ឃាត់ខ្លួនបុរសម្នាក់ពីបទលួចគោអ្នកភូមិចំនួន ៣ ក្បាលដឹកឡានពេលយប់

ជនសង្ស័យម្នាក់ ត្រូវ នគរបាលស្រុកស្វាយចេកឃាត់ខ្លួននៅយប់ថ្ងៃទី២៦ខែ កក្កដា ឆ្នាំ ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ ៥៦A ចំណុចមុខវិទ្យាល័យកកោះ ស្ថិតក្នុងភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យ ដឹងថា ៖ នៅយប់ថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០២១ ក្រោយពីទទួលព័ត៌មានពី ប្រជាពលរដ្ឋ ឈ្មោះ វ៉ាត់ ផុន ភេទប្រុសអាយុ៥៣ឆ្នាំ នៅភូមិប្រាសាទ ឃុំ ស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ថាមានចោរចូលលួចសត្វ គោញីរបស់គាត់ចំនួន៣ក្បាល ដែលចងទុកនៅនឹងផ្ទះ ដឹកតាមរថយន្ត ម៉ាកហុកឡកូរេ ពណ៌ខៀវ ពាក់ស្លាកលេខ កំពត ២A ០៥៩៥ ។

លោកបាន ចាត់តាំងចុះប្រតិបត្តិការត្រួតពិនិត្យគ្រប់ផ្លូវចេញចូលទៅភូមិប្រាសាទ លុះ នៅវេលាម៉ោងប្រមាណ១អធ្រាត្រឈានចូលថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២១ ឃើញរថយន្តដូចមានភិនភាគម្ចាស់គោបានរាយការណ៍កំពុងបើកបរនៅលើផ្លូវជាតិលេខ៥៦A កម្លាំងនគរបាលយើងបានធ្វើការឃាត់ត្រួតពិនិត្យ មានដឹកសត្វគោញីចំនួន៣ក្បាល ។

លោកអធិការបានបញ្ជាក់ថា៖ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តនិងមានការសម្របសម្រួល ពី ឯកឧត្តម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយ មានជ័យ យើងបានឃាត់ខ្លួនអ្នកបើកបររថយន្ត ឈ្មោះ សោន ម៉ាញ ភេទប្រុសអាយុ ៤៥ឆ្នាំ នៅភូមិស្នោ ឃុំត្រពាំងស្នោ ស្រុកព្រះវិហារ ខេត្តព្រះវិហារ យកមកអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីសួរ នាំនិងចាត់ការតាមនិតិវិធីច្បាប់ ចំណែកសត្វគោទាំង៣ក្បាល ប្រគល់ ជូនម្ចាស់ដើមវិញ៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!