ឧកញ៉ាស្រីចាន់ថនស្កាត់ជួបនិស្សិតអច្ឆរិយៈហុងភារិនដល់ថៃ មុនជួបពិភាក្សាជាមួយភ្ញៀវវិនិយោគខ្លួន

Loading...

នា​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៩​នេះ លោក​ ឧកញ៉ា ស្រី ចាន់ថន ​មុន​នឹង​ទៅ​ជួប​ពិភាក្សា​ការងារ​ ជា​មួយ​ភ្ញៀវ​វិនិយោគទុន​ធំៗ ជន​ជាតិ​ថៃ លោក​ក៏​បាន​ស្កាត់​ជួប​កូន​ខ្មែរ​មួយ​រូប ដែល​មាន​សមត្ថភាព​បញ្ញា​ដ៏​អស្ចារ្យ ជា​មុន​សិន គឺ ប្អូន​ប្រុស ហុន ភារិន លោក​ក៏​បាន​ឲ្យ​ដឹង​ថា៖ ក្រៅ​ពី​ញាំ​កាហ្វេ នឹង​សំណេះ​សំណាល​អំពី​ការ​សិក្សា​រៀន​សូត្រ​របស់​ប្អូន​ផ្ទាល់ ថែម​ទាំង​ការ​ជជែក​គ្នា​អំពី​ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា ប្អូន​ប្រុស ហុង ភារិន មាន​ការ​រីក​រាយ​សប្បាយ​ចិត្ត​ ព្រោះ​ប្អូន​ប្រុស​កំពុង​សិក្សា​ផ្នែក​អភិវឌ្ឍ​ជន​បទ​ស្រាប់។

ទន្ទឹម​នេះ លោក​ឧកញ៉ា ស្រី ចាន់ថន ក៏​មាន​សេចក្ដី​រីករាយ ហើយ​ប្រាប់​ថា​ការងារ​នេះ ពិត​ជា​ត្រូវ​ចិត្ត​បង​ណាស់​ យើង​គួរ​រួម​គ្នា​ចូល​រួម​អភិវឌ្ឍ​ប្រទេស​ជាតិ​យើង ជា​ពិសេស​ជួយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការងារ​ធ្វើ ដើម្បី​កុំ​ឲ្យ​ពួក​គាត់​ចំណាក​ស្រុក​ មក​ធ្វើ​ការ​នៅ​ប្រទេស​គេ ក៏​ដូច​ជា​ជួយ​ប្អូន​ប្រុស និង​ក្រុម​គ្រួសារ ឲ្យ​មាន​ជីវភាព​ល្អ​ប្រសើរ​ជាង​មុន។

ក្នុង​នោះ​ដែរ ហុង ភារិន ក៏​បាន​ប្រាប់​លោក​ឧកញ៉ា​ថា ពេល​ប្អូន​រៀន​ចប់​នៅ​ប្រទេស​ថៃ នឹង​បន្ត​រៀន​នៅ​ក្រៅ​ប្រទេស​ថែម​ទៀត ក្រោយ​ចប់​សព្វ​គ្រប់​អស់ នឹង​ចូល​រួម​ជា​មួយ​លោក​ឧកញ៉ា ធ្វើ​ការងារ​រួម​ចំណែក​ដើម្បី​កសាង​អភិវឌ្ឍ​ប្រទេស​ជាតិ ដើម្បី​ជួយ​ដល់​សង្គម​ជាតិ​យើង ព្រោះ​ប្អូន​ប្រុស​ស្រលាញ់​លោក​ឧកញ៉ា​ដូច​ជា​បង​ប្រុស​បង្កើត ព្រោះ​បាន​រាប់​អាន​គ្នា ស្គាល់​គ្នា​យូរ​ហើយ​តាម​រយ:​ការងារ​អំពើ​ល្អ​ និង​ការងារ​មនុស្ស​ធម៌ ដែល​ជា​និច្ច​កាល លោក​ឧកញ៉ា បាន​ជួយ​មនុស្ស​ជា​ច្រើន​ដោយ​មិន​បាន​រើស​អើង​និង​គណបក្ស​នយោបាយ​ណា​ឡើយ គឺ​ជួយ​តាម​ទឹក​ចិត្ត​មនុស្ស​ធម៌។

លោក​ឧកញ៉ា ស្រី ចាន់ថន បាន​បញ្ចេញ​ទស្សន:ថា៖ សម្រាប់​រូប​ខ្ញុំ​ផ្ទាល់ ពិត​ជា​អស្ចារ្យ រំភើប និង​មាន​មោទនភាព​ណាស់ សម្រាប់​ប្អូន​ប្រុស ហុង ភារិន អាយុ​ត្រឹម​តែ​២២​ឆ្នាំ ដែល​កំពុង​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ ជ័យ ភូមិ ប្រទេស​ថៃ បាន​ចូល​រួម​បង្ហាញ​សមត្ថភាព​ពិសេស នៃ​ការ​ធ្វើ​តេស្ត​សមត្ថភាព​នៃ​ការ​ចង​ចាំ ក្នុង​កម្ម​វិធី Super100 របស់​ស្ថានីយ​ទូរទស្សន៍​ថៃ​មួយ​ឈ្មោះ Workpoint Enterntainment។

ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​រូប​ប្អូន​ប្រុស ហុង ភារិន ផ្ទាល់ ខ្ញុំ​សូម​ចូល​រួម​ជួយ​ជា​ថវិកា​ជូន​ប្អូន​ចំនួន​៤​លាន​រៀល​ផង​ដែរ សម្រាប់​ជួយ​សម្រួល​ដល់​ការ​សិក្សា​របស់​ប្អូន​បន្ត​ទៀត​តាម​ការ​សន្យា​នា​ពេល​កន្លង​មក។ សូម​បញ្ជាក់​ផង​ដែរ​ថា រឿង​ប្អូន​ប្រុស ហុង ភារិន ចូល​សញ្ជាតិ​ថៃ​នោះ គឺ​មិន​មែន​ជា​ការ​ពិត​ ដូច​ព័ត៌មាន​លេច​ឮ​នោះ​ទេ គ្រាន់​តែ​ល្បី​តៗ​គ្នា តែ​ប៉ុណ្ណោះ៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...