លើកទី១ដែលឃើញ ឆន សុវណ្ណរាជ យំពេលបើកមើលរូបថតម្ដាយ ឯឪពុកក៏កំពុងឈឺ
ជាងមួយឆ្នាំហើយដែល ម្ដាយតារាចម្រៀងប្រុស ព្រមទាំងជាគណៈកម្មការក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ លោក ឆន សុវណ្ណរាជ បានទទួលអនិច្ចកម្មទៅ ពោលគឺ គាត់បានឃ្លាតទៅនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ដែលធ្វើឲ្យតារាប្រុសរូបនេះ មានក្តីសោកសង្រេងជាខ្លាំង ចំពោះការបាត់បង់ម្ដាយជាទីស្រលាញ់។
ហើយចាប់តាំងពីថ្ងៃដែលម្ដាយបានឃ្លាតឆ្ងាយទៅ លោក ពុំដែលហ៊ាន បើកមើលរូបថតម្ដាយនៅក្នុងកម្មវិធីបុណ្យសូម្បីម្តង ព្រោះនៅមិនទាន់អាចធ្វើចិត្តបាននៅឡើយ រហូតមកដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ លោកបានសម្រេចចិត្តបើកមើលជាលើកទី១ក្នុងឆាកជីវិតទាំងអារម្មណ៍សោកសៅ ទឹកភ្នែកហូរ។
លោកក៏បានបង្ហោះវីដេអូ អមជាមួយសារប៉ុន្មានឃ្លា លើបណ្ដាញសង្គម ដោយសររសេររៀបរាប់ថា៖ «លើកទីមួយដែលហ៊ានបើកមើល ព្រោះតែនឹកខ្លាំងពេក ពេលនេះប៉ាកំពុងឈឺ ម៉ាក់ជួយឲ្យប៉ាឆាប់ជាណា ចង់ប្រាប់ថានឹកខ្លាំងណាស់អ្នកម្តាយកូនអើយ»។
ពេលបានឃើញ ម្ចាស់បទ ទីក្រុមគ្មានមេឃ រូបនេះ មានសេចក្ដីក្រៀមក្រំ នឹករលឹកម្ដាយរហូត យំខ្សឹកខ្សួល បានធ្វើឲ្យ មហាជនដែលជាអ្នកគាំទ្រ ក៏ដូចជាមិត្តក្នុងសិល្បៈ មានអារម្មណ៍សោកសៅអាណិតលោកជាខ្លាំង។
គួរបញ្ជាក់ផងដែរ គេតែងឃើញលោក ឆន សុវណ្ណរាជ មានភាពស្និទ្ធស្នាលជាមួយម្ដាយខ្លាំង កាលពីម្ដាយ មិនទាន់ទទួលអនិច្ចកម្ម ដោយតារាប្រុសរូបនេះ តែងតែបង្ហោះរូបភាព បង្ហាញការដឹងគុណខ្លាំងណាស់ចំពោះម្ដាយ ដែលធ្វើឲ្យគ្រប់គ្នាសរសើរគ្រប់មិនដាច់ពីមាត់ ពីភាពកត្តញ្ញូ របស់លោកចំពោះអ្នកមានគុណ៕(អត្ថបទ៖ ហង្ស សម្បត្តិ)