ត្រីរាជ ជាប្រភេទត្រីទឹកសាបដ៏ធំបំផុតមួយ ក្នុងចំណោមត្រីធំបំផុតទាំង ៣ប្រភេទនៅកម្ពុជា

នៅព្រះរាជាណាចក្រកម្ពុជាយើង មានត្រីទឹកសាបធំៗបំផុតចំនួនបីប្រភេទគឺ ត្រីបបែលយក្ស ត្រីគល់រាំង និងត្រីរាជ។ តើហេតុអ្វីទើបត្រីនេះមានឈ្មោះថា ត្រីរាជ និងមានលក្ខណៈសម្គាល់ ជីវចម្រុះ ព្រមទាំងកត្តាប្រឈម ហើយមានប្រវត្តិយ៉ាងណាដែរ? ដើម្បីដោះស្រាយចម្ងល់ទាំងនេះ AKP បានធ្វើបទសម្ភាសន៍ដាច់ដោយឡែកជាមួយនឹងបុគ្គលល្បីៗ ដែលមានបទពិសោធន៍ និងធ្លាប់បាននិងកំពុងស្រាវជ្រាវ ពាក់ព័ន្ធនឹងត្រីរាជនេះ។

លោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល និងជាបុរសឆ្នើមក្នុងការងារអភិរក្សទន្លេមេគង្គ បានប្រាប់ថា ត្រីរាជ ជាប្រភេទត្រីទឹកសាបដែលធំបំផុតមួយ ហើយគេសន្មតថាត្រីនេះធំជាងត្រីបបែលយក្ស និងត្រីគល់រាំងទៅទៀត។ ត្រីរាជស្ថិតក្នុងអំបូរ ប៉ង់ហ្គាស៊ីដេ (Pangasiidae) ហើយមានឈ្មោះជាភាសាអង់គ្លេស Mekong Giant Catfish និងមានឈ្មោះវិទ្យាសាស្រ្ត Pangasianodon gigas ដែលអាចមានប្រវែងរហូតដល់ ៣ម៉ែត្រ និងមានទម្ងន់ប្រមាណ ៣០០គីឡូក្រាម។ ត្រីរាជស្ថិតក្នុងក្រុមត្រីដែលពុំមានស្រកី មានស្បែករលោង មានពុកមាត់ខ្លី០២គូ និងមានព្រុយខ្នងច្បាស់ និងមានទ្រនុងរឹងចំនួន០៧ ព្រុយខ្លាញ់តូច ព្រុយគូទវែងមិនជាប់ជាមួយកន្ទុយ និងមានមាត់នៅនៅខាងក្រោម។

ពាក់ព័ន្ធនឹងឈ្មោះត្រីរាជនេះផងដែរ លោក ថាច់ ផាណារ៉ា បានគូសបញ្ជាក់ថា ៖ “ជាទូទៅត្រីរាជ ពេលកើតមកភ្លាម មិនមានឈ្មោះផ្សេងៗដូចត្រីគល់រាំងនោះទេ គឺមានតែឈ្មោះត្រីរាជតែមួយគត់ ហើយត្រូវបានហៅតៗគ្នាជាយូរណាស់មកហើយ។ បើតាមរឿងនិទានដែលខ្ញុំធ្លាប់អានពាក់ព័ន្ធនឹងមូលហេតុអ្វីបានជាត្រីនេះ មានឈ្មោះថាត្រីរាជនោះ គឺមានដំណាលថា កាលពីយូរលង់ណាស់មកហើយ មានការវាយឈ្នះលើកងទ័ពជើងទឹករបស់សត្រូវ ដោយកងទ័ពជើងទឹកខ្មែរ បន្ទាប់មកក៏មានពិធីអបអរជ័យជម្នះនេះ ដោយមានការចូលរួមពីព្រះរាជាផងដែរ។

នៅក្នុងពិធីអបអរនោះ ប្រជានេសាទបានចាប់បានត្រីដ៏ធំមួយក្បាល ក៏យកត្រីនេះមកឱ្យមេទ័ព ហើយមេទ័ពនោះក៏បានយកទៅថ្វាយព្រះរាជា។ ព្រះរាជាក៏បានសួរថា ត្រីនេះជាត្រីអ្វី បានជាធំយ៉ាងនេះ ហើយយើងមិនដែលឃើញសោះ? អ្នកនេសាទមិនអាចឆ្លើយបានព្រោះមិនស្គាល់ដែរ ក្នុងខណៈនោះ មានមេទ័ពរូបនេះបានប្រាប់ព្រះរាជាថា ត្រីហ្នឹងឈ្មោះថា ត្រីរាជ ដែលតាមការពិតមេទ័ពនេះក៏មិនដឹងថាឈ្មោះអ្វីដែរ គឺឆ្លើយយករួចខ្លួនប៉ុណ្ណោះ។ ដោយក្តីអាណិតស្រលាញ់ព្រោះជាប្រភេទត្រីធំបំផុតដែលព្រះអង្គមិនដែលឃើញ ព្រះអង្គក៏សម្រេចព្រលែងត្រីរាជនេះ ចូលទន្លេវិញ ហើយឈ្មោះត្រីរាជនេះ ក៏ត្រូវបានហៅបែបនេះតរៀងមក”។

ពាក់ព័ន្ធនឹងឈ្មោះត្រីរាជនេះផងដែរ ឯកឧត្តមបណ្ឌិត ណៅ ធួក រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេស (CITES) កម្ពុជា (អនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ រុក្ខជាតិព្រៃ កំពុងរងគ្រោះថ្នាក់) មិនហ៊ានសន្និដ្ឋានថាឈ្មោះត្រីរាជនេះ ត្រូវបានហៅចាប់ពីពេលណានោះទេ ហើយមូលហេតុអ្វីទើបបានមានឈ្មោះថាត្រីរាជនោះដែរ ប៉ុន្តែឯកឧត្តម បានមានប្រសាសន៍ថា ឈ្មោះត្រីរាជនេះ គឺអាចពាក់ព័ន្ធនឹងទំហំរបស់វា ដែលជាទំហំមួយដ៏ធំសម្បើមបំផុត ហើយដែលប្រៀបបាននឹងស្តេចត្រីផងដែរ ទើបបានមានឈ្មោះបែបនេះ។

ឯកឧត្តមបានបន្ថែមថា ត្រីរាជត្រូវបានហាមឃាត់ការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូន តាំងពីសម័យសម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតកោដ្ឋ) មកម្ល៉េះ គឺតាមរយៈក្រមនេសាទ លេខ៨០នស ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៥៦ និងអនុក្រឹត្យលេខ១២៣ អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្តីពីប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់នៅកម្ពុជា (ទឹកសាប)។ ហើយគិតមកទល់ពេលនេះ ក្នុងចំណោមត្រីធំៗបំផុតទាំង០៣ប្រភេទ ត្រីរាជស្ថិតក្នុងប្រភេទត្រីកម្រដែលប្រឈមផុតពូជទី២ ខណៈទី១គឺ ត្រីបបែលយក្ស ដែលស្ថិតក្នុងកម្រិតកម្របំផុត ហើយទី៣គឺ ត្រីគល់រាំង។

ចំពោះជីវៈចម្រុះរបស់ត្រីរាជវិញ លោក ចាន់ សុខហេង អនុប្រធានការិយាល័យស្រាវជ្រាវបច្ចេកទេសជលផល នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប និងជាអ្នករៀបរៀងសៀវភៅ “ត្រីទឹកសាប នៅព្រះរាជាណាចក្រកម្ពុជា” បានមានប្រសាសន៍ថា ត្រីរាជ គឺជាប្រភេទត្រីគ្មានស្រកាទឹកសាបដ៏ធំបំផុត។ វាចូលចិត្តរស់នៅតាមទន្លេសាប បឹងទន្លេសាប និងតំបន់មេគង្គលើ ជាពិសេសតាមអន្លង់នៅក្នុងទន្លេមេគង្គនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ហើយជាប្រភេទត្រីធ្វើចរាចរឆ្ងាយ។

ត្រីរាជតែងតែត្រូវចាប់បានជារឿយៗ នៅតាមគន្លងដាយត្រីនៅទន្លេសាប ហើយការចាប់បាននេះ គឺនៅពេលដែលវាធ្វើចរាចរចេញពីបឹងទន្លេសាប នៅខែតុលា ទៅរកកន្លែងពងកូន និងលាក់ខ្លួននៅតាមអន្លង់ជ្រៅៗ តាមដងទន្លេមេគង្គលើ។ ត្រីរាជពេញវ័យ អាចបន្តពូជបាន នៅពេលមានអាយុចាប់ពី ០៦ ទៅ ០៨ឆ្នាំ ហើយពួកវាពងកូនចាប់ពីខែមិថុនា ទៅដល់ខែកក្កដា នៅបឹងទន្លេសាប ហើយកូនត្រីរាជពេលកើតដំបូងមានប្រវែង ១២ ទៅ ១៥សង់ទីម៉ែត្រ។

លោក ចាន់ សុខហេង បានបញ្ជាក់បន្ថែមថា ត្រីរាជនេះអាចរស់បានរហូតដល់អាយុ៦០ឆ្នាំ ហើយជាប្រភេទត្រីដែលធំលូតលាស់លឿនបំផុត គឺក្នុង១ឆ្នាំ អាចឡើងទម្ងន់ជាង១០គីឡូក្រាម។ ត្រីរាជស៊ីស្លែជាអាហារចំបង ដោយឡែកសត្វល្អិតក្នុងទឹក គឺជាអាហារបន្ទាប់បន្សំ។

ពាក់ព័ន្ធនឹងបញ្ហាប្រឈមវិញ លោក ថាច់ ផាណារ៉ា បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ព្រោះថា នៅក្នុងរយៈពេល ០៣ ទៅ ០៤ឆ្នាំចុងក្រោយនេះ ប្រជានេសាទមួយចំនួនហាក់ដូចជាពុំបានចូលរួមដូចពីពេលមុននោះទេ នេះក៏អាចដោយសារកត្តាជីវភាព របស់ពួកគាត់ក៏ថាបាន ដោយសារពុំមានការរាយការណ៍ណាមួយពាក់ព័ន្ធនឹងការចាប់បានត្រីរាជជូនមកអាជ្ញាធរ ក៏ដូចជារដ្ឋបាលជលផល ដូចកាលពីមុននោះទេ។

លោកបានបន្ថែមថា រាល់ត្រីមេពូជ ឬត្រីធំៗដែលចាប់បាន គឺតែងតែមានដាក់សញ្ញាសម្គាល់ រហូតដល់មានត្រីខ្លះ បានដាក់ Micro Chip នៅជាប់នឹងព្រុយផងដែរ ប៉ុន្តែបងប្អូនប្រជានេសាទ បានដោះសញ្ញាសម្គាល់ និង Micro Chip នោះចេញ នៅពេលចាប់បានត្រីប្រភេទនេះ មុនយកទៅលក់ដូរ។ ត្រីរាជជាទូទៅតម្លៃប្រហែលពី ៥ដុល្លារ ទៅ ១០ដុល្លារ ក្នុងមួយគីឡូក្រាម (ទីផ្សារលួចលាក់) ប៉ុន្តែត្រីរាជខុសពីត្រីគល់រាំងត្រង់ថា បើទោះជាវាទម្ងន់ប៉ុណ្ណាក៏តម្លៃថេរ មិនដូចត្រីគល់រាំង ដែលកាន់តែធំ គឺកាន់តែមានតម្លៃថ្លៃ។

ប៉ុន្តែបច្ចុប្បន្ននេះ ត្រីប្រភេទនេះកម្រនឹងអាចធំធាត់ដល់ប៉ុណ្ណឹងណាស់ ហើយបើតាម លោក ថាច់ ផាណារ៉ា មួយរយៈចុងក្រោយនេះ ក្រុមការងាររបស់នៃវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប កម្រនឹងប្រទះត្រីរាជនេះ ដែលមានទម្ងន់លើសពី១០០គីឡូក្រាមណាស់ ប៉ុន្តែប្រហែល១០ឆ្នាំមុន ក្រុមការងារបានប្រទះត្រីរាជមួយ ដែលមានទម្ងន់ជិត ៣០០គីឡូក្រាម និងមានប្រវែង ២,៧៤ម៉ែត្រ ដែលចូលដាយត្រី ហើយត្រូវបានអ្នកនេសាទទំនាក់ទំនងមកក្រុមការងារ ហើយក៏បានដាក់សញ្ញាសម្គាល់ និងព្រលែងចូលទន្លេវិញហើយដែរ ដែលនេះគឺជាការប្រទះឃើញត្រីរាជដែលធំបំផុត ក្នុងការសិក្សាស្រាវជ្រាវអំពីត្រីរបស់លោកប្រហែល២០ឆ្នាំមកនេះ។

ដើម្បីឱ្យមាននិរន្តរភាព និងលំនឹង នៃការប្រើប្រាស់ត្រីទៅថ្ងៃអនាគត ដែលជាស្បៀងមួយមិនអាចខ្វះបាន ក៏ដូចជាដើម្បីឱ្យអ្នកជំនាន់ក្រោយបានស្គាល់ប្រភេទត្រីទឹកសាបដ៏ធំបំផុតនេះ លោក ថាច់ ផាណារ៉ា បានសំណូមពរ ទី១ សូមឱ្យប្រជានេសាទទាំងអស់ កុំដាក់លូស្បៃមុងនៅរដូវត្រីពងកូន ចាប់ពីខែមិថុនា ដល់ខែតុលា ដោយយោងតាមច្បាប់នៃរដ្ឋបាលជលផល។ ទី២ សូមកុំចាប់ត្រីមេពូជ នៅតំបន់អភិរក្ស ឬអាងទន្លេមេគង្គ ដែលមានអន្លង់ជ្រៅៗ។ ទី៣ សូមកុំប្រើឧបករណ៍នេសាទខុសច្បាប់ ដូចជាឆក់ គ្រាប់បែក ស្បៃមុង ហើយចំពោះការប្រើប្រាស់ស្បៃមុងនេះ គឺត្រូវអនុវត្តតាមការកំណត់ក្រឡារបស់រដ្ឋ គឺមិនតូចពេកដែលអាចជាប់ដល់ត្រីតូចៗ។ល។ ក្រុមអភិរក្សរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់សហគមន៍ ក៏ដូចជាប្រជានេសាទ អំពីសារសំខាន់ នៃការអភិរក្សត្រី ក៏ដូចជាការដោះលែងត្រីមេពូជឱ្យទៅក្នុងធម្មជាតិវិញ។

លោកបានសង្កត់ធ្ងន់ថា បើក្នុងករណីយើងចាប់បានត្រីមេពូជមួយ ហើយយើងយកទៅពិសា គឺបានតែមួយពេល ហើយការធ្វើដូច្នេះ គឺស្មើនឹងការបំផ្លាញទិន្នផលត្រីប្រមាណ១០ម៉ឺនក្បាលនៅពេលខាងមុខ។ ទី៤ សូមប្រជាពលរដ្ឋទាំងអស់ត្រូវតែសហការគ្នា ទាំងប្រជានេសាទ សហគមន៍នេសាទ ក៏ដូចជាអាជ្ញាធរដែនដី និងពាក់ព័ន្ធទាំងអស់ ព្រោះការងារអភិរក្សត្រី ត្រូវការការចូលរួម ការយល់ដឹងពីសារសំខាន់នេះ ហើយក្នុងករណីដែលចាប់បានត្រីធំៗទាំងអស់នេះ សូមទំនាក់ទំនងមកអាជ្ញាធរដែនដី ឬរដ្ឋបាលជលផល ដើម្បីព្រលែងពួកវាទៅក្នុងធម្មជាតិវិញ។

លោក គង់ ចាន់ធី ប្រជានេសាទនៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ជាប់នឹងព្រំដែនឡាវ បានឱ្យ AKP ដឹងផងដែរថា ត្រីរាជកម្រឡើងទៅដល់ប៉ែកខាងលើហ្នឹងណាស់ ហើយបើឡើងមកដល់មែនក៏មានតិចដែរ ដោយឡែកអ្នកនេសាទក៏នឹងព្រលែង ឬទាក់ទងអាជ្ញាធរដែរបើសិនជាចាប់បាន ព្រោះអ្នកនេសាទទាំងអស់សុទ្ធតែដឹងថាពួកវាជាប្រភេទត្រីកម្រ និងត្រីដែលត្រូវបានអភិរក្ស។ លោកក៏បានបញ្ជាក់ផងដែរថា ពួកវាកំពុងតែមានវត្តមាននៅអន្លង់កោះខ្ញែរ ព្រំដែននៃខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដែលជាតំបន់អភិរក្ស ដោយនៅលាយឡំជាមួយនឹងប្រភេទត្រីធំៗ ត្រីកម្រ និងត្រីមេពូជដទៃទៀត។

លោកបានបញ្ជាក់បន្ថែមថា ៖ “អន្លង់កោះខ្ញែរនោះ គឺជាទីសុខសាន្តរបស់ប្រភេទត្រីធំៗ ត្រីកម្រ និងត្រីមេពូជនេះហើយ ព្រោះទីនោះជាតំបន់អភិរក្ស និងមានអន្លង់ធំៗ និងជ្រៅៗ ព្រមជាមួយនឹងថ្មបាយក្តាំងជាច្រើននៅបាតអន្លង់ ដែលកត្តានេះបើទោះជាមានការលួចនេសាទក៏ពិបាកក្នុងការចាប់ពួកវាដែរ”។ ត្រីរាជ ស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុងរងការគំរាមកំហែងយ៉ាងខ្លាំងឈានទៅរកការផុតពូជ (Critical Endangered) របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN (International Union for Conservation of Nature) ហើយត្រីនេះត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ១ របស់អនុសញ្ញាសាយតេស (CITES) ផងដែរ ដែលហាមដាច់ខាត ការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូនផ្សេងៗ៕ ប្រភព៖ ក្រសួងព័ត៌មាន

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!