ឃាត់ខ្លួនមនុស្ស៥នាក់ពីបទឆបោកដើរចង្អុលដីអ្នកដទៃលក់ប្រើប្លង់ក្លែងក្លាយ

Loading...

ក្រុម​ជន​សង្ស័យ​ចំនួន​៥​នាក់​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធហត្ថ​មូល​ដ្ឋាន​ស្រុក​ឧដុង្គ សំរោង​ទង និង កម្លាំង​នៃ​មន្ទីរ​យុត្តិធម៌ ដឹក​នាំ​កម្លាំង​ដោយ​លោក​វរសេនីយ៍ទោ ទិត្យ វណ្ណះ ប្រធាន​មន្ទីរ​យុត្តិធម៌ ដោយ​បាន​ធ្វើ​ការ​សម្របសម្រួល ពី​លោក​ស្រី ចាត សូរស្មី ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ​ធ្វើ​ការ​ឃាត់​ខ្លួន នៅ​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០១៩ នៅ​ជាប់​ផ្លូវ​លេខ៥១ ស្ថិត​នៅ​ភូមិ​អំពិលរូង ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ពី​បទ​ឆបោក ដើរ​ចង្អុល​ដី​គេ​លក់ ប្រើ​ប្លង់​ក្លែងក្លាយ។

ជន​សង្ស័យ​ទាំង​៥​រូប​នោះ​មាន​ឈ្មោះ ទី១.ឈ្មោះ នួន វណ្ណា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខ​របរ​បុគ្គលិក​ក្រុមហ៊ុន សុខ​រដ្ឋា អចល​ទ្រព្យ មាន​ទី​លំ​នៅ​ភូមិ​ជើង​ស្រុក ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ទី២.ឈ្មោះ តន់ សុផាន់ណានិន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខ​របរ​កម្មករ រោងចក្រ មាន​ទី​លំនៅ​ភូមិ​ព្រៃភក្តី ឃុំ​ព្រៃពួច ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ទី៣.ឈ្មោះ ភោគ សានិន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ មាន​ទី​លំ​នៅ​ភូមិ​កំបូល សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ទី៤.ឈ្មោះ ច្រឹក ចិត្រា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខ​របរ​លក់​ដូរ មាន​ទី​លំ​នៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​គោក​ឃ្លាង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ទី៥.ឈ្មោះ ហ៊ាង អេងទ្រី ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ​ មាន​ទី​លំនៅ​ភូមិ​ត្រពាំង​ជើង សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

កម្លាំង​បាន​ដក​ហូត វត្ថុ​តាង​សម្ភារៈ​មាន​៖ ១–ប្រាក់​ដុល្លា ចំនួន​០៥​ម៉ឺន​ដុល្លារ ២–អត្តសញ្ញាណប័ណ្ណ​០៤​សន្លឹក ៣–កិច្ច​សន្យា​កក់​ប្រាក់​០១​សន្លឹក ៤–លិខិត​ប្រគល់ ទទួល​ប្រាក់​០១​សន្លឹក លិខិត​ក្រុមហ៊ុន សុខ​រដ្ឋា ខេមបូឌាប្រជីធី អ៊ីនវេសមិន​ឯ.ក ០១​សន្លឹក ៥–ឯកសារ​ដី​០១​ច្បាប់ ​ស្មើ​០៦​សន្លឹក​ទំហំ​ដី ១៧៥២៥៦ម៉ែត្រការ៉េ ឬ​ជាង​១៧ហិចតា​ស្ថិត​នៅ​ភូមិ​ប្រកិល ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ៦–រថយន្ត​០១គ្រឿង ម៉ាក​ហាយ​ឡេនដឺ ពណ៌ស ស៊េរី​ឆ្នាំ​២០០១ ស្លាក​លេខ ភ្នំពេញ.2Z.2321៧–ទូរស័ព្ទ​ដៃ​០៨​គ្រឿង។

បច្ចុប្បន្ន​ជន​សង្ស័យ​រួម​ទាំង​​វត្ថុ​តាង​សម្ភារៈ​ទាំង​អស់ បាន​បញ្ជូន​មក​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត ដើម្បី អនុវត្ត​តាម​នីតិវិធី​ច្បាប់។ បញ្ជាក់៖ ជន​ទាំង​៥​នាក់​នេះ​បាន​យក​ដី​អ្នក​ដទៃ​ទៅ​លក់​ដោយ​ម្ចាស់​ដី​បាន​ដឹង​ហើយ​ប្តឹង​មក​កម្លាំង​ជាក់​ស្តែង​ពេល​កំពង់​ប្រគល់​ប្រាក់៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...