សុនខ ២ក្បាលបញ្ចេញចង្កូមបង្ហាញឫទ្ធិដាក់គ្នា ពេលបើករបាំងឲ្យដាក់គ្នា បែរធ្វើហី
មានសត្វសុនខ ២ ក្បាល ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកនិយមប្រើប្រាស់បណ្តាញសង្គម បន្ទាប់ពីវីដេអូប្លែកៗរបស់ពួកវា ត្រូវបានបង្ហោះតាមបណ្ដាញអ៊ីនធឺណិត។ នៅក្នុងឃ្លីបវីដេអូរៀបរាប់ថា យើងមើលឃើញសត្វសុនខកំពុងតែព្រុសយ៉ាងខ្លាំង នៅពេលមានច្រកបាំងពួកវា។
តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ ហើយគួរឲ្យចង់សើចនោះ គឺនៅពេលដែលច្រកត្រូវបានបើកភ្លាម ពួកវាបែរប្ដូរឥរិយាបទទៅជារាក់ទាក់គ្នាវិញ។ លោក Thanyaphat Chompoo ដែលជាម្ចាស់សុនខទាំងពីរ បានឃើញឥរិយាបថរបស់ពួកវាខុសគ្នាយ៉ាងខ្លាំង ក្រោយពេលបើកច្រកឲ្យពួកវាតទល់មុខគ្នា។ ដូចដែលអ្នកមើលឃើញនៅលើវីដេអូខាងក្រោម សុនខពូជ Aspin ពណ៌ត្នោត អាយុ២ឆ្នាំ គឺ Hemanth និង Mintra មើលទៅដូចជាពួកគេត្រៀមខ្លួនប្រ យុ ទ្ធ ប៉ុន្តែការពិតវាមិនដូច្នោះទេ។
វាពិតផ្លាស់ប្តូរអារម្មណ៍ភ្លាមៗដោយមិនបានរំពឹងទុក ហើយមនុស្សភាគច្រើន មិនអាចទប់សើចបាននោះទេពេលឃើញបែបនេះ។ យោងតាមលោក Thanyaphat ដែលជាម្ចាស់សុនខ បានឲ្យដឹងថា វីដេអូដែលកំពុងល្បីខ្លាំងលើបណ្ដាញអ៊ីនធឺណិត បានថតកាលពីថ្ងៃទី ១៦ ខែមករា នៅខាងក្រៅផ្ទះនៅក្រុងរ៉ាក់យ៉ង ប្រទេសថៃ។
លោក Thanyaphat បានចែករំលែកថា៖ «Hemanth និង Mintra មិនអាចបិទមាត់ពួកវាបានទេ ពួកគេនៅតែបន្តស្រែកដាក់គ្នាដដែល ខណៈច្រកបិទជិតទាំងសងខាង ប៉ុន្តែនៅពេលខ្ញុំបើកច្រកដើម្បីឲ្យពួកវាតតាំងគ្នា ពួកវាបែបជាមិនហ៊ានទាល់តែសោះ។ ពួកវាក្លៀវក្លា តែពេលមានអ្វីការពារពួកវាប៉ុណ្ណោះ»។
រឿងនេះដែរ អ្នកនិយមប្រើប្រាស់បណ្ដាញអ៊ីនធឺណិតខ្លះបានប្រៀបធៀបទៅកាន់មនុស្សមួយចំនួន គឺខ្លាំងបានតែក្នុងផ្ទះ ជាមួយសាច់ញាតិ ជាមួយក្រុមហ៊ុន ឬជាមួយស្ថាប័នខ្លួនឯង តែបើជាមួយគូប្រកួតប្រជែងពិត មិនហ៊ានសូម្បីតែគិត៕(បកប្រែ៖និស្ស័យ Khmer-global)
ហាមលួចចម្លងអត្ថបទពីវេបសាយ Khmer-Global.com ដោយគ្មានការអនុញ្ញាត