នារីម្នាក់បង្ហាញរូបថតកាល ៣ឆ្នាំមុនធ្លាប់ត្រូវគេមាក់ងាយ តែបើធៀបឥឡូវខុសគ្នា១៨០ដឺក្រេ
នារីម្នាក់មានគណនីហ្វេសប៊ុក ឈ្មោះ Pov Meas បានបង្ហាញរូបភាពមួយចំនួនក្នុងថ្ងៃ Anniversary គម្រប់ ៣ឆ្នាំ ក្រោយពីខ្លួនបានសម្រកទម្ងន់ ហើយបង្ហាញពីបទពិសោធន៍ ដែលខ្លួនធ្លាប់បរាជ័យដល់ទៅជាង ២០ដង ក្នុងការសម្រកទម្ងន់ ហើយធ្លាប់រស់នៅក្នុងភាពងងឹតសូន្យឈឹង ក្រោមក្រសែភ្នែកមាក់ងាយ ពីមនុស្សជុំវិញខ្លួន។
មានពេលខ្លះនៅក្នុងបន្ទប់ងងឹត មិនហ៊ានចេញក្រៅហើយដេកយំក៏មានដែរកាលពីពេលកន្លងទៅ ដែលធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វសប៊ុកមានការចាប់អារម្មណ៍ជាខ្លាំងពីរូបភាពមុនពេលសម្រក និងរូបថតក្រោយសម្រក ពិតជាស្រស់ស្អាតខ្លាំង សឹងមិនជឿនឹងភ្នែក។
តាមរយៈគណនីហ្វេសប៊ុកនារីខាងលើបានសរសេររៀបរាប់យ៉ាងវែងអន្លាយថា៖ «ថ្ងៃនេះ កាលពី 3ឆ្នាំមុន ខ្ញុំធាត់ឡើងដល់ ៨៨គីឡូ ខ្ញុំខ្មៅ មុខសុទ្ធតែមុន និយាយរួមអាក្រក់គ្មានលេខដាក់ ដឹងទេថាពេលនោះជីវិតខ្ញុំ រស់នៅក្នុងសភាពបែបណា? ពេលចេញទៅខាងក្រៅម្តងៗ ក្រសែភ្នែកមនុស្សគ្រប់គ្នា សម្លឹងមកខ្ញុំដូចខ្ញុំនឹងសត្វចម្លែកអ៊ីចឹង មានអ្នកខ្លះទៀតទ្រាំសើចខ្ញុំមិនបានក៏សើចចំអន់ខ្ញុំនៅនឹងមុខខ្ញុំក៏មាន។
សូម្បីតែមនុស្សជិតស្និទ្ធក្បែរខ្លួន ពេលខ្លះក៏និយាយឌឺដងបែបមើលងាយខ្ញុំដែរ សម្តីមើលងាយអីដែលថាខ្ញុំមិនធ្លាប់ឮ? ការឈឺចាប់បែបណាដែលថា ខ្ញុំមិនធ្លាប់ទទួលបាន? ខ្ញុំក៏ចាប់ផ្ដើមរស់នៅបែបភ័យខ្លាច ក្រសែភ្នែក និងសម្តីគេ ចាប់ផ្ដើមរស់នៅលាក់ខ្លួននៅតែបន្ទប់ងងឹតមិនហ៊ានចេញទៅណា ចាប់ផ្ដើមដេកយំ អន់ចិត្តនឹងខ្លួនឯងសឹងរាល់យប់។
ខ្ញុំក៏ព្យាយាមក្នុងការសម្រកទម្ងន់ណាស់ ដើម្បីចង់ស្អាត តែខ្ញុំបរាជ័យម្ដងហើយម្ដងទៀត មិនក្រោម ២០ដងទេ នៅថ្ងៃមួយជាពេលដែលខ្ញុំបរាជ័យលើកទី២១ ខ្ញុំយំខ្លាំងណាស់ ខ្ញុំបាក់ទឹកចិត្តខ្លាំងបំផុត ប៉ុន្តែខ្ញុំនៅតែមិនបោះបង់ ខ្ញុំជូតទឹកភ្នែកចេញងើបឈរដើរទៅឆ្លុះកញ្ចក់មើលរូបរាងដ៏អាក្រក់របស់ខ្លួនឯង ទាំងដែលខ្ញុំជាមនុស្សខ្លាចកញ្ចក់បំផុត។
ខ្ញុំក៏បានសួរខ្លួនឯងថា..ចង់រស់នៅក្នុងរូបរាងអាក្រក់មួយនេះដល់ពេលណាទៀត? ទ្រាំរស់នៅក្នុងសភាពដែលគ្មានតម្លៃ ដែលគេមើលងាយឆ្អែតឆ្អន់នៅ? ចម្លើយរបស់ខ្ញុំ មិនចង់បន្តជីវិតនៅក្នុងចំណុចសូន្យមួយនេះទៀតទេ ខ្ញុំនឹងដើរទៅរកគោលដៅស្រីស្អាតខ្ញុំតែងតែប្រាថ្នា នៅថ្ងៃនោះខ្ញុំក៏ចាប់ផ្ដើមការសម្រកម្តងទៀតជាលើកទី២២ របស់ខ្ញុំ ទើបខ្ញុំជោគជ័យ ខ្ញុំមានថ្ងៃនេះគ្រប់យ៉ាងបានពីការដែលមិនបោះបង់ចោលខ្លួនឯង។
Happy anniversary Lose weight 3years សម្តីមើលងាយរបស់អ្នកដទៃ ជា កាំ បិ ត មុខ២ ប្រើខុសគឺជាការបាក់ទឹកចិត្ត ប្រើត្រូវជាកម្លាំងចិត្តដល់ល្អ កន្លែងដែលយើងដួល មិនប្រាកដថាជាកន្លែងដែលយើងត្រូវអង្គុយយំ តែគួរជាចំណុចជូតទឹកភ្នែកចេញងើបឈរជាថ្មី»៕(អត្ថបទ៖និស្ស័យ)