាំងឡើងៗ ជុំវិញការធ្លាក់របស់ប្អូនស្រីតូច។ ក្នុងនោះដែរ អ្នកខ្លះក៏បានលើកឡើងថា ប្អូនស្រីមានសំឡេងល្អ ច្រៀងបានពីរោះ ថ្វីត្បិតថា នាងនៅមានចំណុចខ្វះខាតខ្លះក៏ពិតមែន ព្រោះបទចម្រៀងនេះពិតជាពិបាកច្រៀង ស្ថិតក្នុងវគ្គដំបូងស្វែងរកសំឡេងពីរោះ កំហុសតិចតួចអាចកែប្រែបាននៅវគ្គបន្ទាប់។ នាងទើបតែអាយុ ៨ឆ្នាំទៀត កម្រមានក្មេងអាយុស្របាលនេះ ច្រៀងបានល្អអីចឹងណាស់ ទោះជាយ៉ាងណា ក៏នៅល្អជាងអ្នកខ្លះច្រៀងមិនសូវពីរោះតែបែរជាជាប់៕(អត្ថបទ​៖និស្ស័យ)

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...