ឃើញម៉ូតូតម្លៃធូរ ទិញពីអ្នកមិនដែលស្គាល់ ជិះមិនបានប៉ុន្មានថ្ងៃផង ត្រូវបែកការណ៍
ជនសង្ស័យម្នាក់ក្រោយពីចាប់ខ្លួនត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ដើម្បីចាត់ការតាមនិតិវិធី ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា៖ ដោយយោងតាមសំណុំរឿងលេខ៥២ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត (ដើមបណ្តឹងឈ្មោះ Derick (ឌេរិក) ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងដោយអនុវត្តបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ ។
លោកបានចាត់កម្លាំងចុះធ្វើការស៊ើបអង្កេត និងស្រាវជ្រាវតាមវិធានការជំនាញ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ សឹង្ហ ចំណាន ភេទប្រុស អាយុ ២២ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជននេះបានធ្វើសកម្មភាពលួចយកម៉ូតូម៉ាកSuzuki Raider ពណ៍ខៀវ លាយខ្មៅ របស់ជនរងគ្រោះឈ្មោះ Derick ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសួរនាំ។
លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់ទៀតថា៖ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនមិនបានធ្វើសកម្មភាពលួចម៉ូតូម៉ាក Suzuki Raider ពណ៌ខៀវលាយខ្មៅរបស់ជនរងគ្រោះឈ្មោះ Derick (ឌេរិក) នោះទេចំពោះម៉ូតូ Suzuki Raider ដែលខ្លួនបានជិះ គឺខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ អាយុប្រហែល ២៦ឆ្នាំ ដោយរូបគេបានយកម៉ូតូ Suzuki Raider ពណ៌ខៀវ លាយខ្មៅ មកលក់ឱ្យខ្លួនក្នុងតម្លៃ ប្រមាណ ១ពាន់ដុល្លារ
ដោយខ្លួនទើបតែលេងហ្គេមបាញ់ត្រីឈ្នះផង ខ្លួនក៏បានទិញយកម៉ូតូខាងលើតែម្ដងក្នុងការទិញម៉ូតូនេះ ខ្លួនក៏បានដឹងដែរថា ម៉ូតូខាងលើនេះ គឺបុរសមិនស្គាល់ឈ្មោះខាងលើ បានធ្វើសកម្មភាពលួចពីជនជាតិឥណ្ឌូនេស៊ីម្នាក់ តែខ្លួនមិនរាយការណ៍ឱ្យសមត្ថកិច្ចបានដឹងនោះទេ គឺខ្លួននៅតែបន្តជិះម៉ូតូនោះ រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ ចំពោះម៉ូតូដកហូតបាន ត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប្រគល់ឱ្យទៅម្ចាស់ដើមវិញហើយ៕