កំពូលចោរគាស់ដំបូល ប្រើខ្សែទម្លាក់ខ្លួនដូចរឿងកុន លួចទូរស័ព្ទទំនើប៦៧គ្រឿង គេចខ្លួនបាត់

Loading...

កើត​ហេតុថ្ងៃទី០៣.០៨.២០១៩ វេលា​ម៉ោង០១.០០នាទី នៅចំណុច​ក្នុងហាង​លក់ទូរស័ព្ទ​យីហោ ឆាយ​ហេង​ថ្មី ជាប់​ផ្លូវ២១ ភូមិព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ។

ជនរង​គ្រោះ០១នាក់៖ ឈ្មោះ​ជុំ ប៉ូអាន ភេទប្រុស​ អាយុ២៧ឆ្នាំ ទីលំ​នៅភូមិព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល មុខ​របរ ​លក់ទូរស័ព្ទ​។ ​ជនស​ង្ស័យ​០១នាក់៖ មិនស្គាល់​អត្តសញ្ញាណ(គេចខ្លួន)ភិន​ភាគ ភេទប្រុស ​អាយុប្រហែល​៣០ឆ្នាំ រាង​ធាត់ គូថ​រៀង​ទយ មាន​ពុកមាត់ កំពស់​ប្រហែល​១៧០សង់​ទី​ម៉ែត្រ ពាក់​អាវយឺត​ដៃខ្លី​មាន​ផ្ទាំង​រូបខាង មុខនិង​ខាងក្រោយ ​ស្លៀកខោក្រណាត់​ជើងខ្លី ​(យកអាវឃ្លុំមុខ)​។

សំភារៈ​បាត់បង់៖​ទូរស័ព្ទ​ស៊េរីទំនើប ៦៧​គ្រឿង(​មានម៉ាក​ iPhone +ម៉ាក​Samsung+ម៉ាក Oppo+​ម៉ាកHuawei) គិត​ជាទឹកប្រាក់​ប្រហែល​១ម៉ឺនដុល្លារ​។ សភាព​នៃរឿង​ហេតុ៖ កាលពីវេលា​កើតហេតុ​ខាងលើ ជនរង​គ្រោះព្រម​ទាំងក្រុម​គ្រួសារ បានដេក​លង់លក់​នៅជាន់​ឡៅតឿ ​និង​ជាន់​ទី១ ដោយផ្ទះ​ជនរងគ្រោះ​មាន ៣ជាន់​ជាផ្ទះល្វែង រីឯ​ជាន់ផ្ទាល់ដី ដាក់​តាំងលក់​ទូរស័ព្ទ គ្មាន​អ្នកដេក​យាម​ឡើយ។

តាម​រយៈឆែក​កាម៉េរាសុវត្ថិភាព ឃើញ​មានជនសង្ស័យ​ម្នាក់ដែល​មានភិនភាគ​ដូចខាង​លើ បាន​ធ្វើសកម្មភាព​គាស់​ដំបូល​ផ្ទះ ទម្លុះ​ពិតាន ទម្លាក់​ខ្លួនចុះមក​ជាន់ផ្ទាល់ដី ហើ​យធ្វើ​សកម្មភាព​រើ កកាយ​ទូរយក​ទូរស័ព្ទ ហើយគេច​ខ្លួនបាត់​ទៅ​ដោយ​សុវត្ថិភាព​។

ក្រោយ​ទទួលបាន​ព័ត៌មាន ករណីនេះផ្នែក​យុត្តិធម៌ក្រុង​តាខ្មៅ សហការ​ជាមួយ ការិយាល័យ​ព្រហ្មទណ្ឌកំរិត​ស្រាល​ខេត្តកណ្តាល លោក​នាយប៉ុស្តិ៍តាខ្មៅ បានចុះ​ដល់កន្លែង​កើតហេតុ ដើម្បីស្រាវ​ជ្រាវកំណត់​រកមុខសញ្ញា​ដើម្បីបន្ត​ចាត់ការតាម​នីតិវិធី៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...