បរិវេណមុខព្រះលានជល់ដំរីនឹងប្រែមុខមាត់ថ្មី បន្ទាប់ពីជួសជុលរួច ស្រស់ស្អាតប្លែក

សៀមរាប៖ បច្ចុប្បន្នបរិវេណមុខព្រះលានជល់ដំរី បាននិងកំពុងចាប់ផ្តើមកែប្រែមុខមាត់ថ្មី បន្ទាប់ពីអាជ្ញាធរជាតិអប្សរា ដំណើរការរៀបចំ ក្រាលថ្មបាយក្រៀមសម្រាប់ផ្លូវថ្មើរជើង មានដាំសួនស្មៅ និងដាំដើមឈើ ដើម្បីលើកកម្ពស់សោភ័ណភាពនៅទីតំាងនេះ ឲ្យបាន ស្រស់ស្អាត។

លោកឡុង កុសល អគ្គនាយករងនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ដើម្បីលើកតម្លៃប្រាង្គប្រាសាទ បង្កើនភាពស្រស់ស្អាត ទេសភាពបៃតង នៅបរិវេណមុខព្រះលានជល់ដំរី ឲ្យកាន់តែមានភាពទាក់ទាញ ក្រុមការងារជំនាញអាជ្ញាធរជាតិអប្សរា បាននិងកំពុង ដំណើរការរៀបចំក្រាលថ្មបាយក្រៀមសម្រាប់ផ្លូវថ្មើរជើង ដំាស្មៅជាលក្ខណៈសួន និងដាំដើមឈើ ធ្វើយ៉ាងណាឲ្យរួចរាល់ក្នុងឆ្នាំ ២០២១នេះ។

បន្ថែមពីនេះលោកបន្តថា ទីតំាងនេះក៏មានការរៀបចំ លែងឲ្យមានចរាចរណ៍យានយន្តលើគន្លងផ្លូវចាស់ ដោយជំនួសនូវផ្លូវវាងថ្មី ដើម្បីការបញ្ចៀសសកុំឲ្យប៉ះពាល់ដល់ប្រាសាទបុរាណ ដោយសារតែភាពរំញ័រ នៃគ្រឿងយន្ដ។ លោកបន្តថា ក្រោយពេលគម្រោងទាំងនេះ ត្រូវបានបញ្ចប់រំពឹងថា នៅបរិវេណមុខព្រះលានជល់ដំរី នឹងមានសោភ័ណភាព ទេសភាពបៃតង ទាក់ទាញអ្នកទេសចរជាតិ និង អន្ដរជាតិ ទៅទស្សនា ក្រោយបញ្ចប់ជំងឺកូវីដ-១៩ នាពេលខាងមុខ។

យើងកំពុងរៀបចំបណ្តើរៗកំពុងអនុវត្តមិនទាន់បានអ្វីរួចរាល់នៅឡើយទេ ប៉ុន្តែវាស្ថិតនៅក្នុងជំហានរីកចម្រើនទៅមុខហើយ តែគម្រោងនេះនឹងត្រូវបញ្ចប់ក្នុងឆ្នាំហ្នឹងហើយ មិនយូរទេ ជាផ្នែកមួយនៃការខិតខំរបស់អាជ្ញាធរជាតិអប្សរា ក្នុងការរៀបចំគ្រប់គ្រង នូវរបៀបរៀបរយឲ្យភ្ញៀវ គោលបំណងសំខាន់របស់យើងលើកកម្ពស់ សេវាកម្មនៅក្នុងតំបន់ហ្នឹងឲ្យបានត្រឹមត្រូវ។

ហើយក្នុងកិច្ចការងារនេះ ត្រូវបានរៀបចំឲ្យមានតុល្យភាព អ៊ីចឹងបានជាយើងមានការបង្ខិតផ្លូវ ចេញពីព្រះលានជលដំរី កុំឲ្យចរាចរណ៍រថយន្ត នៅកៀកជាមួយ ប្រាសាទពេក ជាចំណុចសំខាន់នៃគម្រោងអនុវត្ត។

សូមជម្រាបផងដែរថា លានជល់ដំរីដែលស្ថិតនៅខាងមុខនៃគោបុរៈខាងកើត នៃកំពែងព្រះបរមរាជវាំង ត្រូវបានស្ថាបនាឡើង នៅចុង សតវត្សរ៍ទី១២ នៃគ្រិស្តសករាជ ដោយព្រះបាទជ័យវរ្ម័នទី៧។ នៅទីនេះមានរូបចម្លាក់ដំរី និងហ្មជាច្រើន។ រូបនោះបង្ហាញពីដំរីដែលប្រើប្រាស់ប្រមោយដើម្បីប្រមាញ់ និងប្រយុទ្ធជាមួយនឹងខ្លា។

លាននេះមានប្រវែងប្រហែល ៣៥០ម៉ែត្រ ចាប់ពីប្រាសាទបាពួន ដល់លានស្តេចគម្លង់។ លាននេះមានរានហាលចំនួនបី និងមានពីរជាន់។ ជណ្ដើរឡើងខាងត្បូងអមសងខាងដោយដំរីក្បាល៣កាន់ផ្កាឈូកនៅប្រមោយរបស់វា។ ទីនេះត្រូវបានព្រះបាទជ័យវរ្ម័នទី៧ប្រើប្រាស់ជាវេទិកាពីការវិលត្រឡប់នៃកងទ័ពរបស់ព្រះអង្គដែលបានទទួលជ័យជំនះពីសង្គ្រាម៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!