ស្ពានបេឡេឬស្សីកែវ នឹងបើកឲ្យចរាចរណ៍ដូចធម្មតាវិញហើយនៅថ្ងៃស្អែក ក្រោយផ្អាកមួយរយៈធំ

Loading...

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភ័ក្ដី បានឱ្យដឹងនៅថ្ងៃអង្គារ ១៤រោច ខែអាសាឍ ​ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ថា ស្ពានបេឡេឫស្សីកែវឆ្លងកាត់ទន្លេសាបចំណុចឃ្លាំងសាំងក្រុមហ៊ុនសូគីមិច នឹងបើកឱ្យប្រជាពលរដ្ឋ ធ្វើចរាចរជាធម្មតាឡើងវិញនៅវេលាម៉ោង ៨ៈ០០ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះតទៅក្រោយពីបានផ្អាកមួយរយៈពេលដើម្បីធ្វើការថែទាំ ជួសជុល និងត្រួតពិនិត្យលក្ខណៈបច្ចេក ទេសរួចមក ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ពានដែកបេឡេតភ្ជាប់ពីផ្លូវជាតិលេខ៥ ស្ថិតនៅខណ្ឌឫស្សីកែវទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារស្ថិតនៅខណ្ឌជ្រោយចង្វារ រាជ ធានីភ្នំពេញ ត្រូវបានដាក់ឱ្យដំណើរការអស់រយៈពេលប្រមាណ០១ឆ្នាំមកហើយ។ ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្ពានដែកបេឡេឱ្យស្របតាមបទដ្ឋានបច្ចេកទេសនោះ ទើបរដ្ឋបាលរាជធានីភ្នំពេញត្រូវការថែទាំ ជួសជុល និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសរបស់ស្ពានដែកបេឡេនេះ រួមមាន គ្រឿងបង្គំស្ពានផ្នែកខាងលើ និងផ្នែកសសរទម្រស្ពាន ។ ក្រោយពីបានផ្អាកមួយរយៈពេលដើម្បីធ្វើការថែទាំជួសជុល និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានសម្រេចបើកឱ្យ​ធ្វើចរាចរណ៍ជាធម្មតាឡើងវិញនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការការផ្អាកជាបណ្តោះអាសន្ន នូវការធ្វើចរាចរណ៍ឆ្លងកាត់ស្ពានដែកបេឡេឆ្លងកាត់ទន្លេសាបស្ថិតនៅខណ្ឌប្ញស្សីកែវ និងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ដើម្បីថែទាំជួសជុលនិងត្រួតពិនិត្យ លក្ខណៈបច្ចេកទេសស្ពាន។ ស្ពាននេះមានប្រវែង ៥០៦ម៉ែត្រ ទទឹង១២ម៉ែត្រ តភ្ជាប់ពីខណ្ឌឫស្សីកែវ មកខណ្ឌជ្រោយចង្វារ សម្រាប់ជួយសម្រួលចរាចរណ៍នៅស្ពានជ្រោយចង្វារ និងស្ពានព្រែកព្នៅ ៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...