បែកថ្នាំទៅអុកឡុកគេដល់ផ្ទះ ជំទាវជាម្ដាយជនបែកថ្នាំនៅតែប្តឹងទារសំណង ​៥ម៉ឺនដុល្លារទៀត(មានវីដេអូ)

Loading...

បុរស​ម្នាក់​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ Ry Azi​ ប្រកាស​ស្វែង​រក​យុត្តិធម៌ ក្រោយ​ពី​គ្រួសារ​របស់​គាត់​ត្រូវ​បាន​គេ​ប្តឹង​ទារ​សំណង​ដល់​ទៅ​ ៥០ ០០០$ ពាក់​ព័ន្ធ​ករណី​បង​ប្រុស​របស់​លោក ដេញ​​ជន​បែក​ថ្នាំ​ម្នាក់​ដោយ​​ប្រើ​ដង​អំបោសវាយ ព្រោះ​ជន​នោះ​បែក​ថ្នាំ​ ​តែង​តែ​មក​ទាត់​ធាក់​ទ្វា​ររបង​ផ្ទះ​របស់​បង​​លោក ​ហើយ​គំរាម​រក​រឿង​ជា​ច្រើន​លើក​ច្រើន​សារ ទើប​បង​ប្រុស​នោះ​​ទ្រាំ​មិន​បាន ​​វាយ​ទៅ​លើ​ជន​​នោះ​តែ​ម្តង​។

តាម​រយៈ​គណនី​ខាង​លើ​បាន​សរសេរ​រៀប​រាប់​ឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ជួយ​ពិចារណា ហើយ​ឲ្យ​ជួយ​រក​យុត្តិធម៌​ដល់​គ្រួសារ​លោក​ថា៖ «សូម​បង​ប្អូន​ និង​មិត្តៗ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជួយ​ពិចារណា និង​រក​យុត្តិធម៌​ដល់​គ្រួសារ​ខ្ញុំ​ផង លោក​ជំទាវ​ដែល​ត្រូវ​ជា​ម្តាយ​ជន​បែក​ថ្នាំ គាត់​បាន​បន្ត​ដាក់​ពាក្យ​បណ្ដឹង​ទាម​ទារ​​សំណង ៥០ ០០០$ ​(ប្រាំ​ម៉ឺន​ដុល្លារ)​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទំងន់​ទោស​ទៅ​សាលា​ឧទ្ធរណ៍​មក​លើ​បង​ប្រុស​របស់​ខ្ញុំ ទោស​នេះ​ដែល​អាច​ជាប់​ពន្ធ​ធនាគារ​ពី ​៦​ខែ ទៅ​៥​ឆ្នាំ។

រឿង​ហេតុ៖ ជន​​បែក​ថ្នាំ​តែង​មក​ធាក់​ទ្វារ​​ផ្ទះ​របស់​ខ្ញុំច្រើន​លើក​ច្រើនសារ រហូត​ដល់​បង​ប្រុស​របស់​ខ្ញុំ​ទ្រាំ​លែង​បាន ក៏​យក​ដង​អំបោស​វាយ​ក្បាល​ជន​រង​គ្រោះ​បែក​ថ្នាំ​នោះ សូម​ជួយ​មើល​វីដេអូ ភស្តុតាង​ខាង​ក្រោម​ខ្លះៗ បង​ប្រុស​របស់​ខ្ញុំ​ព្យាយាម​ឲ្យ​ជន​រង​គ្រោះ​វិល​ត្រឡប់​ទៅ​វិញ ឯ​ជន​រង​គ្រោះ​បែក​ថ្នាំ​ឡើង​ស្អុយ​ង៉ោង​ចូល​មក​ស្រែក​គំរាម ​និង​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​ក្រុម​គ្រួសារ​របស់​ខ្ញុំ រហូត​ដល់​បង​ស្រី​ និង​ក្មួយ​ស្រី​ដែរ​មាន​អាយុ​ជាង ​១០​ថ្ងៃ​ត្រូវ​សំរាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។

ពេល​ជន​នោះ​ចេញ​ពី​ពេទ្យ​ថត​ឡាយ​បង្ហោះ​ធម្មតា ហើយ​លោក​ជំទាវ​ដែល​ត្រូវ​ជា​ម្តាយ​វា​វិញ​ប្តឹង​ដល់​ក។ គណនី​ខាង​លើ​បាន​បន្ត​ទៀត​ថា ខ្ញុំ​​​ពិត​ជា​មាន​កា​ឈឺ​ចាប់​ខ្លាំង​ណាស់ ដែល​ក្រុម​គ្រួសារ​របស់ខ្លួន​បាន​ជួប​គ្រោះ​ដោយ​មនុស្ស​បែក​ឆ្កួត​មក​អុក​ឡុក​ដល់​ផ្ទះ បង​ប្រុស​របស់​ខ្ញុំ​ត្រូវ​ចាប់​ឃុំ​ឃាំង ចំណែក​ក្មួយ​ស្រី​ទើប​កើត​មាន​អាយុ​ជាង​ដប់​ថ្ងៃ​ និង​ម្តាយ​សរសៃ​ខ្ចី​ត្រូវ​សំរាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ក្មួយ​ស្រី​ទី​មួយ​ត្រូវ​ប្រលង បែរ​ជា​នៅ​កំដរ​ម្តាយ អា​នរក​បែក​ឆ្កួត​នោះ​មាន​បាប​ធ្ងន់​មក​លើ​ពួក​ខ្ញុំ។ សូម​បញ្ជាក់​ថា ​បង​ប្រុស​របស់​ខ្ញុំ​សុខ​ចិត្ត​ទទួល​ទោស ​មិន​ឲ្យ​សូម្បី​មួយ​សេន តែ​អានរក​នោះ​វា​ក៏​ត្រូវ​ទទួល​ទោស​ដែរ។

កូនគាត់​បែក អុកឡុក​គេ​អត់​យក​ទៅ​អប់រំ​កែប្រែទេ​ ថែម​ទាំងកាន់​ជើង​កូនគាត់​ទៀត​ អាស្អី​កាហ្នឹង​ខូច​ណាស់ ពួក​ខ្ញុំមក​រស់ភ្នំ​ពេញ​នេះ​ជាង១០ឆ្នាំ​ហើយ​មិនដែល​មាន​បញ្ហា​ជាមួយ​អ្នក​ណា​ទេ ទើប​លើក​នេះ​បង​ប្រុសខ្ញុំ​ទប់ចិត្ត​មិនបាន​ជាមួយជន​នេះ​ វាធាក់​ទ្វារទាំ​យប់​ទាំង​ថ្ងៃដូច្នេះ​នោះ»។ បើ​និយាយ​ពីការ​ប្ដឹង​វិញ គ្រួសារ​ខាង​លើ​អះអាង​ថា ប្ដឹង​រាប់​មិន​អស់មក​ហើយ​ តែ​​សមត្ថកិច្ច​​ហាក់​ខ្លាច​បារមី​​គ្រួសារ​ជន​បែក​ថ្នាំ ទើប​មិន​អាច​ជួយ​ពួក​គាត់​ទាល់​តែ​សោះ។ ទោះ​យ៉ាងណា ​​​គ្រួសារ​ដើម​បណ្ដឹង​​មិន​ទាន់​ឃើញ​​មាន​ប្រតិកម្ម ឬ​បក​ស្រាយ​ការ​ចោទ​ប្រកាន់​ខាង​លើ​បាន​នៅ​ឡើយ​ទេ៕ (អត្ថបទ៖និស្ស័យ)

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...