ដំណាំល្មើកំពុងតែហុចផល ប្រជាកសិករអ្នកដាំសប្បាយចិត្ត ព្រោះកំណើនកើតជាងឆ្នាំទៅ

បន្ទាយមានជ័យ៖ ដំណាំល្មើគឺជាដំណាំមួយប្រភេទដែល កន្លងមកមិនដែលធ្លាប់មាននៅក្នុងទឹកដីនៃខេត្តបន្ទាយមានជ័យ ដែលដំណាំហូបផ្លែប្រភេទនេះធ្លាប់មាននៅតែបរទេសប៉ុណ្ណោះ ប៉ុន្តែដោយការចេះស្វែងយល់របស់ប្រជាកសិករយើង ពីការដាំដំណាំហូបផ្លែប្រភេទល្មើនេះ តាមសង្កេតឃើញមាន កសិករយើងមួយចំនួនទើបតែធ្វើការដាំដុះនិងមួយចំនួនទៀតគាត់ដាំយូរហើយនិងកំពុងតែប្រមូលផលបានបណ្តើរៗហើយផងដែរ ។

បើតាមការឲ្យដឹងពីប្អូនប្រុសឈ្មោះ​ យាន មេន អាយុ៣៦ឆ្នាំ ជាប្រជាកសិករដាំដំណាំល្មើ នៅភូមិកងវ៉ា សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អាស៊ីអាគ្នេយ៍​ប្រចាំខេត្តបន្ទាយមានជ័យ ឲ្យដឹងនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញថា៖ ដំណាំល្មើនេះ ប្អូនបានដាំរយៈពេល៤ឆ្នាំកន្លងមកហើយ នៅលើផ្ទៃដីទំហំ០៤រ៉ៃ ស្មើនឹង៦,៦០០ម៉ែត្រការេ ដែលមានដើម ល្មើសរុបចំនួន១៦០ដើមជាប្រភេទល្មើបាសាហ៊ី ។

ចំពោះឆ្នាំនេះ គឺជាឆ្នាំទី០២ហើយដែលដំណាំល្មើរបស់ប្អូនបានទទួលផល ហើយបើប្រៀបធៀបទៅនឹងឆ្នាំទី០១ ឃើញថាវាមានកំណើនកើនឡើងចំពោះដើមនីមួយៗមានសាងផ្លែច្រើនជាងឆ្នាំទី០១ ក្នុងឆ្នាំទី០២នេះ មានដើមខ្លះផ្លែចាប់១០ទៅ១៥សាងនិងរហូតដល់ទៅ២០សាងក៏មានក្នុង០១សាងមានទំងន់មិនតិចជាង០៥គ.ក្រ ហើយ០១ដើមចាប់ពី៣០គ.ក្រឡើងទៅ ។

ប្អូនបានបញ្ជាក់ថា៖ចំពោះដំណាំល្មើនេះ មិនសូវជាពិបាករកទីផ្សារនោះទេ ហើយបច្ចុប្បន្ននេះមានអថិតិជនជាច្រើន ក្នុងនិងក្រៅខេត្តបានទាក់ទងមក តែប្អូនមិនទាន់កាត់លក់ទេ ព្រោះល្មើទុំមិនទាន់ល្អ មានទុំល្អបន្តិចបន្តួចគ្រាន់តែលក់ជូនអថិតិជនដែលមកលេងដល់ចំការប៉ុណ្ណោះ តែចំពោះតម្លៃវិញគឺមិនឡើងទេលក់ដូចឆ្នាំទៅមិញ គឺ០១គ.ក្រ ៥០,០០០រៀលប៉ុណ្ណោះ ។

ប្អូន​ យាន មេន បានបញ្ជាក់ទៀតថា៖ នៅថ្ងៃខាងមុខប្អូននឹងពង្រីកការដាំដុះដំណាំល្មើនេះបន្ថែមទៀត ។ ហើយក្នុងនោះដែរ បើមានអថិតិជន ដែលមានបំណងចង់ប្រកបរបរដាំល្មើនេះ ប្អូនមានកូនល្មើ ដើម្បីលក់ជូនផងដែរ ដោយក្នុង០១ដើមតម្លៃជាង៣ដុល្លា ជាប្រភេទកូនល្មើបាសាហ៊ី ដែលប្អូនបានបណ្តុះផ្ទាល់ខ្លួនឯង៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!