នាយក្រុមស៊ើបការណ៍អង្គភាព វរៈសេនាតូចកាំភ្លើង យោធភូមិភាគ១ កាំភ្លើងធំ ឈរជើងនៅអូកុក ព្រំដែនខ្មែរឡាវ រួមទាំងមិត្តភក្តិម្នាក់ទៀត បានជិះម៉ូតូឌុបមិត្តភក្តិដែលមានជំងឺទៅមន្ទីរពេទ្យ តែអកុសល ខណៈកំពុងជិះឆ្លងកាត់លើផ្លូវដី ដែលឆ្លងមាត់ផ្លូវទឹក ដែលមានទឹកហូរកួចខ្លាំងនោះ ស្រាប់តែបាក់ដីស្ពានតូចធ្លាក់ទាំង២នាក់ រួមទាំងម៉ូតូចូលទៅក្នុងទឹក កំពុងកួចគួរឲ្យរន្ធត់។
តាមការបញ្ជាក់ពីលោកអធិការស្រុកសៀមប៉ាង បានឲ្យដឹងថា ឧបទ្ទវហេតុបាក់ស្ពានឈើនេះ ស្ថិតនៅចំណុចអូរមា ផ្លូវ១០១ ភូមិញុំងស៊ុំ ឃុំថ្មកែវ ស្រុកសៀមប៉ាង កាលពីវេលាម៉ោងជាង៩ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នេះ ហើយមកទាល់ព្រឹកថ្ងៃទី២៥នេះ យុវជនយោធិនទាំងពីរនាក់ រកមិនទាន់ឃើញនៅឡើយ។
ហើយក៏មិនដឹងថានៅមានជីវិត ឬក៏យ៉ាងណានោះដែរ ខណៈដែលក្រុមគ្រួសារសាច់ញាតិកំពុងព្រួយបារម្ភយ៉ាងខ្លាំងឯសមត្ថកិច្ចនៅបន្តរុករកនៅឡើយ។ ជនរងគ្រោះទីមួយមានឈ្មោះ សុខ សុវណ្ណឌី ភេទប្រុសអាយុ២៣ឆ្នាំ ឯជនរងគ្រោះទី២មានឈ្មោះ ភីនី ដាលិ អត្ថលេខ 247380 មុខងារនាយក្រុមស៊ើបការណ៍អង្គភាព វរៈសេនាតូចកាំភ្លើង យោធភូមិភាគ១ កាំភ្លើងធំ ឈរជើងនៅអូកុក ព្រំដែនខ្មែរឡាវ៕