ក្រុមការងារអាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលបណ្ណាល័យខាងត្បូងនៃប្រាសាទព្រះខ័ន

បណ្ណាល័យខាងត្បូង នៃប្រាសាទព្រះខ័ន បានបញ្ចប់ការជួសជុល កាលពីខែឧសភា ឆ្នាំ២០២១ ក្រោយពីបណ្ណាល័យមួយនេះមានសភាពទ្រុឌទ្រោម ហើយទ្រេតខ្លាំងទៅជ្រុងខាងត្បូងដោយសារគ្រឹះចុះខ្សោយ និងដើមស្ពង់ធំដុះពីលើដំបូលធ្វើឱ្យប្រេះស្រាំបើកចំហរថ្នេរថ្មធំ ចាប់ពីផ្នែកដំបូល រហូតដល់ខឿនដែលអាចប្រឈមនឹងការដួលរលំ។

លោក ជា សារិទ្ធ បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោង បានបញ្ជាក់ថា ចាប់តាំងពីខែសីហា ឆ្នាំ២០២០ រហូតដល់ខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក World Monuments Fund (WMF) ធ្វើសម្រង់ប្លង់ និងសិក្សាយ៉ាងម៉ត់ចត់ពីស្ថានភាពគ្រោះថ្នាក់ រួមទាំងការធ្វើកំណាយបុរាណវិទ្យា ដើម្បីពិនិត្យស្ថានភាពគ្រឹះរបស់ប្រាសាទ។ លោក បន្តថា គម្រោងនេះប្រើរយ:ពេលប្រហែល១៥ខែ ត្រូវរុះរើថ្ម ជួសជុលពង្រឹងគ្រឹះ និងរៀបផ្គុំតាមផ្នែកដែលខូចខាតឡើងវិញ។

បុរាណវិទូរូបនេះបានឲ្យដឹងទៀតថា ក្រោយពេលបញ្ចប់ការជួសជុលបណ្ណាល័យខាងត្បូង នៃប្រាសាទព្រះខ័នរួចរាល់ អាជ្ញាធរជាតិអប្សរា មានផែនការជួសជុលខ្លោងទ្វារខាងកើត នៃអាគារព្រះឥសូរ និងជួសជុលកំពង់ទឹកនៅខាងកើតព្រះខ័ន។ ក្រៅពីនោះអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោកលើគម្រោងធ្វើផែនទីហានិភ័យ ដើម្បីកំណត់ទីតាំងដែលប្រឈមនឹងគ្រោះថ្នាក់ និងកំណត់គោលដៅជួសជុលនៅកន្លែងអាទិភាព៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!