ក្រសួងសុខាភិបាលបញ្ឈរជើងស្រ្តីពេទ្យភ្នែកដែលទះកំផ្លៀងអ្នកជំងឺនៅ​ខេត្តរតនគិរីរយៈពេល១ឆ្នាំ

Loading...

នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៩​ ក្រសួង​សុខាភិបាល​បាន​ចេញ​ប្រកាស​ស្ដី​ពី​ការ​ដាក់​ទណ្ឌកម្ម​ខាង​វិន័យ​ទៅ​លើ​គ្រូពេទ្យ​ខាងភ្នែក ​មួយ​រូប​ឈ្មោះ ណុប យ៉ុម ដែល​មាន​មុខ​ជំនាញ គិលានុបដ្ឋាយិកា​មធ្យម ដែល​មាន​ក្របខ័ណ្ឌ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​រតនគិរី​ ឲ្យ​ស្ថិត​នៅ​ក្នុង​ភាព​ទំនេរ​គ្មាន​ប្រាក់​បៀវត្ស​តាម​វិធាន​ការ​ខាង​វិន័យ​រយៈ​ពេល ​១​ឆ្នាំ គិត​ចាប់​ពី​ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០២០ ដោយ​រក្សា​ទុក​ក្រប​ខណ្ឌ​នៅ​អង្គភាព​សាម៉ី​ខ្លួន​ដដែល។

គួរ​រំលឹក​ផង​ដែរ​ថា មូល​ហេតុ​ដែល​ឈាន​ដល់​ការ​ដាក់​ពិន័យ​ដោយ​បញ្ឈរ​ជើង​គ្រូ​ពេទ្យ​ស្រី​ខាង​លើ​នេះ​ ដោយ​សារ​តែ​ពេទ្យ​ភ្នែក​រូប​នេះ បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​ជំងឺ ដែល​មក​ទទួល​សេវា នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​រតនគិរី ដោយ​ទះ​កំផ្លៀង ព្រោះ​តែ​ខឹង​អ្នក​ជំងឺ​គ្មាន​លុយ​បង់។ បើ​យោង​តាម​ការ​រៀប​រាប់​របស់​កូន​ប្រុស​របស់​ជន​រង​គ្រោះ និង​សាក្សី​ដែល​នៅ​កន្លែង​កើត​ហេតុ​បាន​បញ្ជាក់​ថា ហេតុការណ៍​អ្នក​គ្រូ​ពេទ្យ​ផ្នែក​ចក្ខុរោគ​នៃ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​រតនគិរី ទះ​កំផ្លៀង និង​ជេរ​ប្រមាថ​ម៉ាក់​ងាយ​ត្មះ​តេះដៀល អ្នក​ជំងឺ​ក្រីក្រ​​ដែល​ជា​ជន​ជាតិ​ដើម​ភាគ​តិច។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៩ ដោយ​ជង​រង​គ្រោះ​មាន ឈ្មោះ ប៉ះ ពាល អាយុ​៥៦​ឆ្នាំ ជន​ជាតិ​គ្រឹង មក​ពី​ភូមិ​ផាក់​ណាម​ ឃុំ​កោះពាក់​ស ស្រុក​វឺនសៃ​ខេត្ត​រតនគិរី។ សាក្សី​ដដែល​រៀប​រាប់​បន្ត​ថា ពេល​ជន​រង​គ្រោះ​ត្រូវ​បាន​កូន​នាំ​ទៅ​ពិនិត្យ​ជំងឺ​ភ្នែក នៅ​មន្ទីរ​ពេទ្យ​នេះ លោក​គ្រូ​ពេទ្យ​ប្រាប់​អាការៈ​ជំងឺ​គឺ​មាន​សភាព​ធ្ងន់ ហើយ​ត្រូវ​សំរាក​ព្យាបាល​ វះកាត់​ភ្នែក​រយៈ​ពេល​មួយ​អាទិត្យ ហើយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ក៏​យល់​ព្រម​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ។

ប៉ុន្តែ​អ្វី​ដែល​ជា​រឿង​ហួស​ចិត្ត​នោះ គឺ​ទៅ​ដល់​អាគារ​ផ្នែក​ភ្នែក​បាន​ជួប​និង​អ្នក​គ្រូ​ម្នាក់ សំដី​សំដៅ គ្មាន​សីលធម៌​វិជ្ជាជីវៈ​ជា​ពេទ្យ​សោះ សម្ដី​កោង​កាច តិះ​ដៀល​ប្រមាថ​ម៉ាក​ងាយ ថា​ពួក​អា​ជនជាតិ ល្ងីល្ងើ​ ភ្លី​ភ្លើ បិបឹៗ អា​ចុយ​ម្រាយ។ ដោយ​ភិន​ភាគ អ្នក​គ្រូ​គ្មាន​សីលធម៌​ម្នាក់​នេះ មាឌ​ល្អិត ស្គម​សម្បុរ​ស​ តែ​ថ្លើម​ធំ​ណាស់ ហ៊ាន​លើក​ដៃ​ទះ​កំផ្លៀង ឆ្វេង​ស្តាំ នឹង​វាយ​ដៃ ចាប់​ទាញ​ជើង​ដូច​ទាញ​អុស​ ខណៈ​ពេល​កំពុង​ធ្វើ​ការ​ពិនិត្យ​អ្នក​ជំងឺ។

តាម​សម្ដី​កូន​របស់​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា ម្តាយ​របស់​ខ្លួន​មាន​ជំងឺ គរ​ថ្លង់​ ពិការ​ភ្នែក​មើល​មិន​ឃើញ​ ហើយ​មិន​អាច​ស្តាប់ ចេះ​និយាយ​ភាសា​ខ្មែរ​ទេ ព្រោះ​គាត់​ជា​ស្រី​មេម៉ាយ ជន​ជាតិ​ដើម​ភាគ​តិច។ ស្រប​គ្នា​នេះ បើ​តាម​ការ​ស្តាប់​ពី​អ្នក​ជំងឺ និង​អ្នក​កំដរ​ផ្សេង​ទៀត ដូច​ជា​អ្នក​រស់​នៅ​ខេត្ត​រតនគីរី​ទាំង​មូល គេ​បាន​និយាយ​តៗ​គ្នា​ថា អ្នក​គ្រូ​ពេទ្យ​ម្នាក់​នេះ​គឺ​កាច​អាក្រក់​ណាស់ តែង​តែ​ជេរ ប្រមាថ​អ្នក​ជំងឺ មិន​សាក​សម​ទៅ​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់​គ្រូ​ពេទ្យ​ទាល់​តែ​សោះ៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...