គួរយល់ដឹង! ការគេងថ្ងៃមួយភ្លែតល្អសម្រាប់បេះដូង តែបើគេងថ្ងៃច្រើន កើតជំងឺវង្វេងវង្វាន់

ក្នុងមួយសប្តាហ៍ បើគេងថ្ងៃម្តងទៅពីរដង ឬគេងក្នុងរយៈពេលខ្លីផ្តល់ផលល្អដល់សុខភាពបេះដូង។ ប៉ុន្តែបើសម្រាកថ្ងៃញយ និងយូរ វាអាចជាសញ្ញាដាស់អាសន្នថា មានគ្រោះកើតជំងឺវង្វេងវង្វាន់ (Alzheimer) ទៅវិញ។

ក្រុមអ្នកស្រាវជ្រាវវេជ្ជសាស្ត្រស្វីស កាលពីពេលកន្លងទៅ បានបង្ហាញរបាយការណ៍សិក្សាមួយថា ការគេងថ្ងៃ ជាថ្នាំការពារកុំឱ្យមានជំងឺបេះដូង ជាពិសេសមានប្រយោជន៍ចំពោះអ្នកមានជំងឺលើសឈាម។

ប៉ុន្តែដើម្បីគេងថ្ងៃមានប្រសិទ្ធភាព អ្នកស្រាវជ្រាវស្វីស ជំនាញផ្នែកវេជ្ជសាស្ត្រ និងដំណេក នៅសាកលវិទ្យាល័យក្រុងឡូសាន បានបញ្ជាក់យ៉ាងច្បាស់ថា មិនត្រូវគេងថ្ងៃច្រើនដង និងឱ្យលើសពី២០នាទីទេ។ ទោះយ៉ាងណាណា មនុស្សចាស់អាយុចាប់ពី៦៥ឆ្នាំឡើងទៅពុំបានទាញ ប្រយោជន៍អំពីការគេងថ្ងៃទេ គឺមកពីពួកគាត់សម្រាកថ្ងៃយូរពេក។

យោងតាមលទ្ធផលសិក្សាស្វីសដដែល អ្នកចូលចិត្តគេងថ្ងៃម្តងម្កាល (តិចជាងមួយម៉ោង) មានគ្រោះជួបវិបត្តិ បេះដូង (គាំងបេះដូង) គ្រោះថ្នាក់សរសៃឈាមខួរក្បាល (AVC) ឬខ្សោយបេះដូងទាបជាងអ្នកមិន ដែលគេងថ្ងៃសោះ ចំនួនពីរដង។

ផ្ទុយទៅវិញ អ្នកគេងថ្ងៃច្រើនលើសពី៧ដងក្នុងសប្តាហ៍ ពុំមានឥទ្ធិពលល្អនៃការគេងថ្ងៃចំពោះបេះដូងទេ។ ដូច្នេះសូមកុំភ្លេចដាក់នាឡិការោទ៍ គេងថ្ងៃកុំឱ្យយូរពេក និងឱ្យទៀងទាត់ចំនួនម្តងទៅពីរដងក្នុង សប្តាហ៍បានហើយ។

ជាមួយនឹងគ្នានេះ អ្នកស្រាវជ្រាវអាមេរិកមកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា សាន់ហ្វ្រាន់ស៊ីស្កូ បានបង្ហាញរបាយការណ៍មួយដែរថា បើគេងថ្ងៃច្រើនជ្រុល និងញយពេក វាគឺជាសញ្ញាប្រាប់ឱ្យដឹងមុនថា ជំងឺវង្វេងវង្វាន់កំពុងតាមបៀតបៀនហើយ។

ភាពច្របូកច្របល់ ភ្លេចភ្លាំង បាត់ការចងចាំ មិនមែនជាអាការៈសញ្ញាតែមួយ ឬតែម្យ៉ាងនៃជំងឺវង្វេងវង្វាន់ ឡើយ។ គេងថ្ងៃច្រើននិងញយ ក៏ជារោគសញ្ញាមុនដំបូងគេមួយនៃជំងឺវង្វេងវង្វាន់ មុនរោគសញ្ញាភ្លេចភ្លាំង ទៅទៀត។

ជំងឺវង្វេងវង្វាន់ បានបំផ្លាញខួរក្បាលដែលទ្រទ្រង់មនុស្សឱ្យនៅរស់រវើកទៅជាមានជំងឺងងុយចង់គេងពេលថ្ងៃ។ ការគេងថ្ងៃដែលចាត់ទុកថា ជារោគសញ្ញាជំងឺវង្វេងវង្វាន់ គឺការគេងថ្ងៃច្រើនហួសហេតុ ពេលយប់គេងឆ្អែតគ្រប់ គ្រាន់ ៧-៨ម៉ោងហើយ ថ្ងៃត្រង់ ថ្ងៃរសៀល នៅតែចង់គេងទៀត ហើយគេងក្នុងរយៈពេលលើសពីមួយម៉ោង។

យ៉ាងណា ការគេងថ្ងៃមួយភ្លែត (ក្រោម២០នាទី) ឬមួយស្រឡេតតាមទម្លាប់ខ្មែរត្រូវបានអ្នកវិទ្យាសាស្ត្រ វេជ្ជសាស្ត្រគ្រប់រូបឯកភាព និងទទួលស្គាល់ថា មានគុណប្រយោជន៍ខ្លាំងចំពោះសុខភាព។ គេងថ្ងៃមួយភ្លែត មិនត្រឹមតែអាចជួយបំពេញកង្វះដំណេកពេលយប់ទេ តែជាការផ្តល់ភាពស្វាហាប់ រហ័សរហួន និងបំបាត់ការនឿយហត់ ដំឡើងប្រសិទ្ធភាពការងារទៀតផង៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!