ប្រឹងប្រែងធ្វើការខ្លាំងពេក រហូតភ្លេចថែសុខភាព អនុស្សាវរីយ៍ជិត ៥ឆ្នាំ ក្លាយជាបែបនេះ

យុវជនម្នាក់បានទទួលមរណភាពដោយសារជំងឺរលាក ក្រពះ ពោះវៀន ខណៈរូបគេប្រឹងប្រែងធ្វើការយ៉ាងខ្លាំងលើវិស័យអនឡាញ រហូតសម្រាកពុំសូវគ្រប់គ្រាន់ ទទួលទានអាហារមិនបានទៀតពេល។ ការចាកចេញមួយនេះ បានធ្វើឲ្យគ្រួសារ មិត្តភ័ក្ដិ និងមិត្តស្រីរបស់គេ សោកស្ដាយជាពន់ពេក។

មិត្តស្រីរបស់យុវជនខាងលើ ប្រើប្រាស់គណនីហ្វេសប៊ុក Hon SiYen បានបង្ហោះសារអាឡោះអាល័យ និងរម្លឹកអនុស្សាវរីយ៍ធ្លាប់មានជាមួយគ្នានៅលើបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឲ្យអ្នកណាបានអានហើយរំជួលចិត្ត។ នាងបានសរសេររៀបរាប់ភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកមកថា៖

«មនុស្សល្អខ្ញុំអើយ So Thet ចិត្តអាក្រក់ដាក់អូនពេកហើយ ហេតុអីក៏ទុកគ្នាចោលកណ្តាលផ្លូវបែបនេះហាស់ តែមិនអីទេណា អូនមិនខឹងទេ ព្រោះប៉ា (ពាក្យយុវវ័យមួយចំនួនចូលចិត្តហៅជំនួសឲ្យពាក្យ «បងសម្លាញ់») ហត់ច្រើនពេកហើយ រយៈពេល ២៦ឆ្នាំមកនេះ។

សម្រាកឲ្យស្ងប់ចិត្ត និងបានសុខណា កុំបារម្តពីអូនអី អូននឹងរស់នៅឲ្យមានក្តីសុខដូចអ្វីដែលប៉ាចង់បាន (ចង់ឲ្យអូនល្អ មានអ្វីៗគ្រប់បែបយ៉ាង និងរឹងមាំគ្រប់បញ្ហា) ទោះបីគ្មានវត្តមាន ប៉ា នៅលើលោកនេះទៀតក៏ដោយ។

បើជាតិក្រោយមានមែន សូមឲ្យ ប៉ា មានគ្រួសារផ្តល់ភាពកក់ក្តៅឲ្យបានពេញលេញ និងកុំត្រដាបត្រដួសរស់តែម្នាក់ឯងដូចជាតិនេះ កុំរសាត់អណ្តែតដូចចក និងតែលតោងប្រឹងរស់ខ្លួនឯងតាំងពីតូចដល់ធំ ដូចជាតិនេះ និងធ្វើជាមនុស្សល្អសម្រាប់គ្រប់ៗគ្នាដូចជាតិនេះទៀតណាប៉ា និងសូមឲ្យ ប៉ា មានសុខភាពល្អ រាងកាយមាំមួន និងខិតខំធ្វើការតែរហូតកុំភ្លេចថែទាំសុខភាព និងស្រលាញ់ខ្លួនឯងឲ្យច្រើនៗណាប៉ាណា។

អនុស្សាវរីយ៍ជិត ៥ ឆ្នាំ មកនេះអូននឹងចងចាំ និងរក្សាវាទុករាល់ទង្វើរល្អៗរបស់ប៉ារហូត។ អរគុណដែលតែងតែល្អសម្រាប់អូនកន្លងមកណា សោកស្តាយបំផុត ទ្រាំទទួលយកមិនបានតែនឹងព្យាយាមហើយ។ 01.01.2017 – 13.10.2021»។

ចំណែកគណនីហ្វេសប៊ុកឈ្មោះ រ៉ាឃូល ដែលបានដើរលើវិថីអនឡាញនេះដែរបានសម្ដែងអារម្មណ៍អាណិត រំជួលចិត្ត ចំពោះដំណឹងអកុសលខាងលើ និងចែករំលែកបទពិសោធន៍ខ្លះៗទាក់ទងនឹងការថែសុខភាពរបរមួយនេះថា៖

«ខ្ញុំទើបតែបានឃើញការផុស និងបានចូលរួមមូលនិធិកាលពីយប់មិញសោះ ស្រាប់តែព្រឹកឡើងឃើញដំណឹងនេះ ពិតជាក្តុកក្តួលចិត្តមែនទែន RIP So Thet។ពាក្យថា MMO ឬរកលុយអនឡាញ មិនមែនស្រួលដូចអ្នកគ្រប់គ្នាទូទៅធ្លាប់គិតនោះទេ MMO មានច្រើនប្រភេទ មិនមែនគ្រប់យ៉ាងសុទ្ធតែអាចដេកក៏បានលុយនោះទេ។

វាទាមទារឲ្យមានការតស៊ូអំណត់ព្យាយាម ប្រឹងប្រែងខ្លាំងណាស់ ពេលខ្លះខំដល់ដាច់បាយដាច់ទឹក អត់ដេកអត់ពួន ក៏ព្រោះតែចង់ឆាប់បានដល់គោលដៅដែលខ្លួនប្រាថ្នា តែទន្ទឹមនឹងនោះ វាមានហានីភ័យខ្លាំងណាស់ចំពោះសុខភាព មានអ្នកខ្លះសំណាងដល់ ប្រឹងល្មមៗក៏ជោគជ័យ អាចបានលុយមកដេកស៊ីចាយសប្បាយចិត្តរាប់ឆ្នាំបាត់ទៅហើយ តែអ្នកខ្លះវិញប្រឹងខ្លាំងៗយកតែមែនទែន សឹងតែមិនបានដល់គោលដៅទៀត។

ព្រោះតែគិតឃើញពីបញ្ហាទាំងអស់នេះហើយ ទើបធ្វើឲ្យខ្ញុំសម្រេចដកឃ្លាមួយរយៈ យកពេលថែទាំសុខភាពឲ្យល្អឡើងវិញ (មិនមែនព្រោះខ្លាចសំណាងប្តីក្រោយទេ) តែខ្លាចប្រពន្ធកូនធ្លាក់ក្នុងសភាពលំបាកបន្ទាប់ពីអត់ពីខ្ញុំទៅ។

ឥលូវនេះខ្ញុំដេកបានគ្រប់គ្រាន់ បាយទឹកទៀងម៉ោង របបអាហារត្រឹមត្រូវជួយដល់សុខភាព និងធ្វើលំហាត់ប្រាណរាល់ព្រឹក 30នាទី រាល់ល្ងាចលេងកីឡា ទាត់សី 1ម៉ោង ប៉ុន្មានខែមុនទម្ងន់ខ្ញុំ 94គីឡូ ឥលូវនេះខ្ញុំសម្រកនៅសល់ត្រឹម 79គីឡូទេ មានអារម្មណ៍ថា ស្រួលខ្លួនជាងមុនច្រើន មិនឈឺច្រើនដូចមុនទេ។

ជាចុងក្រោយ សូមផ្តាំដល់បងប្អូនដែលរកចំណូលអនឡាញទាំងអស់ សូមយកពេលថែសុខភាពផង កុំរកលុយច្រើនទុកមើលជំងឺ សុខចិត្តបានល្មមៗគ្រាន់ឲ្យប្រពន្ធកូន ម៉ែឪ បានហូបចុកគ្រប់គ្រាន់ ឆ្ងាញ់ៗ មានពេលវេលាសប្បាយជាមួយគ្នាបានយូអង្វែងទៅ គឺគ្រប់គ្រាន់ហើយ»៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!