អ្នកទោសជិតប្រហារជីវិតសុំសរសេរបណ្ដាំចុងក្រោយផ្ញើជូនម្ដាយ អានហើយយល់ច្បាស់ការអប់រំកូន

Loading...

ផ្ញើជូនឪពុកម្ដាយទាំងអស់.. អ្នកទោសម្នាក់នៅពន្ធធនាគារ ត្រូវបានគេសួរសំណួរអំពីបំណងប្រាថ្នាចុងក្រោយ មុនពេលតុលាកាត់ទោសប្រហារជីវិត ដោយអង្គុយលើកៅអីអគ្គិសនី។ អ្នកទោសបានសុំប៊ិក និងសៀវភៅមក ដោយសរសេររៀបរាប់ ទៅកាន់ម្ដាយរបស់គាត់ថា៖

«អ្នកម៉ាក់ជាទីស្រលាញ់ ប្រសិនបើច្បាប់មានយុត្តិធម៌ពិតប្រាកដ ម៉ាក់ប្រហែលជាត្រូវអង្គុយជិតខ្ញុំ រង់ចាំការឆក់ជាមួយខ្ញុំបាត់ទៅហើយ ប៉ុន្តែចាប់តាំងពីច្បាប់ពុំមានយុត្តិធម៌ ខ្ញុំត្រូវបានកាត់ទោសជាឧក្រិដ្ឋជន ទាំងដែលយើងទាំង២នាក់បានប្រព្រឹត្តិរួមគ្នា។ ម៉ាក់ចាំទេ កាលដែលខ្ញុំចេះលួចជាលើកដំបូង? តើម៉ាក់ចាំទេ កាលខ្ញុំនៅមានអាយុ ៣ឆ្នាំ ខ្ញុំបានលួចស្ករគ្រាប់បងប្រុស? ម៉ាក់មិនបានណែនាំខ្ញុំទេ ខ្ញុំចាំច្បាស់ណាស់។ ហើយកាលខ្ញុំមានអាយុ ៥ឆ្នាំ នៅថ្ងៃមួយខ្ញុំបានលួចកូនឡានជ័ររបស់អ្នកជិតខាងយកមកលេង ហើយលាក់វានៅផ្ទះ ម៉ាក់ក៏មិនបាននិយាយអ្វីទាំងអស់។

ម៉ាក់ចាំបានទេ កាលខ្ញុំអាយុ ១២ឆ្នាំ ខ្ញុំបានលាក់បាល់របស់បងប្អូនជីដូនមួយនៅក្រោយផ្ទះ ពេលដែលគាត់មកលេងជាពួកយើងនៅឯផ្ទះយើង ម៉ាក់បាននិយាយថា ម៉ាក់មិនបានឃើញ ទាំងដែលម៉ាក់បានឃើញខ្ញុំយករួចទៅហើយ។ តើម៉ាក់ចាំកាលខ្ញុំត្រូវបានគេបណ្ដេញចេញពីសាលា នៅអាយុ ១៥ឆ្នាំទេ?

ប៉ាចង់ស្តីបន្ទោសហើយវាយខ្ញុំដើម្បីអប់រំ តែម៉ាក់មិនព្រម ហើយម៉ាក់បានឈ្លោះប្រកែកជាមួយប៉ាតឹងសរសៃកទៀតផង ព្រោះតែរឿងនេះ ដោយសារតែម៉ាក់តែងតែការពារខ្ញុំ ម៉ាក់បាននិយាយថា ខ្ញុំនៅក្មេងណាស់ ថែមទាំងនិយាយថា គ្រូទេជាអ្នកខុសដែលនិយាយថាខ្ញុំមិនចូលសាលា។

ម៉ាក់ការពារខ្ញុំ ម៉ាក់និយាយថាខ្ញុំធ្វើត្រូវ ទាំងដែលខ្ញុំកំពុងតែធ្វើខុស។ ម៉ាក់ពិតជាចាំច្បាស់ណាស់ ម៉ាក់បានឃើញខ្ញុំលួចកង់របស់អ្នកជិតខាង កាលខ្ញុំមានអាយុ ១៧ឆ្នាំ ម៉ាក់មិនបានរាយការណ៍ឲ្យនរណាម្នាក់ដឹងទេ តែម៉ាក់បែរជានៅស្ងៀម។ ម៉ាក់ពិតជាស្រលាញ់ខ្ញុំខ្លាំងណាស់! បាទពិតជាស្រលាញ់ខ្លាំងមែនទែន ប៉ុន្តែម៉ាក់មិនបានកែប្រែខ្ញុំទេ ផ្ទុយទៅវិញន័យពិតប្រាកដ ម៉ាក់មានតែបំផ្លាញខ្ញុំ ដោយសារតែខ្ញុំមិនដឹង មិនខ្លាចកំហុសខ្លួន សម្អាងលើឪពុកម្ដាយជាខ្នងបង្អែកជួយដោះស្រាយ ពេលកំហុសរីកធំ ម៉ាក់មិនអាចជួយបាន។

នោះគឺជាការចាប់ផ្ដើម រហូតដល់ថ្ងៃចុងក្រោយនៅថ្ងៃនេះ ជាពេលដែលខ្ញុំត្រូវបានតុលាការកាត់ទោសប្រហាជីវិតដោយអង្គុយលើកៅអីអគ្គិសនីឆក់ ចំពោះទោសកំហុសប្លន់ធនាគារ។ ខ្ញុំនៅក្មេងខ្ញុំគ្រាន់តែចង់បានការណែនាំល្អពីម៉ាក់ប៉ុណ្ណោះ ព្រោះនៅតូចខ្ញុំមិនសូវដឹងអ្វីខុសអ្វីត្រូវទេ ខ្ញុំតែងតែធ្វើតាមចិត្តរបស់ខ្ញុំ។ ពេលដែលម៉ាក់បានអានវាចប់ហើយ ខ្ញុំប្រហែលជាលាចាកលោកជារៀងរហូតហើយ»។

សូមជួយចែករំលែកទៅកាន់ឪពុកម្ដាយដែលស្រលាញ់កូនខ្លាំង មិនហ៊ានស្តីបន្ទោសកូន ហើយតែងតែការពារកូនទាំងដែលកូនធ្វើខុស ឲ្យពួកគាត់បានឃើញផង ព្រោះការស្រលាញ់បែបនេះវាមិនមែនជាការស្រលាញ់ពិតប្រាកដនោះឡើយ វាគឺជាការបំផ្លាញកូនទៅវិញទេ។ សារទាំងនេះក៏បានឆ្លុះបញ្ចាំងពីការរស់នៅក្នុងសង្គមមួយដែរ បើអ្នកយល់ថាសកម្មភាពណាខុស គួរតែរិះគន់កែលម្អជាមួយហេតុផលល្អៗ ខណៈនៅមានឱកាស កុំឲ្យហួសពេលទើបស្ដាយក្រោយដូចសាច់រឿងខាងលើ៕ (ប្រែសម្រួល៖និស្ស័យ Khmer Global)

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...