នេះហើយមុខមាត់ពិត ឧកញ៉ាហោរាធិបតី ជាអ្នកគន់គូរ ប្រចាំព្រះបរមរាជវាំងខ្មែរសម័យបុរាណ

​យើង​ធ្លាប់​បាន​ទស្សនា​ខ្សែ​ភាព​យន្ត​បុរាណ​ខ្មែរ ត្រង់​ឈុត​ឆាក​ក្នុង​ព្រះ​បរម​រាជវាំង មាន​គ្រូ​ហោរា​ធិបតី ជា​អ្នក​គន់គូរ ​ទស្សន៍ទាយ​ហេតុភេទ ជោគជតា​រាសី ​ស្រុកទេស។ យ៉ាង​ណា​គ្រប់គ្នា​មិន​ងាយ​បាន​​ឃើញ​ និង​ស្គាល់​មុខ​មាត់​ពិត នៃ​គ្រូ​ហោរាធិបតី ក្នុង​ព្រះបរមរាជវាំង​ខ្មែរ​ពិត​ប្រាកដ​ឡើយ​។

ទើប​តែ​កន្លង​ទៅ ទំព័រ​បុរាណាចារ្យ​ បាន​បង្ហាញ​មុខ​មាត់​ពិត នៃ​ឧកញ៉ា​ហោរាធិបតី អ៊ុម យក់ ចាងហ្វាង​ក្រុម​ហោរា ព្រះ​បរមរាជវាំង។ តាម​ការ​ស្រាវជ្រាវ​របស់​បុរាណាចារ្យ តំណែង​ឧកញ៉ា​ហោរាធិបតី ជា​តំណែង​មួយ​សំខាន់​នៅ​ក្នុង​ព្រះ​បរមរាជវាំង​សម័យ​បុរាណ ដោយ​មាន​នាទី​ជា​ចាងហ្វាង ​ក្រុម​ហោរា​ប្រចាំ​ព្រះបរមរាជវាំង ជា​អ្នក​គន់គូរ ទស្សន៍ទាយ ឫក្ស រាសី ដួង​ជតា ព្យាករណ៍​អនាគត ទំនាយ​ហេតុ​ភេទ និង​រៀបចំ​ព្រះ​ក្បួន​ខ្នាត​ក្នុង​ព្រះ​រាជ​ពិធី​ផ្សេង​ៗ​។

អ្នក​ដែល​មាន​តំណែង​ជា ហោរាធិបតី​នេះ​គឺជា​អ្នក​ដែល​មាន​ចំណេះដឹង ជ្រៅជ្រះ​នូវ​ក្បួន​តម្រា​វិជ្ជា​ ហោរាសាស្ត្រ តារា​សាស្ត្រ ក្បួន​ទំនាយ និង​ទំនៀម​ក្បួន​ព្រះ​រាជពិធី​សម្រាប់​ព្រះ​នគរ​ទាំង​មូល។ រូបភាព​នេះ​គឺ​ ឧកញ៉ាហោរាធិបតី អ៊ុម យក់ ចាងហ្វាង​ ក្រុម​ហោរា​ព្រះបរមរាជវាំង​រជ្ជកាល​ព្រះបាទ នរោត្តម សីហនុ(គ្រាទី១)។

វត្ថុ​សំខាន់​ជាងគេ​របស់​ហោរា គឺ​ក្តារឆ្នួន​ និង​ដី​ស ដើម្បី​គណនា​តាម​ក្បួន​ហោរាសាស្ត្រ។ ដូច​ដែល​ឃើញ​ក្នុង​រូប​ ឬតាម​រយៈ​ភាព​យន្ត​នានា។ បុរាណាចារ្យ​ ដដែល​បាន​អះអាង​ថា​ មិន​មាន​តំណែង​នេះ​ទៀត​ទេ បច្ចុប្បន្ន​មាន​តែ​អធិបតី​ខាង​ព្រាហ្មណ៍​ដែល​មាន​តំណែង​ជា​ព្រះ​ជយា​ធិបតី និង​អធិបតី​ធម្មការ​ដែល​ជា​ឧកញ៉ា​ព្រះ​ស្តេច។ ចំណែក​ខាង​ក្រសួង​ធម្មការ និង​សាសនា ​មាន​ខាង​ក្រុម​ហោរាសាស្ត្រ​ដោយ​ឡែក​៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!