ក្មេងស្រីអាយុ៩ឆ្នាំម្នាក់ក្លាយជាចៅកែហាងមាន់បំពង ខណៈក្មេងមួយចំនួនមិនទាន់ដឹងអ្វីសោះ
ក្មេងខ្លះធំដឹងក្តីលឿនជាងក្មេងដទៃទៀត នៅពេលពួកគេមានទំនួលខុសត្រូវតាំងពីក្មេង ដូចជាសិស្សថ្នាក់ទី ៤ រូបនេះ ដែលជួយធ្វើការងារភោជនីយដ្ឋានក្នុងគ្រួសារ។ ក្មេងស្រីម្នាក់មាន ឈ្មោះ បេល មកពីប្រទេសថៃ បានធ្វើឲ្យអ្នកលេងបណ្ដាញអ៊ីនធឺណិត មានការចាប់អារម្មណ៍ជាខ្លាំង មិនមែនដោយសារតែនាងគួរឱ្យស្រលាញ់នោះទេ
ប៉ុន្តែដោយសារតែនាងបានក្លាយជាម្ចាស់ហាងសាច់មាន់បំពងមួយកន្លែងនៅអាយុ ៩ឆ្នាំប៉ុណ្ណោះ។ នាងចង់ជួយសម្រាលបន្ទុកគ្រួសារខ្លាំងណាស់។ នៅពេល បេល មានអាយុត្រឹមតែ៣ ឆ្នាំ នាងបានចាប់ផ្តើមជួយយាយរបស់នាងធ្វើកិច្ចការផ្ទះ។ បេល ត្រូវទទួលបន្ទុក ជាអ្នកចម្អិនសាច់មាន់ រហូតដល់វាស្រួយហើយពណ៌ក្រហមឆ្អិនល្អ។
ឪពុកម្តាយរបស់ បេល បានលែងលះគ្នាកាលពីពេលថ្មីៗនេះ ហើយសព្វថ្ងៃ នាងរស់នៅក្នុងផ្ទះតាយាយរបស់នាង ជាមួយប្អូនប្រុសពីរនាក់។ ជីដូនរបស់នាងបើកហាងសាច់មាន់បំពង ហើយហាងមានភាពមមាញឹកខ្លាំងអំឡុងពេលថ្ងៃធ្វើការ។ បេល បានសម្រេចចិត្តសាកល្បងថ្វីដៃរបស់នាង នៅក្នុងដំណើរការដ៏លំបាកនៃការបំពងសាច់មាន់ ហើយបានរកឃើញថា នាងមានភាពប៉ិនប្រសប់ក្នុងការងារនេះ។
នាងមិនមានកំពស់គ្រប់គ្រាន់ ដើម្បីឈោងដល់កម្ពស់ធម្មតានៃចង្ក្រានទេ ដូច្នេះពួកគេក៏បន្ទាបវាចុះ។ នាងតូចមានជំនាញណាស់ ក្នុងការគ្រប់គ្រងហាងដែលជីដូនរបស់នាង បានទុកការងារឱ្យនាងតែម្នាក់ឯង។ ទម្លាប់យ៉ាងទៀងទាត់របស់ម្ចាស់ហាងដែលគ្រប់គ្រប់ដោយ បេល ពិតជាមានការភ្ញាក់ផ្អើលខ្លាំង ចំពោះការទទួលខុសត្រូវរបស់នាង។ នាងមានសមជាថៅកែហាងខ្លាំងណាស់។
ក្រៅពីការគ្រប់គ្រងហាង នាងក៏មើលថែប្អូនប្រុសពីរនាក់របស់នាងផងដែរ។ នៅពេលដែលជីដូនជីតារបស់នាងជាប់រវល់នឹងហាង ឬធ្វើការនៅកន្លែងផ្សេងទៀត នាងទទួលបន្ទុកបងប្អូនបង្កើតរបស់នាង។ រឿងរ៉ាវរបស់ បេល ដែលទើបមានអាយុ៩ឆ្នាំ ក្លាយជាថៅកែហាងដែលមានទំនួលខុសត្រូវ ហើយមានភាពប៉ិនប្រសប់ ត្រូវបានបង្ហោះរឿងលើបណ្ដាញអ៊ីធឺណិត ទទួលបានកោតសរសេរយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើនចំពោះទេពកោសល្យរបស់នាង៕(ប្រែសម្រួល៖និស្ស័យ)