កុមារបរិភោគមិនល្អ នឹងមានហានិភ័យខ្ពស់ដល់សុខភាព​នៅថ្ងៃអនាគត

សុខភាពពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ហើយចង់បានសុខភាពល្អជានិច្ច ប៉ុន្តែមានមនុស្សភាគតិចណាស់ ដែលចាប់អារម្មណ៍លើបញ្ហាការបរិភោគចំណីអាហារដែលមាន​អនាម័យល្អត្រឹមត្រូវ ជាពិសេសឪពុកម្ដាយ ឬអាណាព្យាបាលមួយចំនួននៅក្នុងប្រទេសកម្ពុជាហាក់មិន​បានយកចិត្តទុកដាក់ទាល់តែសោះចំពោះចំណីអាហារសម្រាប់កុមារ ។

លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងថា៖ «ការញ៉ាំចុកគ្មានអនាម័យ នឹងប៉ះពាល់សុខភាពរបស់ពួកគេមួយជីវិត មានទឹកនោមផ្អែក ជំងឺឡើងឈាម ជំងឺធាត់ជ្រុល អាចក្លាយជាមនុស្សគ្មានកូន ជំងឺផ្លូវចិត្ត និងរោគផ្សេងៗទៀត នៅក្នុងវ័យលូតលាស់ចន្លោះពីកុមារដល់ពេញជំទង់» ។

លោកវេជ្ជបណ្ឌិត ថ្លែងថា៖ «សម្រាប់ស្រុកគេមិនសូវមានបញ្ហានេះប៉ុន្មានឡើយ ព្រោះនៅតាមសាលារៀន គេមានម្ហូបអាហារ ដែលគេបានគ្រប់គ្រងតាមជំហាននីមួយៗចេញពីវេជ្ជបណ្ឌិត ថាថ្ងៃនេះត្រូវញ៉ាំអី ស្អែកត្រូវញ៉ាំអី ត្រូវញ៉ាំទឹកអ្វី» ។

អ្នកជំនាញរូបនេះ បន្តថា ចំណែកនៅប្រទេសកំពុងអភិវឌ្ឍមិនទាន់មានចំណុចនេះនៅឡើយទេ ហើយផ្ទុយពីនេះ គឺនៅតាមសាលារៀន មានលក់នំចំណីដោយសេរី ។ របស់តាមចិញ្ចើមផ្លូវ របស់ដាក់លក់គ្មានអនាម័យជាច្រើន ដែលដាក់លក់ថោកៗ មានគីមីពុល របស់ខ្លាញ់ របស់ខ្លោច ដូចជាអាំង ឆា ចៀន គឺសុទ្ធសឹងជារបស់ដែលធ្វើឱ្យការលូតលាស់ឡើងធាត់ រដូវមកមិនទៀងទាត់ ឬអត់មកតែម្ដង ។

ជាងនេះទៅទៀត នៅថ្ងៃក្រោយ ខ្លាញ់រុំបេះដូង សរសៃឈាមស្ទុះកក់ខ្លាញ់ ជំងឺទឹកនោមផ្អែម ហើយប្រសិនបើមានជំងឺទឹកនោមផ្អែមហើយ គឺសែនមហាវេទនាមួយជីវិត ព្រមទាំងជំងឺផ្សេងៗជាច្រើនទៀត គឺត្រូវតែមានមកជាមួយ ។

ជាការពិតណាស់ សម្រាប់អ្នកធូរធារ គេអាចនិយាយបានថា បញ្ហាការព្យាបាលគេមិនសូវព្រួយបារម្ភ ព្រោះគេអាចទៅព្យាបាលនៅមន្ទីរពេទ្យល្អនៅក្រៅប្រទេសបាន ប៉ុន្តែសម្រាប់អ្នកក្រ គឺមិនខុសពីមនុស្សពិការនោះទេ ប្រសិនបើគ្មានប្រាក់សម្រាប់យកទៅព្យាបាល ។ នេះហើយជាបញ្ហាដ៏ធំបំផុតសម្រាប់អ្នកក្រ ។

លោកវេជ្ជបណ្ឌិត គួច ម៉េងលី ថ្លែងថា៖ «អ្នកខ្លះនិយាយថា មិនអីទេ! ខ្ញុំព្យាបាលមិនអស់ប៉ុន្មានផង ។ អ្នកមានទឹកនោមផ្អែមភាគច្រើនដែលថាអត់អីនោះ ដោយសារគាត់ទៅថៃ ព្រោះគាត់មានលុយ ។ ប៉ុន្តែយើងឃើញប្រជាពលរដ្ឋដែលថាគ្នាមិនសូវមាន ឬគ្នាដែលក្រ គឺមហាវេទនា» ។ ទោះយ៉ាងណាក៏ដោយ វេជ្ជបណ្ឌិត គួច ម៉េងលី បញ្ជាក់ថា ចំពោះអ្នកមាន គេមិនអាចសន្និដ្ឋានថាខ្លួនអស្ចារ្យនោះទេ ព្រោះជំងឺនីមួយៗមានការពិបាកព្យាបាលខ្លាំងណាស់ ។

យ៉ាងណា លោកវេជ្ជបណ្ឌិត អះអាងថា បញ្ហាដែលបង្កឱ្យកើតជំងឺទាំងនេះ គឺនៅមានកត្តារួមផ្សំតូចៗជាច្រើនទៀត ដែលនាំឱ្យកើតមានជំងឺគាំងបេះដូង ឡើងឈាម ឡើងធាត់ជ្រុល គ្មានឈាមរដូវទាំងវ័យក្មេងនោះ មិនត្រឹមតែមកពីការទទួលទានចំណីអាហារខ្វះអនាម័យប៉ុណ្ណោះទេ តែការទទួលទឹកក្រឡុក ទឹកស៊ីរ៉ូប៍ជាដើម ក៏អាចបង្កគ្រោះថ្នាក់ដល់សុខភាពដូចដែលបានរៀបរាប់ពីខាងលើនេះមកដែរ ប្រសិនបើឪពុកម្ដាយ ឬអាណាព្យាបាលមិនបានយកចិត្តទុកដាក់ចំពោះពួកគេ ។

លោកវេជ្ជបណ្ឌិត គួច ម៉េងលី សង្កត់ធ្ងន់ទៅលើអាណាព្យាបាលមួយចំនួន មិនដែលខ្វាយខ្វល់ពីការហូបចុករបស់កូន ផ្ទុយទៅវិញគ្រាន់តែផ្ដល់ថវិកាសម្រាប់ពួកគេ ទោះកូនយកទៅទិញអ្វីបរិភោគក៏មិនដឹងនោះដែរ ។ នេះជាបញ្ហាដែលឪពុកម្ដាយ ឬអាណាព្យាបាលគួរគិតពិចារណាឡើងវិញ ប្រសិនបើមិនចង់មានវិប្បដិសារីនៅថ្ងៃក្រោយ ។

លោកលើកឡើងថា៖ «ម៉ែឪឱ្យតែលុយ ហើយមិនដែលខ្វល់ [កូន] ញ៉ាំម្ហូបនៅតាមចិញ្ចើមផ្លូវ ខ្លាញ់ដ៏សែនមហាស្មោគគ្រោក ភីហ្សា ប៊័រហ្កឺ ដំឡូងចៀន ។ ម្ហូបទាំងអស់ហ្នឹងស៊ាំហើយសម្រាប់ពួកគាត់ ប៉ុន្តែនៅប្រទេសគេ គេហៅថា ជាម្ហូបចង្រៃ ដែលធ្វើឱ្យខូចសុខភាព» ។

វេជ្ជបណ្ឌិត គួច ម៉េងលី បន្តថា ៖ «ក្មេងស្រីដែលញ៉ាំរបស់នេះច្រើន លុះដល់ពេញពេញវ័យចាប់ផ្ដើមមានឈាមរដូវមិនទៀងទាត់ ឬរាំងរដូវក៏មាន ។ នៅពេលដែលអរម៉ូនស្ត្រីដំណើរការមិនស្រួលដោយសារម្ហូបអាហារទាំងនេះ ធ្វើឱ្យមេជីវិតនៅក្នុងអូវុលស្ត្រីអត់ភ្ញាស់ ហើយបែរជាករស្តុបទុកយូរៗទៅវាក្លាយទៅជាដុំគីសតូចៗ។ នេះជាបញ្ហាដែលធ្វើឱ្យស្ត្រីមិនអាចមានកូន ហើយងាយនឹងកើតមហារីកស្បូន ទឹកនោមផ្អែម និងប៉ះទង្គិចដល់រាងកាយដោយងាយ» ៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!