បុរសស្ម័គ្រឌុបស្ត្រី និងទារកទៅពេទ្យ កំពុងនៅពេទ្យម្នាក់ឯងម៉ង់ៗ គ្មានសាច់ញាតិអើត
ខណៈសាធារណជន និងអ្នកសារព័ត៌មាន ចាប់អារម្មណ៍ស្ថានភាពរបស់ទារក និងម្ដាយដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារ គ្រប់គ្នាស្ទើរតែភ្លេចមនុស្សម្នាក់ទៀតដែលរងគ្រោះក្នុងហេតុការណ៍នោះដែរ គឺអ្នកបើកបរម៉ូតូឌុបម្ដាយកូន ដោយលោកក៏រងរបួសក្បាលធ្ងន់ រហូតវង្វេងស្មារតី សន្លប់ស្ដូកស្ដឹងនៅមន្ទីរពេទ្យច្រើនម៉ោង ទម្រាំដឹងខ្លួនវិញ។ ហើយកាន់តែខ្លោចចិត្តទៀតនោះ គឺគាត់ពុំមានសាច់ញាតិណាមកអើតពីរបីថ្ងៃកន្លងមកនេះ ឯលទ្ធភាពព្យាបាលក៏អត់។
លោកផន ផល្លា ប្រធានមូលនិធិ ផន ផល្លា ដែលសកម្មក្នងការជួយស្វែងរកប្រាក់ពីសប្បុរសជន ដើម្បីព្យាបាលជនរងគ្រោះខាងលើ ទើបស្វែងរកដំណឹងបុរសអ្នកឌុបនេះឃើញនៅមន្ទីរពេទ្យលោកសង្ឃ ដោយលោកបានរៀបរាប់ថា៖ ទីបំផុត ខ្ញុំបានរកបុរសដែលបានជួយដឹកកូនតូច និងម្តាយរបស់កូនតូច ទៅពេទ្យនោះឃើញហើយ។ ការពិតទៅ បុរសមួយនេះមិនមែនជាឪពុករបស់កូនតូច ឬក៏ប្តីរបស់ស្រ្តីជាម្តាយរបស់កូនតូចនោះទេ តែរូបគាត់គឺជាអ្នកមានទឹកចិត្ត និងបានជួយយកអាសារ ដោយស្ម័គ្រចិត្តជូនកូនតូចនោះទៅពេទ្យទាំងយប់ ព្រោះហេតុថា គ្មានអ្នកដឹកជូនទៅ។
តាមការបញ្ជាក់របស់ស្រ្តីជាម្តាយកូនតូចបានប្រាប់ខ្ញុំថា៖ ពួកខ្ញុំមិនដែលបានស្គាល់គ្នាពីមុនមកទេ តែគាត់បានឃើញខ្ញុំគ្មានអ្នកជូនកូនទៅពេទ្យ ក៏គាត់មានទឹកចិត្តដោយព្រមដឹកជូនពួកខ្ញុំទៅ ហើយពេលត្រលប់មកវិញ ក៏ត្រូវបានគេបុកតែម្តង។ យ៉ាងណាមិញ រហូតមកដល់ម៉ោងនេះបុរសម្នាក់នេះ មានការប៉ះទង្គិះ និងប្រេះលលាដ៍ក្បាលយ៉ាងធ្ងន់ធ្ងរ
ហើយអ្វីដែលកាន់តែខ្លោចចិត្ត គឺគាត់គ្មានសាច់ញាតិណាម្នាក់បានទៅអើតគាត់ ឬមើលថែគាត់នោះទេបាយ ទឹក ការបត់ដៃបត់ជើង រឹតតែជារឿងដែលគួអោយខ្លោចចិត្ត។ ម្យ៉ាងវិញទៀត តាំងពីពេលគ្រោះថ្នាក់មកក៏គ្មានការផ្តល់ជំនួយណាមកដល់បុរសម្នាក់នេះដែរ ដូច្នេះខ្ញុំនឹងរៀបចំក្រុមការងាររបស់ខ្ញុំ ដើម្បីចាប់ផ្តើមទៅជួយមើល ថែទាំ និងយកអាសារបុរសដែលមានដួងចិត្តម្នាក់នេះដែរ។
ប្រភពដដែលបន្ថែមទៀតថា «ដោយសារគាត់ប៉ះទង្គិចក្បាលខ្លាំងពេក ហើយមានឈាមកកហូរតាមត្រចៀកដែរនោះ បានធ្វើឲ្យបុរសម្នាក់នេះនៅវង្វេងវង្វាន់ស្មារតី ព្រមទាំងមានសភាពទ្រុឌទ្រោមនៅឡើយ ហើយអ្វីដែលគាត់ព្រួយបារម្ភបំផុតនោះ គឺគាត់គ្មានលុយបង់អោយខាងមន្ទីពេទ្យល់តែសោះ។
តែពេលនេះ ខ្ញុំបានបញ្ជាក់ទៅខាងមន្ទីរពេទ្យច្បាស់ហើយថា៖ ខ្ញុំនឹងរាប់រងចំពោះការចំណាយរបស់គាត់ ហើយខ្ញុំក៏បានស្នើសុំឲ្យខាងមន្ទីពេទ្យដំណើរនៃការព្យាបាលដល់គាត់ ដោយចាប់ផ្តើមពីការថត x-ray ផ្នែកក្បាលរបស់គាត់ទៅមុន។
ព័ត៌មានបន្ថែម ខ្ញុំនឹងបញ្ជាក់ជូនបងប្អូនតាមក្រោយ ហើយទន្ទឹមនឹងគ្នា ខ្ញុំពិតជាសូមថ្លែងអំណរអរគុណដល់បងប្អូនជាខ្លាំងសម្រាប់ការចូលរួមបរិច្ឆាគជួយដល់បុរសម្នាក់នេះ។ ជាការពិត ចំពោះការកក់សម្គាល់របស់ខ្ញុំ ខ្ញុំបានកត់សម្គាល់ឃើញថា បងប្អូនប្រជាពលរដ្ឋយើង មិនត្រឹមតែយកចិត្តទុកដាក់ អាណិតអាសូរហើយជួយដល់ អាអូនតូច និងម្តាយរបស់គេប៉ុណ្ណោះទេ តែក៏មិនភ្លេចបុរសដែលចេះយកអាសារគ្នាម្នាក់នេះដែរ»៕ អត្ថបទ៖បុត្រ