ពីក្មេងកំព្រា លក់ក្រោមឆត្រ ក្លាយជាម្ចាស់ក្រុមហ៊ុន ចែកពានរង្វាន់ដល់នារីខ្មែរជាច្រើន

Loading...

នៅ​រសៀល​ថ្ងៃ​ទី២៧ ខែ​កក្កដា ឆ្នាំ​២០១៩​ ម្សិលមិញនេះ ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនដីង ខូអិលធីឌី បាន​រៀប​ចំ​កម្មវិធី​ចែក​រំលែក​បទ​ពិសោធន៍ និង​ប្រគល់​ពាន​រង្វាន់​ដល់​នារី​ជា​ច្រើន ដែល​ជា​អ្នក​លក់​ឆ្នើម​នៃ​ផលិត​ផល NNP។ កម្មវិធី​នេះ​ធ្វើ​ឡើង​នៅ​អគារ A នៃ​សាល The Premier Centre Sen Sok ដែល​មាន​អ្នក​ចូល​រួម​ជាង ១០០០នាក់​មក​ពី​គ្រប់​ខេត្ត រាជធានី ទូទាំង​ប្រទេស​កម្ពុជា។

អ្នកស្រី ទ្រី ដាណា ដែល​ជា​អគ្គ​នាយិកា ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនដីង ខូអិលធីឌី បាន​ឱ្យ​ដឹង​ថា នេះ​ជា​លើក​ទី១ ហើយ ដែល​ក្រុមហ៊ុន​របស់​អ្នក​ស្រី បាន​បង្កើត​កម្មវិធី​ជួប​ជុំ​ទ្រង់​ទ្រាយ​ធំ​បែប​នេះ​ឡើង បន្ទាប់​ពី​ឃើញ​អ្នក​តំណាង​ចែក​ចាយ​តាម​ខេត្ត​ថ្មី ទទួល​បាន​ភាព​ជោគជ័យ​ខ្លាំង លើ​ការ​ជំនួញ​របស់​ខ្លួន។ អគ្គ​នាយិកា​រូប​ស្រស់​បាន​បញ្ជាក់​​ទៀត​ថា ការ​ជួប​ជុំ​លើក​នេះ គឺ​ដើម្បី​ផ្លាស់​ប្ដូរ​បទពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក ក៏​ដូច​ជា​ចែក​រំលែក​វិធីសាស្ត្រ​ក្នុង​ការ​ធ្វើ​ជំនួញ​ផង​ដែរ។

ឆ្លៀត​ក្នុង​ឱកាស​នេះ អ្នក​ស្រី ទ្រី ដាណា បាន​រៀប​ចំ​កម្មវិធី​ប្រគល់​ពាន​រង្វាន់ ដល់​អ្នក​លក់​ឆ្នើម​ជាង ១០០​នាក់ ដែល​សុទ្ធតែ​ជា​អ្នក​ជោគ​ជ័យ​ក្នុង​មុខ​ជំនួញ និង​បាន​កែ​ប្រែ​ជីវិត​របស់​ខ្លួន​យ៉ាង​ឆាប់​រហ័ស។ ក្នុង​នោះ ក៏​មាន​ម្ចាស់​ពាន​រង្វាន់ ៣នាក់ ដែល​បង្ហាញ​ភាព​លេច​ធ្លោ​ជាង​គេ ក៏​ត្រូវ​បាន​ផ្ដល់​ឱកាស​ឱ្យ​ចែក​រំលែក​បទ​ពិសោធ និង​ជីវិត​របស់​ខ្លួន រហូត​ទទួល​បាន​ជោគ​ជ័យ​ដូច​បច្ចុប្បន្ន​ផង​ដែរ។

ក្នុង​ពេល​ចែក​រំលែក​បទ​ពិសោធន៍ អ្នក​ស្រី ទ្រី ដាណា បាន​លើក​ឡើង​ពី​ជីវិត​ពិត​របស់​អ្នក​ស្រី ដែល​ត្រូវ​គេ​មើល​ងាយ និង​តស៊ូ​លំបាក​គ្រប់​បែប​យ៉ាង​មុន​ក្លាយ​ជា​ម្ចាស់​ក្រុមហ៊ុន​ដូច​ថ្ងៃ​នេះ។ អ្នក​ស្រី​បាន​និយាយ​ដូច្នេះ​ថា៖ “ពី​មុន​ខ្ញុំ​ធ្លាប់​ត្រូវ​គេ​បដិសេធ មិន​ឱ្យ​យក​ឥវ៉ាន់​លក់ ព្រោះ​ខ្លាច​ជំពាក់​មិន​សង ពេល​លក់​មិន​ដាច់។ ពេល​នោះ​ខ្ញុំ​មិន​ខឹង​គេ​ទេ តែ​ខ្ញុំ​បាន​ប្រាប់​ខ្លួន​ឯង ត្រូវ​ខំ​ប្រឹង​ជានិច្ច ហើយ​​តែង​សង្ឃឹម​ថ្ងៃ​ណា​មួយ ជីវិត​នឹង​ផ្លាស់ប្ដូរ។”

អ្នក​ស្រី​បាន​និយាយ​ទៀត​ថា៖ “គ្រប់​យ៉ាង​ដែល​មាន​នៅ​ថ្ងៃ​នេះ មិន​មែន​ជា​រឿង​ចៃដន្យ​ទេ គឺ​ជា​អ្វី​ដែល​ខ្ញុំ​បាន​គិត​ទុក ហើយ​ថែម​ទាំង​ខំ​ប្រឹង​ធ្វើ​វា​រាល់​ថ្ងៃ ដើម្បី​ឱ្យ​ចេញ​លទ្ធផល។ អំឡុង​ពេល​គ្រប់​គ្នា​កំពុង​ដើរ ខ្ញុំ​បាន​ព្យាយាម​រត់ រត់​ដើម្បី​ចាប់​ឱកាស ព្រោះ​ដឹង​ថា​ឱកាស​មិន​មែន​ចេះ​តែ​កើត​ឡើង​ងាយៗ​នោះ​ទេ។ បើ​គិត​ហើយ គ្មាន​សកម្មភាព នោះ​លទ្ធផល​ក៏​មិន​ចេញ​មក​ដែរ។ ជឿ​ខ្ញុំ​ចុះ អនាគត​មើល​មិន​ឃើញ​ទេ ហើយ​ក៏​មិន​អាច​មើល​ងាយ​​អនាគត​អ្នក​ណា​ម្នាក់​បាន​ដែរ។”

ជាមួយ​គ្នា​នេះ​ដែរ អ្នក​ស្រី ទ្រី ដាណា ក៏​បាន​ផ្ដាំ​ដល់​នារី​ខ្មែរ​ទាំង​អស់ ត្រូវ​ពង្រឹង​សមត្ថភាព​ផ្ទាល់​ខ្លួន ត្រូវ​មាន​ការងារ ឬ​របរ​រក​ស៊ី​ណា​មួយ​សម្រាប់​ខ្លួន​ឯង មិន​គួរ​ពឹង​តែ​លើ​ប្រាក់​ខែ ឬ​កម្លាំង​របស់​ប្ដី​ឡើយ។ អគ្គ​នាយិកា​ក្រុមហ៊ុន​គ្រឿង​សម្អាង និង​ជា​ម្ចាស់​ហាង​ពេជ្រ​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​ស្ត្រី​ខ្មែរ​ណា ទាល់​គំនិត មិន​ដឹង​រក​ស៊ី​អ្វី អាច​ទាក់​ទង​មក​អ្នក​ស្រី​បាន អ្នក​ស្រី​នឹង​ប្រាប់​ពី​របៀប​លក់ ហើយ​ចំណាយ​ដើម​ទុន​តិច​បំផុត៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...