ឯកឧត្តម ហង់ជួន ណារ៉ុន បានផ្ញើសារអបអរសាទរដល់កីឡាករ ទូច រ៉ាឆាន់ ពីអាមេរិក
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ញើសារជូនពរកីឡាករកម្ពុជា ទូច រ៉ាឆាន់ ពីសហរដ្ឋអាមេរិក ក្នុងពេលដែលឯកឧត្តមបណ្ឌិតសភាចារ្យអមដំណើរ សម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងអប់រំយុវជន និងកីឡា។
“សូមអបអរសាទរដល់កីឡាករកម្ពុជា ទូច រ៉ាឆាន់ ដណ្តើមបានមេដាយមាស មុនគេ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ល្ងាចថ្ងៃសុក្រនេះ ក្នុងប្រភេទកីឡាឃីកបុកស៊ីង ទម្ងន់ ៥៧គីឡូក្រាម។
នេះជាមោទកភាពអស្ចារ្យថ្មីមួយទៀត សម្រាប់កម្ពុជា ដែលកីឡាករ ទូច រ៉ាឆាន់ ដណ្តើមមេដាយមាស ជូនជាតិមាតុភូមិនៃយើង។ សូមជូនពរកីឡាករ ទូច រ៉ាឆាន់ ក៏ដូចជាកីឡាករ កីឡាការិនីកម្ពុជាទាំងអស់ ដែលទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ទទួលជោគជ័យគ្រប់ការប្រកួត ពិសេសដណ្តើមបានមេដាយជូនព្រះរាជាណាចក្រកម្ពុជា ជាបន្តបន្ទាប់ កុំបីខានឡើយ៕