ព្រះលានជល់ដំរី មិនមែនជាកន្លែងប្រកួតជល់ដំរីសម្រាប់យកឈ្នះចាញ់​ ជាល្បែងនោះទេ

ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនានៅរមណីយដ្ឋានអង្គរ គឺតែងតែបានទៅទស្សនាព្រះលានជល់ដំរី ដែលស្ថិតនៅក្នុងបរិវេណក្រុងអង្គរធំ ហើយ តែងយល់ឃើញថា ព្រះលានជល់ដំរីនេះ ជាកន្លែងបង្ហាញការប្រកួតជល់ដំរី ដើម្បីយក ឈ្នះចាញ់ជាល្បែង ឬជល់ដើម្បីជាការទស្សនាកម្សាន្តសប្បាយ។ តើព្រះលានជល់ដំរីនេះ មានអត្ថន័យពិតយ៉ាងណាដែរ។

ដើម្បីឱ្យបានជ្រាបច្បាស់អំពីទីកន្លែងនេះ អ្នកជំនាញផ្នែកបុរាណវិទូបានឱ្យដឹងថា ទីលានជល់ដំរីនេះគឺមិនមែនជាកន្លែងយកដំរីជល់គ្នា ដើម្បីជាការប្រកួតយកឈ្នះចាញ់​រវាងដំរី និងដំរីនោះទេ តាមពិតទីកន្លែងនេះ គឺ​ជាការហ្វឹកហាត់ដំរីជល់ជាមួយសត្វផ្សេងៗ ជាមួយមនុស្ស ក្នុងន័យសម្រាប់ធ្វើជាកន្លែងហ្វឹកហាត់ ដើម្បីបង្កើនសមត្ថភាពពីដំរីធម្មតា ទៅជាដំរីចម្បាំងនាសម័យកាលនោះ។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុង​ឧទ្យាន​អង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរាបានគូសបញ្ជាក់ថា ដំរីគឺជាកត្តា​មួយក្នុង​កត្តាសំខាន់ៗជាច្រើន ដែលរុញច្រានឱ្យចក្រភពខ្មែរល្បីល្បាញ រុងរឿងថ្កុំថ្កើងពីសម័យ​បុរាណ។ ដំរី គឺជាមធ្យោបាយធ្វើដំណើរដ៏មានឧត្តមភាពជាមធ្យោបាយ​ចម្បាំងដ៏ធំនៅ​សម័យបុរាណ។ លោកបានលើកឡើងថា “នៅចក្រភពខ្មែរនាសម័យបុរាណ ដែលមាន​រាជធានីអង្គរ បានឆ្លាក់បង្ហាញនូវរឿងរ៉ាវដែលទាក់ទងទៅនឹងដំរីនេះយ៉ាងច្រើន នៅតាមរូប​ចម្លាក់តាមប្រាសាទ និងនៅតាមទីកន្លែងផ្សេងៗទៀត ជាពិសេសនៅក្នុងបរិវេណរាជវាំង និងប្រាសាទដទៃទៀត មាននៅក្នុងតំបន់អង្គរខ្លះ និងនៅក្រៅតំបន់អង្គរខ្លះ”។

លោកបាន​បន្ដថា ទាក់ទងទៅនឹងប្រពៃណីដំរីនេះ មានជាហូរហែរហូតមកដល់សព្វថ្ងៃ ដែលមាន​សហគមន៍មនុស្សមួយចំនួនបាននៅប្រតិបត្តិប្រពៃណីដំរីនេះដែរ បើទោះបីនៅប្រទេស​កម្ពុជាមិនសូវមាន ប៉ុន្តែវាមាននៅសហគមន៍ខ្មែរលើ ដូចជានៅសុរិន្ទ បានបន្តប្រពៃណី​រហូតដល់សព្វថ្ងៃនេះ។

លោកសាស្រ្ដាចារ្យបុរាណវិទូរូបនេះបានអះអាងថា នៅប្រទេស​កម្ពុជាបើសិនជាពុំមានរបបប៉ុលពតទេនោះ ប្រពៃណីនេះនឹងអាចបន្តរហូតដល់​បច្ចុប្បន្ន​នេះ។ លោកក៏បានលើកឡើងនូវប្រវត្ដិមួយចំនួនទាក់ទងនឹងដំរីនេះ ដូចជា នៅរាជធានី​អង្គរ យើងឃើញមានស្លាកស្នាមចំនួនបីកន្លែងផ្សេងគ្នាដែលទាក់ទងនឹងដំរី គឺទីមួយនៅ​ប្រាសាទបាពួននៅជាន់ទីពីរ មានចម្លាក់ដែលទាក់ទងទៅនឹងដំរី គឺបានបង្ហាញអំពីរបៀប​ទាក់ដំរី យើងឃើញមានដំរីពីរក្បាល ដំរីដែលខាងក្រោយជាដំរីធ្នាក់ដំរីតូច នៅខាងមុខ​ជា​ដំរីព្រៃដែលគេចាប់ ហើយដំរីធ្នាក់មានហ្មជាអ្នកប្រមាញ់ដែលមានខ្សែពួរព្រ័ត្រទៅទាក់​ជើង​ដំរីដែលគេចាប់នោះឱ្យវាឈប់ បន្ទាប់មកធ្នាក់ដំរីក៏ទៅជួយ ដើម្បីបង្ក្រាបដំរីព្រៃនោះឱ្យបាន​នៅស្ងៀម ទើបបានគេចាប់យកមកផ្សាំង។

ចំពោះកន្លែងទីពីរដែលទាក់ទងនឹងដំរីនេះដែរ គឺថារាល់ថ្ងៃគេហៅថា ប្រាសាទក្រោលរមាសដែលមានរាងមូល នៅខាងជើងអង្គរធំ នៅ​ខាងក្នុងគឺមានស្នាមបង្គោលសសរដែលគេធ្វើប្រៀបដូចជាទ្រុងដើម្បីយកដំរីដែលគេចាប់ពីព្រៃយកមកផ្សាំង។ ការផ្សាំងនេះ គឺគេប្រើរយៈពេលពី២ខែ ទៅ៤ខែ បន្ទាប់ពីដំរីផ្សាំង​ហើយ​បានគេបញ្ចេញដំរីពីទ្រុងឱ្យនៅខាងក្រៅ ក្នុងបរិវេណប្រាសាទក្រោលរមាសនោះ​រហូតដល់ដំរីផ្សាំងហើយ ទើបហ្មយកចេញពីកន្លែងនេះទៅប្រើប្រាស់នៅខាង​ក្រៅពីកន្លែង​ផ្សាំងនោះ។

បើតាមលោកបុរាណវិទូ អ៊ឹម សុខរិទ្ធី បានថ្លែងឱ្យដឹងថា “មែនទែនទៅទីតាំង​នោះជា​ក្រោលដំរី ក្រោយ​​មកមានរឿងរ៉ាវរឿងព្រេងផ្សេងៗទៀតទើបដូរឈ្មោះពីក្រោល​ដំរីទៅជា​ក្រោលរមាសវិញ។ ទីកន្លែងហ្នឹងជាមជ្ឈមណ្ឌលផ្សាំងដំរីនៃរាជធានីអង្គរ នៃចក្រភពខ្មែរ។ បើតាមយើងគន់គូរតាមចំនួនបង្គោលដែលមាននៅក្នុងបរិវេណនៃប្រាសាទក្រោលដំរីនោះ យើងគិតមើលទៅ គឺក្នុងមួយដង ឬមួយវគ្គគឺគេអាចផ្សាំងដំរីពី២០ ទៅ៣០ក្បាល”។

លោកបានឱ្យដឹងទៀតថា ដំរីដែលគេបានផ្សាំងហើយ គេយកមកប្រើប្រាស់ គឺគេរើស​ដំរី​ដែលល្មមៗដែលមានលក្ខណៈធម្មតា គេយកទៅឱ្យអូសទាញ ដឹកជញ្ជូន និងសម្រាប់ប្រើ​ប្រាស់ជាយានជំនិះ ពីព្រោះថា ដំរីជាយានជំនិះដ៏ឧត្ដុង្គឧត្ដមនាសម័យអង្គរ អ្នកដែល​មានដំរីជិះនៅសម័យនោះ គឺជាគ្រួសារដែលមានឋានៈខ្ពង់ខ្ពស់ ឬជាគ្រួសារអ្នកមាន។

ដំរីមួយប្រភេទទៀត គឺដំរីដែលគេរើសមានលក្ខណសម្បត្តិ មានសុខភាពល្អ មានថាមពល មានសញ្ញាសម្គាល់ថាវាក្លាហាន វាមាំទាំ មានឧត្តមភាព ដំរីនោះគឺគេយកទៅហ្វឹកហ្វឺន​មួយ​វគ្គទៀត ដើម្បីប្រែក្លាយពីដំរីធម្មតាទៅជាដំរីចម្បាំង កន្លែងដែលហ្វឹកហ្វឺនដំរីចម្បាំង​នោះ​គឺនៅក្នុងព្រៃ ឆ្ងាយពីមនុស្ស ព្រោះជាកន្លែងដែលគ្រោះថ្នាក់ ព្រោះដំរីត្រូវតែច្បាំងជាមួយ​សត្វផ្សេងៗ និងមនុស្ស ដើម្បីបង្កើនភាពក្លាហានពីមួយដំណាក់កាលទៅមួយ​ដំណាក់​កាល ដើម្បីក្លាយជាដំរីចម្បាំង។

ពាក់ព័ន្ធនឹងការហ្វឹកហ្វឺនដំរីចម្បាំងនេះដែរ លោក អ៊ឹម សុខរិទ្ធី បានពន្យល់ថា រឿងរ៉ាវនៃពិធីហ្វឹកហ្វឺនដំរីធម្មតាឱ្យទៅជាដំរីចម្បាំងនោះ គឺយើងមានឃើញបង្ហាញនៅតាម​ជញ្ជាំងខឿនរបស់ព្រះលានជល់ដំរី យើងមើលពីជើងទៅត្បូងដែលមានប្រវែង៣០០ម៉ែត្រ គឺមានវគ្គមួយៗការហ្វឹកហ្វឺនដំរីឱ្យក្លាហាន ដោយឱ្យវាប្រយុទ្ធជាមួយដើមឈើ ជាមួយសត្វ ព្រៃគ្រប់ប្រភេទ ប្រយុទ្ធជាមួយមនុស្ស យើងឃើញនៅតាមឆាក តាមរឿងនីមួយៗ នៃរូប ចម្លាក់នីមួយៗ នៃខឿនព្រះលានជល់ដំរី គឺយើងឃើញថាមានដំរីខ្លះ បានយកប្រមោយ របស់ខ្លួនទៅបោចជាមួយដើមឈើធំៗ ជាមួយនឹងសត្វក្របីធំៗ សត្វខ្ទីង រហូតដល់ឃើញ មានសត្វតោផងដែរ។

នៅក្នុងជញ្ជាំងនេះ ក៏មានឆាកមួយទៀតដ៏សម្បើមនោះគឺឃើញដំរី ប្រយុទ្ធជាមួយមនុស្ស ចាប់មនុស្សបោក ដើម្បីជាមេរៀន ដើម្បីឱ្យដំរីមានសេចក្តីក្លាហាន ធ្វើឱ្យដំរីមិនខ្លាចអ្វីទាំងអស់ នៅពេលចូលច្បាំងជាមួយសត្រូវរបស់ខ្លួន មានទាំងសត្វគ្រប់​ប្រភេទ រួមទាំងមនុស្ស និងដំរីដូចគ្នា ជាមួយនឹងអាវុធធុនធំគ្រប់ប្រភេទ។ ដូច្នេះហើយនូវ​រាល់​ឆាក និងរឿងរ៉ាវទាំងប៉ុន្មានដែលនៅលើជញ្ជាំង នៃខឿនព្រះលានជល់ដំរីគឺបង្ហាញ​អំពីវិធីបង្វឹកដំរីធម្មតាឱ្យក្លាយជាដំរីចម្បាំងសម្រាប់ប្រើប្រាស់នៅក្នុងសង្គ្រាមនោះ។

លោក អ៊ឹម សុខរិទ្ធី ក៏បានពន្យល់បន្ថែមទៀតថា “ព្រះលានជល់ដំរី ដែលយើង​បាន ឃើញសព្វថ្ងៃនេះ មានមនុស្សភាគច្រើនតែងតែមានការយល់ច្រឡំ ពាក្យជល់មាន​ន័យថា យកដំរីជល់គ្នា ដើម្បីជាការប្រកួតយកឈ្នះចាញ់រវាងដំរី និងដំរី ដែលធ្វើឱ្យយើងបាត់​បង់​ទិន្ន័យជាប្រវត្តិសាស្រ្តខ្មែរ។ បើនិយាយអំពីដំរីជល់នេះ តាមពិតគឺមិនមែនជាការប្រកួតជល់​ដំរីនិងដំរីនោះទេ គឺជាការជល់ជាមួយសត្វផ្សេងៗ ជាមួយមនុស្ស ក្នុងន័យជាការហ្វឹកហាត់ ដើម្បីបង្កើនសមត្ថភាពពីដំរីធម្មតា ទៅជាដំរីចម្បាំង”៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!