អ្នកជាប់ក្នុងកន្លៀតថ្ម យកចេញបានហើយ ក្រោយយកវត្ថុបុរាណ២ប្រភេទ ជូនបារមីភ្នំវិញ

Loading...

​ជន​រងគ្រោះ​ដែល​ជាប់​ក្នុង​កន្លៀត​រូង ​ត្រូវ​បាន​ជួយ​សង្គ្រោះ​​ពី​កន្លែង​ជាប់​ហើយ​នៅ​​ល្ងាច​ម៉ោង​ប្រមាណ​ ៦​កន្លះ​ថ្ងៃ​ទី ៧សីហា ឆ្នាំ ២០១៩។

​តាម​ប្រភព​​ពី​សាច់​ញាតិ​​​​ជន​រងគ្រោះ​ ​អះអាង​ថា ​​ជនរងគ្រោះ​បាន​​យក​កង​ដៃ​បុរាណ​ចំនួន​១០ ​ប្រភព​ខ្លះ​ថា​កង​ធ្វើ​ពី​ថ្មកែវ ខ្លះ​ថា​ធ្វើ​ពី​លង្ហិន និង​ឆ្អឹង​បុរាណ​មួយ​ចំនួន​ទៀត​ពណ៌​សថ្លា​ដូច​ភ្លុក​ដំរី។ ​បង​ប្អូន​សាច់​ញាតិ ​និង​អ្នក​ភូមិ​បាន​ធ្វើ​ពិធី​លា​បំណន់ ​និង​សុំ​ខមាល​ទោស​ដែល​ជន​រងគ្រោះ​យក​វត្ថុ​បុរាណ​ទាំង​នោះ​មក​ទុក​នៅ​ផ្ទះ។ ​ក្រោយ​មកលោក​​អភិបាល​​ស្រុក​ បាន​កង​និង​ឆ្អឹង​បុរាណ​នោះ​​ឡើង​ទៅ​ខាង​លើ រក​កន្លែង​ដើម​វិញ។ ​ចំណែក​​ប្រពន្ធ​របស់​ជន​រងគ្រោះ​​បាន​​និយាយ​ប្រាប់​ថា ​​កាល​មិន​ទាន់​រក​ប្ដី​ឃើញ ​គាត់​បាន​យល់សប្ដិ​ឃើញ ​គេ​ឲ្យ​យក​កង​ទាំង​នោះ​ទៅ​រក្សា​ទុក​កន្លែង​ដើម​វិញ​ផង​ដែរ។

តាម​ប្រភព​ដដែល​អះអាង​ថា ​ដំបូង​ឡើយ ​គេ​បាន​យក​កង​ចំនួន ៩ មក​ធ្វើ​ពិធី​លា​បំណន់ ​រួច​ក៏​ស្រាប់​តែ​ដោះ​ខ្លួន​រងគ្រោះ​បាន តែ​នៅ​ជាប់​ក្បាល ក្រោយ​មក​ប្រពន្ធ​ជន​រងគ្រោះ​ក៏​នឹក​ឃើញ​នៅ​កង​មួយ​ទៀត​ដែលខ្លួន​​យក​ទុក​នៅ​វត្ត ​ហើយ​ក៏​ទៅ​យក​ពី​វត្ត មក​កន្លែង​ពិធី​ ទើប​អាច​រំកិល​​ក្បាល​ភ្លាម​បាន​​តែ​ម្ដង។ ​​​តែ​យ៉ាង​ណា នេះ​​​គ្រាន់​តែ​ជា​ជំនឿ​អរូបិយ​​ដែល​​បាន​ធ្វើ​ស្រប​គ្នា​ជាមួយ​ក្រុម​សង្គ្រោះ​ប៉ុណ្ណោះ។ ​អ្នក​ដែល​បាន​​ជួយ​​យក​ចេញ​ពិត​ប្រាកដ ​​ជា​ក្រុម​ជំនាញ​សង្គ្រោះ​​ និង​កង​កម្លាំង​ទៅ​វិញ​ទេ។

ជន​រងគ្រោះ​មាន​ឈ្មោះ បូរ៉ា ​អាយុ ២៧​ឆ្នាំ រស់​នៅ​ភូមិ​ទឹកថ្លា ឃុំ​អង្គរ​បាន ស្រុក​សំពៅ​លូន ​ខេត្តបាត់ដំបង ​បាន​បាត់​ខ្លួន​តាំង​ពី​ថ្ងៃ​ទី ៤ សីហា ឆ្នាំ ២០១៩ ​ហើយ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​មាន​សមត្ថកិច្ច និង​អ្នក​ភូមិ​ប្រុស​ស្រី​ចែក​គ្នា​ដើរ​រក​ទើប​ប្រទះ​ឃើញ​នៅ​យប់​ថ្ងៃ​ទី ៦ សីហា ក្នុង​ស្ថានភាព​ស្គម​ស្គាំង​គួរ​ឲ្យ​សង្វេគ។

បើ​តាម​ប្រភព​ពី​ម្តាយ​ជនរង​គ្រោះ​បាន​ឲ្យដឹង​ថា​មុន​ថ្ងៃ​កើត​ហេតុ​នៅថ្ងៃ​ទី ៤ សីហា ឆ្នាំ ២០១៩​ ម៉ោង​៥​ព្រឹក​​ជនរងគ្រោះ​បាន​ចេញ​បាត់​ពីផ្ទះ​គ្មាន​ដំណឹង រយៈ​ពេល ៣​ថ្ងៃក្រោយ ​ទើប​មាន​ការ​ផ្អើល​ឆោឡោ​ដើរ​រក​រហូត​មក​ដល់ថ្ងៃ​ទី ៦ សីហា វេលា​ម៉ោង១០​យប់ទើប​រកឃើញ​ជាប់ក្នុងរូង​ភ្នំ។

ជនរង​គ្រោះ​នៅនិយាយ​បាន​នៅឡើយ​ហើយ​បាន​ប្រាប់ថា ​ខ្លួន​បាន​កើប​អាចម៌​ប្រចៀវ ភ្លាមនោះ​ក៏​បាន​ជ្រុះកែវ​ពិល ហើយ​ខ្លួនក៏​បាន​ដើររ​ក ក៏​រអិលធ្លាក់​ជាប់​ក្នុងកន្លៀត​ថ្ម​ថយ​ក៏​អត់រួ​ច ស្ថិត​នៅ​ជួរភ្នំ​ចក្រី ភូមិ​ក្បាល​ហុង ឃុំបារាំងធ្លាក់ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់​ដំបង៕ អត្ថបទ៖​ជាតិបុត្រ

 

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...