ស្វាមីប្រាប់ថាម៉ែពុកខ្ញុំមកលេងឲ្យត្រៀមម្ហូបឆ្ងាញ់ៗ ពេលបើកទ្វារទទួល បែរឃើញអ្នកផ្សេង​ភ្ញាក់ព្រើត

Loading...

​នា​ពេល​ថ្មីៗ​នេះ​មាន​វេបសាយ​ក្រៅ​ប្រទេស​មួយ​បាន​បើក​បង្ហាញ​នូវ​រឿងរ៉ាវ​របស់​អ្នកប្រើ​ប្រាស់​​សង្គម​អ៊ីនធឺណែ​តម្នាក់ ដែល​​រឿង​រ៉ាវ​ទាំង​នោះ​បាន​បង្កប់​នូវ​គុណ​តម្លៃ​សម្រាប់​ពិចារណា និង​ទុក​ជា​មេរៀន​សម្រាប់​កូន​ប្រុស​ស្រី​ដោយ​​បាន​រៀប​រាប់​ថា ​ពេល​ភ្ញាក់​ពី​គេង​ភ្លាម ​ស្វាមី​ក៏​ប្រញាប់​មក​ប្រាប់​ប្រពន្ធ​ថា “​អូន​ប្រញាប់​ទៅ​ផ្សារ​ទៅ អម្បាញ់​មិញ​ពុក​ម៉ែ​អូន​ទូរ​ស័ព្ទ​មក​ថា ​នឹង​មក​លេង​ពេល​ថ្ងៃ​ត្រង់​។ អូន​ទៅ​ទិញ​ម្ហូប​មក​ត្រៀម​ទុក​ទៅ​ ប្រហែល​ម៉ោង ១១ ​ឪពុក​ម្ដាយ​របស់​អូន​ប្រហែល​ជា​មក​ដល់​ស្ថានីយ៍​រថភ្លើង​ហើយ​។

​ពេល​ខ្ញុំ​ឮ​ដូច្នោះ​ ខ្ញុំ​ពិតជា​សប្បាយចិត្ត​យ៉ាងខ្លាំង​ ព្រោះ​មិនបាន​ជួប​ពួកគាត់​ជា​យូរ​មក​ហើយ ខ្ញុំ​ក៏​ប្រញាប់​ទៅ​ផ្សារ​ទិញ​ម្ហូប​អាហារ​មក​ជា​ច្រើន​មុខ​ធ្វើ​ឲ្យ​ឆ្ងាញ់​ ដើម្បី​ត្រៀម​ម្ហូប​ថ្ងៃត្រង់​​​ចាំ​ឪពុក​ម្ដាយ​របស់​ខ្ញុំ។ លុះដល់​ពេល​ម៉ោង​ជិត ១១ ខ្ញុំ​បាន​ប្រាប់​ស្វាមី​របស់​ខ្ញុំ​ថា “​បង​ជួយ​ទៅ​ទទួល​ពួក​គាត់ នៅ​ស្ថានីយ៍​រថភ្លើង​បន្ដិច​បានទេ?​” គាត់​ក៏​ឆ្លើយ​មក​ថា “​នៅឯ​ស្ថានីយ៍​រថភ្លើង​ក៏​មាន​ឡានក្រុង​ដែរ អាច​ឲ្យ​ពួក​គាត់​ជិះឡាន​ក្រុង​មក​ក៏បាន​”។

ខ្ញុំ​បានឮ​ដូច្នោះ​ក៏​មិន​ពេញចិត្ត​ជាខ្លាំង​ដែល​ស្វាមី​មិន​ព្រមទៅ​ទទួល​ឪពុក​ម្ដាយ​ខាង​ខ្ញុំ ភ្លាម​នោះ​ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ថា បង​សម្លាញ់​ឪពុក​ម្ដាយ​របស់​អូន​បាន​បីបាច់​មើលថែ​ចិញ្ចឹម​អូន​តាំងតែ​ពី​តូច មិន​ថា​ផ្គរ​រន្ទះ ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ុនណា​​ ឪពុក​ម្ដាយ​អូន​ក៏​ជូន​ និង​ទៅ ​ទទួល​អូន​ពី​សាលារៀន​ដែរ គ្រាន់​តែ​ប៉ុណ្ណឹង​បង​ទៅ​ទទួល​ឲ្យ​ខ្ញុំ​បន្ដិច​មិន​បាន​ទេហី? ស្វាមី​ទើប​ប្រញាប់​និយាយ​ទៅ​ថា ហា​ស់ហា​ស់ហា បង​និយាយ​លេង​ទេ គ្រាន់​តែ​ប៉ុណ្ណឹង​បង​ទៅ​ទទួល​ឲ្យ​ស្រាប់​ហើយ​។

​បន្ទាប់ពីនោះ​មក ​ស្វាមី​របស់​ខ្ញុំ​ក៏​ចេញពី​ផ្ទះ​ដើម្បី​ទៅ​ទទួលពួក​គាត់ ចំណែក​ខ្ញុំ​ក៏​ត្រៀម​ម្ហូប​អាហារ​ហើយ​ចាត់ចែង​ដាក់​លើ​តុ​ទុករង់​ចាំ​ពួក​គាត់​មកដល់​​ទាំង​អារម្មណ៍អន្ទះសា​។ លុះ​ជិត​ដល់​ពេល​ថ្ងៃត្រង់​ ក៏​មាន​សំឡេង​គោះទ្វារ ខ្ញុំ​ប្រញាប់រ​ត់ទៅ​បើកទ្វារ​យ៉ាង​លឿន ពេល​បើក​ភ្លាម​ខ្ញុំ​ឈរ​គាំង​មួយសន្ទុះ​ព្រោះ​ភ្ញៀវ​ដែល​ត្រូវ​មក​មិន​មែន​ជា​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ទេ តែ​ជា​ឪពុក​ម្ដាយ​របស់​ស្វាមី​ខ្ញុំ​ទើប​ខ្ញុំ​និយាយ​ឡើង​មក​ថា ”អូហ៍!​ ពុក​ម៉ែ​មក​តាំង​តែ​ពី​ពេល​ណា ម្ដេចមិន​ឃើញ​ប្រាប់​ខ្ញុំ​មុន​សោះ ចូល​មក​ខាង​ក្នុង​សិន​មក​”។

​ឪពុក​ម្ដាយ​ខាង​ប្រុស​ក៏បាន​យួរ​ឥ​វ៉ាន់​មួយថង់​ធំ​ហើយ​ដើរចូល​ទៅក្នុង​ផ្ទះ។ ពួក​យើង​ទាំងអស់​គ្នា​ក៏​បាន​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ដែល​ខ្ញុំ​បាន​ត្រៀម​ទុកឲ្យ ក្នុង​កំឡុង​ពេល​នោះ​ខ្ញុំ​មិន​បាន​និយាយ​អ្វី​ទេ​ ប៉ុន្ដែ​មាន​អារម្មណ៍​ថា​ខឹង​ស្វាមី​យ៉ាងខ្លាំង​ដែល​លេងសើច​បែបនេះ​។ បន្ទាប់​ពី​ញ៉ាំ​បាយ​ហើយ​មួយសន្ទុះ​ ខ្ញុំ​ក៏​និយាយ​លេង​​សួរ​សុខ​ទុក្ខ​ជាមួយ​ឪពុក​ម្ដាយ​ក្មេក បន្ទាប់​មក​គាត់​ក៏​សុំ​ត្រឡប់​ទៅផ្ទះ​វិញ​​ ព្រោះ​ត្រូវ​ទៅឲ្យ​ទាន់​រថភ្លើង​ពេល​ល្ងាច​។

​ពេល​ឪពុក​ម្ដាយក្មេក​ត្រឡប់​ទៅ​ផ្ទះ​របស់​គាត់​វិញហើយ​ ខ្ញុំ​មាន​ឱកាស​ទើប​សួរ​ស្វាមី​របស់​ខ្ញុំ​ថា ​តើ​មានរឿង​អ្វី​កើតឡើង ឯ​ណា​បង​ប្រាប់ថា​ឪពុក​ម្ដាយ​របស់​អូន​​មកលេង​នោះ​អី​”? ស្វាមី​ក៏​ញញឹម​ហើយក៏​និយាយថា ​ប្រសិនបើ​បង​មិន​ប្រាប់​ថា ​ជា​ឪពុក​ម្ដាយ​របស់​អូន​នោះទេ អូន​ប្រហែលជា​មិន​ងើប​មក​ត្រៀម​អាហារ​ច្រើន​ដល់​ថ្នាក់​នេះ​នោះ​ទេ ហើយ​ប្រសិនបើ​បង​មិន​ប្រាប់ថា​ ជា​ឪពុក​ម្ដាយ​របស់​អូន តើ​អូន​ព្រម​ឲ្យ​បង​ទៅ​ទទួល​គាត់​ពី​ស្ថានីយ៍​រថភ្លើង​ដែរឬទេ​?

ខ្ញុំ​នៅតែ​មិន​ពេញចិត្ត​ដដែល​ព្រោះ​ស្វាមី​មិន​ព្រម​និយាយ​ត្រង់ៗ​ជាមួយ​។ ស្វាមី​ក៏​និយាយ​ត​ទៀតថា ​អូន​ចាំបានទេ​? លើក​មុន​ឪពុកម្ដាយ​បង​មក​លេង អូន​ក៏​មិន​បាន​ត្រៀម​ម្ហូប​អាហារ​អ្វី​ឲ្យ​ពួកគាត់​នោះ​ដែរ ព្រោះ​អូន​ប្រាប់​ថា ​អូន​គ្មាន​ពេល​ធ្វើ ហើយ​ពេល​ដែល​បងរ​ក​ទៅ​ទទួល​ឪពុក​ម្ដាយ​បង​នៅឯ​ស្ថានីយ៍ ​អូន​ក៏​មិន​ព្រម​ឲ្យ​បង​ទៅ​ ហើយ​ប្រាប់​ឲ្យ​ជិះឡាន​ក្រុង​មក​សន្សំ​សំចៃ​ជាង។ ឲ្យ​ពួកគាត់​ទាំង​ពីរ​ជិះ​ឡានក្រុង​មក​ផ្ទះ​ខ្លួន​ឯង​ទៅ​ ”តើ​អូន​ដឹង​ទេ​ថា ​ថ្ងៃនេះ​ពួកគាត់​យួរ​អ្វី​មក គឺ​ពុទ្រា​ដែល​ជា​របស់​សំណព្វចិត្ត​អូន​នោះ​អី​ ដែល​ពួកគាត់​មក​លេង​ថ្ងៃ​នេះ​ព្រោះថា ​ចម្ការ​ពុទ្រា​ចេញ​ផ្លែ​ហើយ​ ទើប​យក​ពុទ្រា​មក​ផ្ញើ​កូនប្រសារ​។

​ស្ដាប់​ហើយ​ខ្ញុំ​មាន​អារម្មណ៍​ខុស​យ៉ាងខ្លាំង ស្វាមី​ក៏​និយាយ​បន្តទៀតថា​ “បង​ខ្លួនឯង​ក៏​ចង់​ឲ្យ​ឪពុក​ម្ដាយ​របស់​បង​ពិសារ​របស់​ល្អ ​គាត់​ឧស្សាហ៍​មកលេង​ក៏​ចង់​ទៅ​ទទួល​ពួកគាត់​នៅឯ​ស្ថានីយ៍ ព្រោះ​ពេល​បង​នៅ​ពី​ក្មេង​ឪពុកម្ដាយ​បង​ក៏​ជូន​បង​ទៅ​រៀន និង​ទទួល​ពេល​ចេញពី​រៀន​ដូចគ្នា មិន​ថា​ភ្លៀង​ធ្លាក់ រឺ​ថ្ងៃ​ក្ដៅ​ប៉ុនណា​ទេ​។ បង​ចង់​ឲ្យ​អូន​គិត​ថា​ ឪពុក​ម្ដាយ​បង​ក៏​ដូចជា​ឪពុក​ម្ដាយ​អូន អូន​ស្រលាញ់​ឪពុក​ម្ដាយ​របស់​អូន​ បង​ក៏​ស្រលាញ់​ឪពុកម្ដាយ​បង​ដូចគ្នា​។ យើង​ទាំង​ពីរ​រៀបការ​ហើយ ​រស់នៅ​ជាមួយ​គ្នា​ដល់​ថ្នាក់​នេះ​បង​គិត​ថា ​អូន​គួរ​បើក​ចិត្ត​ទទួល​ឪពុកម្ដាយ​បង​ផង​ទៅ​។

​ស្ដាប់​ចប់​ហើយ​ទឹកភ្នែក​ខ្ញុំ​ក៏​ស្រក់​ចុះ អាច​ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ខុស​ចំពោះ​ស្វាមី ខ្ញុំ​អាត្មា​និយម​មក​រហូត​ដែល​ចង់​ឲ្យ​ស្វាមី​ល្អ​ជាមួយ​ឪពុក​ម្ដាយ​របស់​ខ្ញុំ តែ​ខ្ញុំ​ខ្លួនឯង​មិន​ដែល​បើក​ចិត្ត​ឲ្យ​ឪពុក​ម្ដាយ​ក្មេក​នោះទេ ទើប​ខ្ញុំ​ប្រាប់​ស្វាមី​ថា​ អាទិត្យ​ក្រោយ​បបួល​ឪពុក​ម្ដាយ​បង​មក​ទៀត​មក​ ​ខ្ញុំ​នឹង​ត្រៀម​ម្ហូបអាហារ​ទុកឲ្យ ហើយ​ខ្ញុំ​ចង់​ឲ្យ​កាដូ​ដល់​ពួកគាត់​ថែមទៀត​ផង​។

​តាមពិត​ថ្ងៃនេះ ​អូន​ត្រៀម​លុយ​ដាក់​ក្នុង​ស្រោមសំបុត្រ​ដើម្បី​ទុកឲ្យ​ឪពុក​ម្ដាយ​របស់​អូន​ តែ​ដល់​ពេល​ដឹង​ថា​ជា​ឪពុក​ម្ដាយ​របស់​បង​មក​ ទើបអូន​​មិន​បាន​យក​វា​ចេញមក​ ហើយ​ខ្ញុំ​តាំងចិត្ត​ថា​ នឹង​យក​លុយ​នៅ​ក្នុង​ស្រោម​សំបុត្រ​​បន្តិច​បន្តួច​នេះ​ឲ្យ​ឪពុក​ម្ដាយ​បង​ពេល​គាត់​មក​លេង​ម្ដងទៀត​។

​តែ​ស្វាមី​ខ្ញុំ​និយាយ​បន្ថែម​ទៀតថា​ ឪពុក​ម្ដាយ​របស់​បង​បាន​ផ្ញើ​លុយ​ទុក​ឲ្យ​យើង​ទាំង​ពីរ​នាក់​ដែរ ព្រោះ​ពួក​គាត់​​លក់​ដីស្រែ​បាន​ ទើប​យក​លុយ​មួយចំនួន​បែងចែក​ឲ្យ​យើង​ទាំង​ពីរ​នាក់​រក្សាទុក។ ខ្ញុំ​ស្ដាប់ឮ​ហើយ​រឹតតែ​មាន​អារម្មណ៍​ខុស​ខ្លាំងទៅៗ ក្រៅ​ពី​ខ្ញុំ​មិន​បាន​ឲ្យ​អ្វី​ទៅ​ពួកគាត់​ហើយ ​ពួកគាត់​នៅ​តែ​ឲ្យ​លុយ​មួយ​ចំនួនមក​​​ទៀត​​ ហើយ​នឹក​ដល់​ពួកយើង​ទាំង​ពីរ​នាក់​រហូត។ ត​ទៅ​ខ្ញុំ​សន្យា​ចំពោះ​ខ្លួនឯង​ថា ​នឹង​ស្រលាញ់​ឪពុក​ម្ដាយ​ក្មេក​ហើយ​មើលថែ​ឲ្យ​ដូច​ឪពុក​ម្ដាយបង្កើត​របស់​ខ្ញុំ​ដែរ៕ (ប្រែ​សម្រួល៖​ណុច Khmer-Global)

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...