ក្រឡានខេត្តបាត់ដំបង នៅតែរក្សាបានភាពល្បីល្បាញពីគុណភាព និងរស់ជាតិឈ្ងុយឆ្ងាញ់

បាត់ដំបង៖ ប្រជាពលរដ្ឋ និងអ្នកប្រករបរដុតនំក្រឡានបាន ឱ្យដឹងថា នំក្រឡានខេត្តបាត់ ដំបងនៅតែរក្សាបានភាពល្បីល្បាញពីគុណភាពនិងរស់ជាតិឈ្ងុយឆ្ងាញ់ តាំងពីអតីត កាលរហូតមកដល់បច្ចុប្បន្ន។

អ្នកស្រី រុំ ផារី រស់នៅភូមិសំរោង ឃុំសំរោងក្នុងស្រុកឯកភ្នំ ដែលប្រកបមុខរបរ ដុតក្រឡាន លក់ ជាង ២០ឆ្នាំមកហើយរៀបរាប់ថា នំក្រឡាន មានគ្រឿងផ្សំ សំខាន់ៗមានដូចជា អង្ករដំណើប ដូង សណ្តែក ស្ករជាដើម។ នៅពេលលាយគ្រឿងផ្សំចូលគ្នារួច គឺច្រកក្នុងបំពង់ឫស្សី ហើយដុតរយៈពេល ២ម៉ោងទើបឆ្អិន ហើយយកមកសក ដើម្បីដាក់លក់ឱ្យអតិថិជន ។

អ្នកស្រីថា ទម្រាំបានក្រឡានឆ្អិនដាក់លក់ យើងត្រូវឆ្លង កាត់ដំណាក់កាលដូចជា រកឫស្សី មិនចាស់ពេក ហើយមិនខ្ចីពេក ទើបដុតទៅ ក្រឡានមានក្លិនឈ្ងុយ ។ នំក្រឡាន គឺជាអាហារម្យ៉ាងដែលគេធ្វើពីអង្ករដំណើប ដុតជាមួយឫស្សី រួមជាមួយគ្រឿងផ្សំផ្សេងៗ ដើម្បីឱ្យមានរស់ជាតិឆ្ងាញ់។

អ្នកស្រីបន្តថា បច្ចុប្បន្ននេះ របរដុតក្រឡាន ត្រូវបានកាត់ បន្ថយពាក់កណ្តាល ដោយ សារកូវីដ១៩ ធ្វើឱ្យអ្នកនិយមបរិភោគមិនសូវមាន។ ពេលខ្លះអ្នកស្រីត្រូវដើរលក់តាមផ្ទះ បន្ថែមទៀតនៅពេលលក់មិនអស់។

អ្នកស្រីមិនហ៊ាននិយាយថាឆ្ងាញ់ឬមិនឆ្ងាញ់នោះទេ អាស្រ័យអ្នកបរិភោគ ប៉ុន្តែរៀងរាល់ថ្ងៃ អ្នកស្រីថា មានអ្នកមកទិញជាប់ជាប្រចាំដែរបើទោះបីមានការរាតត្បាតដោយជំងឺឆ្លង់កូវីដ១៩យ៉ាង ណាក្តី ។ យ៉ាងណាក៏ដោយ អ្នកស្រី សំណូមពរដល់បងប្អូនទាំង អស់ឱ្យជួយគាំទ្រក្រឡានបាត់ដំបង ឬមកភ្លក់រសជាតិ ដល់ទីតាំងដុតផ្ទាល់នៅទល់មុខ វត្តសំរោងក្នុង ។

ក្រឡានបាត់ដំបង ត្រូវបានប្រជាពលរដ្ឋអ្នកនិយមបរិភោគទទួលស្គាល់ថា មានរសជាតិ ឈ្ងុយឆ្ងាញ់ ហើយពេលពួកគាត់ទៅរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តផ្សេងៗ តែងតែទិញក្រឡានដុតក្តៅៗ នៅមុខវត្តសំរោង ក្នុងនេះតែម្តង ដើម្បីផ្ញើសាច់ញ្ញាតិបងប្អូនមិត្តភក្តិសម្រាប់បរិភោគជាដើម ៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!