ឈូសឆាយលើកផ្លូវ ប្រទះឃើញទីតាំងឡបុរាណ​ផលិតកុលាលភាជន៍​អាយុកាលជាង ១០០០ឆ្នាំ

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ឲ្យដឹងថា ទីតាំងឡបុរាណសម្រាប់​ផលិតកុលាល​ភាជន៍ដែលមានអាយុកាលជាង ១០០០ឆ្នាំនៅជើងភ្នំគូលែន ត្រូវបាន​ទទួលរងការឈូសឆាយ​លើកផ្លូវចូល​ទៅក្នុង​សហគមន៍ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងភូមិសសី នៃឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថានីយទ្បដុតកុលាលភាជន៍បុរាណមួយនេះ​ស្ថិតនៅជាប់នឹងត្រពាំងបុរាណមួយឈ្មោះ​”ត្រពាំងនាង​សណ្តាយ” ដែលជាអតីតកន្លែងផលិត​កុលាលភាជន៍​បុរាណដ៏ធំមួយនាដើមសម័យអង្គរ ប្រភេទស្រទាប់​រលោងពណ៌បៃតងដែលផ្តើមផលិតក្នុងរវាងសតវត្ស ទី៩-១០ នៃគ.ស ដែលកុលាលភាជន៍ចេញពីតំបន់​នេះធ្លាប់ត្រូវបានគេ​ប្រទះឃើញនៅតាមស្ថានីយ​កំណាយផ្សេងៗក្នុងខេត្តសៀមរាប ក៏ដូចជាតំបន់ផ្សេងៗ​ទៀតនៅភាគខាងត្បូងនៃប្រទេសវៀតណាម សព្វថ្ងៃទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតមែនតែទីតាំងនេះធ្លាប់ត្រូវបានសិក្សាបុរាណវិទ្យាក្នុងពេលកន្លងមក និងត្រូវបានចុះក្នុងបញ្ជីបុរាណដ្ឋាន​រួចហើយក្តី ប៉ុន្តែកង្វះខាតនៃថវិកាទ្រទ្រង់មិន​ទាន់អនុញ្ញាតឱ្យការងារអភិរក្សធ្វើទៅបាននៅឡើយទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សោកស្តាយ ដែលល្បឿននៃការងារអភិរក្សដើរក្រោយល្បឿននៃតម្រូវការអភិវឌ្ឍន៍ ហើយរឹតតែសោកស្តាយ​ដែលអ្នកភូមិសសីមិនទាន់មានលទ្ធភាព​អាចស្វែងយល់ពីគុណតម្លៃដ៏ធំធេងនៃទ្រព្យកំណប់​មហាសាលដែល​មាន​នៅក្នុង​ភូមិរបស់ខ្លួន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សង្ឃឹមថា ថ្ងៃណាមួយនឹងមានឱកាស​សហការជាមួយអាជ្ញាធរជាតិអប្សរា បង្កើតវគ្គអប់រំផ្សព្វផ្សាយដល់​អ្នកភូមិសសី ឱ្យបានយល់ពីគុណតម្លៃនៃបេតិកភណ្ឌប្រវត្តិសាស្ត្រ និងលក្ខណៈពិសេសរបស់វា ដើម្បីឱ្យ​សហគមន៍មូលដ្ឋានអាចចូលរួម​ស្រលាញ់ថែរក្សាឱ្យតម្លៃ និងជួយការពារសម្បត្តិដ៏​មានតម្លៃនេះទាំងអស់គ្នា ហើយបើសិនជាអាចនាំគ្នា​បង្កើតជាទ្បដុតកុលាលភាជន៍ និងផលិតជាផលិតផល​លក់ទៅតាម​ទំនៀមទម្លាប់​ដើម​ប្រចាំភូមិរបស់ខ្លួនទៀតនោះ គឺរឹតតែប្រសើរមែនទែន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការពិនិត្យជាក់ស្តែង ការឈូសឆាយនេះមិនទាន់បានប៉ះពាល់ខ្លាំងដល់រចនាសម្ព័ន្ធ និងគ្រឿងបង្គុំរបស់​ឡនៅឡើយទេ តែជាវិធានការណ៍បន្ទាន់ ក្រុមការងារចម្រុះ​របស់រដ្ឋបាលស្រុក និងអាជ្ញាធរជាតិអប្សរា​បានដាក់របាំងការពារ ហាមឃាត់ការឈូសឆាយបន្ត កាយប្រមូលដីដែលបានយកចេញ​ពីជើងទួលមកពូនបិទ​កន្លែង​ខូចខាតទ្បើងវិញ ព្រមទាំងអប់រំណែនាំឱ្យប្រជាជនរស់នៅក្បែរស្ថានីយនេះជួយអភិរក្ស និងរក្សាគម្លាត​ឱ្យដាច់ចេញពីទីទួលបុរាណនេះផងដែរ។ អាជ្ញាធរជាតិអប្សរាក៏នឹង​សហការជាមួយរដ្ឋបាលស្រុក​រៀបចំបោះ​បង្គោល​ព្រំការពារបុរាណដ្ឋានទាំងនេះ ដើម្បីបញ្ជៀសការ​ឈូសឆាយនៅថ្ងៃមុខទៀត៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!