ជួសជុសខ្លោងទ្វារតាកាវ ​រកឃើញថ្មបញ្ចុះសីមា និងទំនៀមទម្លាប់នៃជំនឿលើការបញ្ចុះថ្មសីមា

ថ្មភក់រាងបួនជ្រុង ទំហំ៥៣សង់ទីម៉ែត្រ គុណនិង៥៣សង់ទីម៉ែត្រ មានកម្រាស់១២ សង់ទីម៉ែត្រ ដែលគេស្គាល់ជាទូទៅថាជា «ថ្មបញ្ចុះសីមា» ត្រូវបានរកឃើញទើបនៅលើ ខ្លោងទ្វារតាកាវ ក្នុងពេលដែលគេរុះរើផ្នែកខាងលើនៃរចនាសម្ព័ន្ធសំណង់ដើម្បីជួសជុល។ គេក៏បានយកថ្មបញ្ចុះសីមានោះទៅដាក់នៅកន្លែងដើមវិញហើយ។ នេះបើយោងតាមការឱ្យដឹងពីក្រុមការងារជួសជុសខ្លោងទ្វារតាកាវ នារសៀលថ្ងៃ ព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ។

គេបានធ្វើការកត់សម្គាល់នៅលើថ្មបញ្ចុះសីមានោះ មានរន្ធជាច្រើន ដែលរន្ធរាងមូល ធំមួយនៅចំកណ្តាលនៃផ្ទៃថ្មព័ទ្ធជុំវិញដោយរន្ធរាងបួនជ្រុងស្មើនៅតាមទិសទាំង៨ ហើយ នៅជ្រុងឦសានដែលជាទិសសំខាន់ នៅក្នុងជំនឿខ្មែរតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន ត្រូវបានគេដាប់រន្ធបួនជ្រុងបន្ថែមមួយទៀតនៅចន្លោះរន្ធមូលកណ្តាល និងរន្ធបួន ជ្រុងនៅទិសឦសាន។ រន្ធទាំងអស់ព័ទ្ធពីក្រៅដោយជញ្ជាំងថ្មភក់ ដែលជញ្ជាំងនេះ ត្រូវបានកាត់ផ្តាច់ចេញជា៤ជ្រុងដោយចង្អូរនៅតាមអ័ក្សសំខាន់ទាំងបួន ហើយ នៅពីលើ ផ្នែកខ្ពស់មានរន្ធតូចៗ រាងបួនជ្រុងចំនួន៣៤ ដែលគេដាប់រាក់ល្មម។ ក្នុងចំណោមរន្ធទាំង ៣៤នោះ មានរន្ធចំនួន១០នៅជ្រុងឦសាន ៩នៅជ្រុងអាគ្នេយ៍ ៧នៅជ្រុងនិរតី និង៨នៅជ្រុង ពាយ័ព្យ។

ឯកឧត្ដម គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ថ្មបញ្ចុះសីមា ភាគច្រើនគេប្រទះឃើញនៅកណ្ដាលបាតប្រាសាទ ប៉ុន្តែវាច្រើនមានកម្រាស់ក្រាស់ និង នៅ ផ្នែកខាងលើកំពូលគឺស្ដើងដូចថ្មដែលបានរកឃើញនេះ។ ឯកឧត្ដមបានប្រៀបធៀបជំនឿ និងទំនៀមទម្លាប់ នៃការបញ្ចុះថ្មសីមា ទៅនឹងសំណង់ផ្ទះលំនៅឋានខ្មែរ ជាមួយនឹងការចង ក្រណាត់ពណ៌ក្រហម(យ័ន្ត) នៅចំកណ្តាលមេដំបូល ដែលទើបតែសាងសង់ថ្មីដើម្បីការពារ ផ្ទះផងដែរ។

ឯកឧត្តម គឹម សុធិន បានឱ្យដឹងទៀតថា ថ្មបញ្ចុះ ដែលរកឃើញនៅពេលជួសជុលត្រូវ បានបញ្ចុះកាលដើមឡើយនៅលើកំពូលប្រាង្គកណ្តាល ប៉ុន្តែវាបានរលុះធ្លាក់មកទើរនៅពាក់ កណ្តាលនៃខ្លោងទ្វារតាកាវ ដោយឯកឧត្តម ពន្យល់ថា ក្រៅពីការបញ្ចុះថ្មដែលមាន រន្ធច្រើននៅកំពូលប្រាសាទ គេបានឃើញថ្មបញ្ចុះស្រដៀងគ្នានៅក្នុងគ្រឹះប្រាសាទ មួយចំនួន នៅក្នុងតំបន់អង្គរ។ ការបញ្ចុះថ្មទាំងអស់មិនថាតែនៅក្នុងគ្រឹះ និងលើកំពូលប្រាសាទ គឺនឹងធ្វើឱ្យសំណង់ដែលកំពុងសាងសង់មានភាពរឹងមាំ ព្រមទាំងនាំមកនូវសេចក្តីសុខ និងសេចក្តីចម្រើនដល់សំណង់។

ឯកឧត្ដម គឹម សុធិន បានពន្យល់ទៀតថា ទាក់ទងនឹងរន្ធនៅលើថ្មបញ្ចុះវិញថា រន្ធតូចៗប្រើសម្រាប់ដាក់សន្លឹកមាសស្ដើងៗ ហើយរន្ធមួយធំនៅចំកណ្ដាលប្រើសម្រាប់ដាក់ ដងបង្គោលត្រីសូល៍ ដូចឃើញមាននៅចម្លាក់ប្រាសាទបាយ័នស្រាប់។ យើងពិនិត្យឃើញថា កំពូលប្រាសាទបាយ័នបានបាត់ត្រឹមផ្កាឈូក និងមានសេសសល់ថ្មខ្លះៗដែលជា ទម្រឬសសីមាប៉ុណ្ណោះ។ ការបាត់បង់ទាំងនោះគឺជាការរុះរើដោយមនុស្សដើម្បីរក របស់មានតម្លៃ។ បច្ចុប្បន្ន យើងបានលើកយកថ្មបញ្ចុះទៅដាក់នៅលើកំពូលប្រាង្គកណ្តាល នៃខ្លោងទ្វារតាកាវវិញ ក្រោយពីបានពង្រឹងកន្លែងពុកផុយ និងជួសជុលកន្លែងប្រេះ បែករួចរាល់។

ឯកឧត្ដម គឹម សុធិន បញ្ជាក់ថា ការរកឃើញថ្មបញ្ចុះនៅកំពូល ប្រាសាទនេះ មិនមែនជាលើកដំបូងទេ នៅក្នុងតំបន់បេតិកភណ្ឌពិភពលោក-អង្គរ ព្រោះកាល ពីពេលកន្លងមក គេធ្លាប់បានរកឃើញថ្មបញ្ចុះដែលមានទម្រង់ផ្សេងៗ ដែលវិវឌ្ឍទៅតាម សម័យកាលនៅប្រាសាទដំរីក្រាបលើភ្នំគូលែន ប្រាសាទបន្ទាយស្រី ប្រាសាទបន្ទាយក្តី និងប្រាសាទទន្លេស្ងួតជាដើម៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!