កសិករខេត្តមណ្ឌលគិរី ជោគជ័យលើការដាំដំណាំកសិឧស្សាហកម្មចំបក់បារាំង

មណ្ឌលគិរី ៖ កសិករខេត្តមណ្ឌលគិរីជោគជ័យលើការដាំដំណាំកសិឧស្សាហកម្មចំបក់បារាំងសម្រាប់នាំចេញទៅកាន់ប្រទេសចិន ខណៈដំណាំនេះជាប្រភេទដំណាំសេដ្ឋកិច្ច ដែលមានទីផ្សារទាំងនៅអឺរ៉ុប និង នៅអាស៊ាន ។

លោកអ៊ំ រត្នខេមរា សហការីសហគមន៍ អភិវឌ្ឍន៍កសិកម្មកម្ពុជា បានប្រាប់វិទ្យុជាតិកម្ពុជាថាដំណាំចំបក់បារាំង ឬហៅថា ( Maccadamir ) នេះ ជាប្រភេទដំណាំកសិឧស្សាហកម្មបែបទំនើប ដែលនាំយកពូជមកពីប្រទេសអូស្រ្តាលី និងបង្កាត់ពូជនៅប្រទេសវៀតណាម ដោយសព្វថ្ងៃកំពុងដាំនៅភូមិភាគឦសាន ខេត្តមណ្ឌលគិរីសម្រាប់នាំចេញទៅកាន់ប្រទេសចិន។

លោកបន្ថែមថា ដំណាំចំបក់បារាំងនេះ មានអាយុកាល ដល់ទៅ១០០ឆ្នាំ ហើយវាមានអត្ថប្រយោជន៍ជាច្រើនដោយយើងអាច យកមកកែច្នៃធ្វើជាឱសថ គ្រាប់ធញ្ញជាតិ សូកូឡា ទឹកអប់ ប្រេងឆា គ្រឿងសម្អាង និងគ្រឿងឧបភោគបរិភោគ ជាច្រើន ប្រភេទទៀត។

លោកបញ្ជាក់ថា ដំណាំដែលប្រជាសហគមន៍នាំចូលមកដាំ គឺមានទីផ្សារនៅក្រៅប្រទេស បើសិនជាយើងបានដាំស្រប តាមស្តង់ដារ កសិកម្ម4.0 និងកែឆ្នៃស្តង់ដារឧស្សាហកម្ម 4.0 ជាប្រភេទ កសិឩស្សាហកម្ម កែឆ្នៃនាំចេញធ្វើឲ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្លូវមួយខ្សែក្រវាត់មួយ ឬ ហៅថា គោលនយោបាយ កាលានុវត្តភាព របស់គម្រោង FTA163។

សំឡេង៖ “វាជាប្រភេទដំណាំប្រាក់លាននៅប្រទេសអូស្រ្តាលីវាមានចំណូលច្រើន ដោយសារផលផ្លែវាបានច្រើន ហើយលក់បានថ្លៃ និងការកែច្នៃបានច្រើនទៅជាផលិតផលផ្សេងៗបានច្រើនមុខ ទើបយើងជ្រើសរើសប្រភេទដំណាំហ្នឹងយកមកដាំ វាជាដំណាំសេដ្ឋកិច្ច ដែលមានទីផ្សារទាំងនៅអឺរ៉ុបនិង នៅអាស៊ាន”។

សូមបញ្ជាក់ថាចំបក់បារាំង ឬហៅថា ( Maccadamir ) នេះ បានដាំតាំងពីឆ្នាំ២០១៨ លើផ្ទៃដីកន្លះហិកតា ស្មើនឹង១០០ដើម ដោយប្រើរយៈពេលក្នុងការដាំពី៣ឆ្នាំទៅ៤ឆ្នាំទើបទទួលបានផល និងមានតម្លៃ២ដុល្លារក្នុងមួយគីឡូក្រាម។ សូមបញ្ជាក់ថា បច្ចុប្បន្នមានបណ្ដាខេត្តជាច្រើនទៀត កំពុងសាកល្បងដាំដំណាំកសិឧស្សាហកម្មបែបទំនើបនេះ រួមមាន៖ ខេត្តមណ្ទលគិរី ខេត្តពោធិ៍សាត់ និងខេត្តកំពត ៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!