សារាយផ្ដល់អុកស៊ីហ្សែនច្រើនជាងគេដល់ផែនដី និងមានប្រយោជន៍ចំពោះសុខភាពនឹកស្មានមិនដល់

មិននឹកស្មានសោះថា «សារាយ» ថ្វីដ្បិតតែជារុក្ខជាតិដ៏តូចក៏ពិតមែន ប៉ុន្តែវាបានផ្ដល់ប្រយោជន៍ច្រើនជាងរុក្ខជាតិធំៗដទៃទៀត ដោយបានផលិតអុកស៊ីហ្សែនយ៉ាងច្រើនជាងគេបំផុតបញ្ចេញមកឱ្យផែនដី ដើម្បីទ្រទ្រង់ជីវិតផ្សេងៗដែលរស់នៅលើផែនដី។

មិនត្រឹមតែប៉ុណ្ណោះ តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រនាយុគសម័យបច្ចុប្បន្ននេះក៏បានរកឃើញដែរថា សារាយក៏ជាអាហារដ៏ល្អបំផុតចំពោះសុខភាពមនុស្ស ដែលគេអាចយកមកផលិតជាឱសថកែរោគ ឬបំប៉នសុខភាពជាដើម។

តាមឯកសារដែល Fresh News Plus ស្រាវជ្រាវបានឱ្យដឹងថា សារាយ បានបញ្ចេញឧស្ម័នអុកស៊ីហ្សែន ដែលផលិតមកពីដំណើរការរស្មីសំយោគ។ អុកស៊ីហ្សែនទាំងអស់ដែលពួកវាបញ្ចេញមក មានបរិមាណច្រើនជាងអុកស៊ីហ្សែនរបស់ដើមឈើ និងរុក្ខជាតិនៅលើដីទាំងអស់បញ្ចេញរួមគ្នាទៅទៀត។

ឯកសារបានបន្តថា សារាយនៅក្នុងយុគដំបូង គឺជាធាតុផ្សំសំខាន់របស់ប្រេង និងឧស្ម័នដែលនៅក្រោមផ្ទៃផែនដី។ សារាយពណ៌បៃតងលាយពណ៌ប្រាក់ ឬហៅម្យ៉ាងទៀតថា ស្យាណូបាក់តេរី (Cyano) គឺជាធាតុផ្សំរបស់ភាវៈមានជីវិតដំបូងបំផុតនៅលើពិភពលោក ដែលត្រូវបានរកឃើញនៅក្នុងគ្រោងហ្វូស៊ីលមានអាយុប្រមាណ ៣,៦០០ លានឆ្នាំមុនមកម៉្លេះ។

ទោះជាសារាយប្រភេទខ្លះចាត់ចូលក្នុងប្រភេទដូមេនយូឃែរីអូតក៏ដោយ តែបច្ចុប្បន្នស្យាណូបាក់តេរីត្រូវបានគេអះអាងថា ស្ថិតក្នុងពិភពបាក់តេរីសុទ្ធសាធ គឺអម្បូរហ្វៃឡូម (Phylum) ជារបស់ខ្លួន។

រូបសណ្ឋានមួយរបស់ស្យាណូបាក់តេរី គឺសារាយស្ពីរ៉ូលីណា ( Spirulina)។ បើប្រៀបធៀបគ្នាទៅតាមរង្វាស់ឯកតាអេគ័រ សារាយប្រភេទនេះផ្តល់ប្រូតេអ៉ីនច្រើនជាងសណ្ដែកសៀងដល់ទៅ ២០ ដង និងមានប្រូតេអ៉ីន ៧០% ខ្លាញ់ ៥% គ្មានជាតិកូលេស្តេរ៉ូល ពិសេសវាសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែជាច្រើនទៀត។ ហេតុនេះហើយទើបមនុស្សនិយមចូលចិត្តយកសារាយស្ដីរ៉ូលីណា មកកិនយកទឹកបរិភោគកាន់តែច្រើនជាបន្តបន្ទាប់។

លើសពីនេះ វានៅជួយបន្ថែមប្រព័ន្ធអង់ទីគ័រសម្រាប់ការពាររោគផងដែរ ជាពិសេសគឺវាផលិតប្រូតេអ៉ីនប្រឆាំងនឹងមេរោគ ដោយមានតួនាទីជាកំពែងដំបូងគេដែលការពាររាង្គកាយពីមេរោគ និងកោសិកាសាច់ដុះទាំងឡាយ។ ប្រភពដដែលបានបញ្ជាក់ទៀតថា រយៈពេលជាច្រើនរយឆ្នាំកន្លងមក កុលសម្ពន្ធអេស្ទិកនៅប្រទេសម៉ិចស៊ិកូ ក៏ដូចជាជនជាតិភាគតិចនៅតំបន់សមុទ្រខ្សាច់សាហារ៉ា ហើយសូម្បីតែសត្វក្រៀលសុទ្ធតែដឹងថា សារាយស្ពីរ៉ូលីណាមានគុណប្រយោជន៍ចំពោះសុខភាព។

សារប្រយោជន៍របស់សារាយស្ពីរ៉ូលីណា គឺវាដុះនៅលើដីមិនស្អាត ឬក្នុងទឹកកខ្វក់ (ទឹកដែលអាចយកប្រើប្រាស់សាជាថ្មីបាន)។ សារាយប្រភេទនេះជាដំណាំកសិកម្មដែលមិនកាត់ច្រោះដី មិនបាច់ប្រើជី ឬថ្នាំបាញ់សម្លាប់សត្វល្អិតនោះទេ ហើយទាំងជួយធ្វើឱ្យស្រទាប់បរិយាកាសមានសំណើមជាងភាវៈមានជីវិតផ្សេងទៀត៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!