ម្ដាយម្នាក់ថាគាត់សងគុណមន្ទីរពេទ្យគន្ធបុប្ផាមិនអស់ទេ គាត់ក៏បានស្នើឲ្យកូនធ្វើ​រឿងមួយផង

Loading...

ស្ត្រីជាម្ដាយម្នាក់បានបង្ហាញពីការដឹងគុណជាខ្លាំងទៅដល់មន្ទីរពេទ្យគន្ធបុប្ផា បន្ទាប់ពីកូនៗរបស់គាត់ទាំងអស់មានជីវិតដល់សព្វថ្ងៃនេះ ក៏ដោយសារតែមានមន្ទីរពេទ្យគន្ធបុប្ផាបានជួយសង្គ្រោះ។ ក្នុងនោះដែរគាត់ក៏បានអប់រំកូនៗរបស់គាត់ក្នុងពេលធំៗឡើង មានប្រាក់ខែដោយកំលាំងញើសឈាមសុចរិត ត្រូវតែជួយបរិច្ចាគជាថវិកាដល់ពេទ្យ ព្រោះមន្ទីរពេទ្យបានជួយសង្គ្រោះជីវិតកុមារច្រើនណាស់។

បន្ថែមលើសពីនេះទៀត ស្ត្រីជាម្ដាយខាងលើមានគណនីហ្វេសប៊ុកឈ្មោះ Dina Chhay ក៏បាននិយាយពាក់ព័ន្ធទៅនឹងបុគ្គលមួយចំនួនរិះគន់ចំពោះគ្រូពេទ្យថា មានសំម្ដីអាក្រក់ តែនោះក៏ដោយសារតែពេលខ្លះគាត់មានភាពហត់នឿយខ្លាំងពេក ទើបមានគ្រូពេទ្យខ្លះសម្ដីមិនល្អ តែមានតិចតួចប៉ុណ្ណោះ ឯគ្រូពេទ្យដែលមានសម្ដីល្អ រួសរាយរាក់ទាក់ក៏មានច្រើនដែរ។ ខាងក្រោមនេះជាការរៀបរាប់ចេញពីចិត្តរបស់គាត់និយាយទៅកាន់កូនប្រុសស្រីឲ្យចេះបរិច្ចាគប្រាក់ ទោះតិចក្តីច្រើនក្តី ដល់មន្ទីរពេទ្យគន្ធបុប្ផា៖

«ខ្ញុំបានប្រាប់កូនៗរបស់ខ្ញុំថា បើគ្មានមន្ទីរពេទ្យគន្ឋបុប្ផាទេ ជីវិតកូនប្រាកដជាស្លាប់ហើយ ១ជីវិតម៉ែ សងគុណពេទ្យនេះមិនគ្រប់ទេ ហើយខ្ញុំផ្តាំកូនៗថា ពេលធំឡើងកូនមានការងារធ្វើ មានប្រាក់ កូនត្រូវតែបរិច្ចាគជូនពេទ្យនេះ ទោះបីតិច ច្រើនក្តី ឲ្យតែជាលុយបានមកដោយសុចរិត ពីកំលាំងញើសឈាមយើង ….!

ម្នាក់ៗពេលកូនឈឺរត់រកពេទ្យឲ្យជួយ សង្គ្រោះជីវិតកូន ពេលកូនជាសះស្បើយក៏ដោយសារតែ លោកគ្រូ អ្នកគ្រូពេទ្យ គាត់បានជួយព្យាបាលដែរ តែផ្ទុយទៅវិញអ្នកខ្លះមិនបានអរគុណពេទ្យហើយ ថែមទាំងជេរគាត់ទៀត ពេទ្យសំដីអាក្រក់១ចំនួនមានមែន ក៏ប៉ុន្តែ គាត់ក៏បានព្យាបាលកូនយើងឲ្យជាដែរ មានពេទ្យល្អក៏ច្រើន សម្ដីពីរោះ មុខញញឹមរាក់ទាក់ មិនរើសអើងទេ ហេតុអី មិនសរសើរពួកគាត់ផង ?

ត្រូវចាំថា មន្ទីរពេទ្យគន្ឋបុប្ផា គឺជាពេទ្យទេវតា ជួយសង្គ្រោះកុមារខ្មែររាប់លាននាក់ ដោយមិនគិតថ្លៃ សូម្បីតែអ្នកដែលមានផ្ទះនៅ ជុំវិញពេទ្យនេះ ក៏ក្លាយជាសេដ្ឋី ដោយការកស៊ីលក់ ម្ហូបអាហារ និងអីវ៉ា់ន់ផ្សេងៗទៀតផងដែរ។ បើយើងរិះគន់ដើម្បីស្ថាបនា ដើម្បីប្រយោជន៍រួម នោះអ្វីៗវានឹងកាន់តែល្អប្រសើរ មានកំលាំងចិត្តទាំងអស់គ្នាដែរ ។

ខ្ញុំយកកូនទៅគេង៨យប់នៅពេទ្យនេះ ខ្ញុំយល់អារម្មណ៍ បុគ្គលិកពេទ្យមានកាហត់នឿយណាស់ ព្រោះអ្នកជំងឺចូលទាំង យប់ ទាំងថ្ងៃ រកគ្រែដាក់គ្មានទេ ជាពិសេស អ្នកកំដរកូន ក្មួយ គាត់ភាគច្រើន មិនសូវជួយ សម្អាតបន្ទប់ទឹក បង្គន់ទេ ទោះបីមានធុងសំរាមឲ្យដាក់ហើយ ក៏ពួកគាត់ខ្ចិលដែរ ចោលកញ្ចប់ថង់ ផ្លាស្ទីក សំឡីអនាម័យ ខោទឹកនោមកូន រ៉ាយប៉ាយក្នុងបន្ទប់ទឹក មិនចេះជួយអំអាតគ្នាសោះ ទាំងនោះក៏ជាបញ្ហាដែលធ្វើឲ្យបុគ្គលិកពេទ្យហត់នឿយ មិនសប្បាយចិត្តដែរ សួរថាតើអ្នកណា ត្រូវប្រាប់អ្នកដដែលៗរាល់ថ្ងៃនោះ? សូមអ្នកជួយសម្អាត ទាំងអស់គ្នាផងទៅ បើមកដេកពេទ្យមិនអស់លុយផងនោះ»៕(អត្ថបទ៖និស្ស័យ)

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...