អង្គុយចាំថតចោរមកយកម៉ូតូ មួយសន្ទុះក៏មកមែន នាំគ្នាដេញចាប់ពភីង​នៅតែរត់រួច (មានវីដេអូ)

យុវជនម្នាក់បានបាត់ម៉ូតូមួយគ្រឿងពីក្នុងផ្ទះតាំងពីយប់ តែព្រឹកឡើង​ទើបជនរងគ្រោះដឹងថា បាត់។ ជនរង​គ្រោះបានឆែកមើល​តាមប្រព័ន្ធGPS ក៏រកម៉ូតូរបស់ខ្លួននៅកន្លែងផ្ញើរម៉ូតូមួយកន្លែង នៅក្រោយមន្ទីរពេទ្យ កាល់ម៉ែត្រ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រហែល ១០ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ។

ជនរងគ្រោះឈ្មោះ យុន វិរះ ភេទប្រុស អាយុ១៩ ឆ្នាំ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែន សុខ បានឱ្យដឹងថា ខ្លួនបានបាត់ម៉ូតូ១គ្រឿង ម៉ាកអាយខុន ពណ៌​ក្រហមស៊េរី២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1TM-3686 ទុកក្នុងផ្ទះ ដោយចាក់សោរត្រឹមត្រូវ លុះម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា២០២០ ក្រោយក្រោកពីដំណេក ទើបដឹងថាបាត់ ។ ភ្លាមៗខ្លួន​និងក្រុមគ្រួសារ បានឆែកកាម៉េរ៉ាសុវត្ថិភាព ក៏ឃើញ​សកម្មភាព​របស់ជនសង្ស័យដៃកាន់កាំបិត នៅវេលាម៉ោង ៣និង២៦នាទីទៀបភ្លឺ បានចូលមកលួច​សោរដល់ក្នុងផ្ទះ រួចយក​ម៉ូតូទៅបាត់ ។

ជនរងគ្រោះបន្តថា បន្ទាប់មកខ្លួនក៏បាន ឆែកមើលGPS ព្រោះម៉ូតូរបស់ខ្លួន មានភ្ជាប់GPS និងទាក់ទងទៅ អ្នកដែលធ្លាប់ស្គាល់គ្នា​ជួយស្វែងរក ក៏បានរកឃើញម៉ូតូនោះ នៅកន្លែងផ្ញើរម៉ូតូ ។ ដោយមានការសហការល្អ ពីម្ចាស់កន្លែងផ្ញើរ ក៏នាំគ្នារង់ចាំឃ្លាំមើលក្រែងជនសង្ស័យមកយកម៉ូតូ ហើយជនរងគ្រោះ បានទៅដាក់​ពាក្យបណ្ដឹង នៅប៉ុស្តិ៍ អូរបែកក្អម រួចចាំមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍ស្រះចកបន្តទៀត ។

ខណៈជនរងគ្រោះ កំពុងដើរដាក់ពាក្យបណ្ដឹង ក៏ស្រាប់តែឃើញជនសង្ស័យ មកយកម៉ូតូ នៅវេលាម៉ោង ប្រហែល១រសៀល ទើបនាំគ្នាដេញចាប់ តែចាប់មិនបាន ដោយសារជនសង្ស័យ មានគ្នាគេឈប់ម៉ូតូ​ចាំក្បែរនោះ ( ម៉ាកស្កុបពី ពណ៌កាហ្វេ ស្លាកលេខក្រចេះ 1B-3666 ) ហើយនិងមានជនសង្ស័យ ២នាក់ទៀត ជិះម៉ូតូបិទគូទ អាចមានអា វុ ធ ទើបធ្វើឱ្យការដេញចាប់​មានការញញើត។ ក្រោយកើតហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍អូរបែកក្អម និងនគរបាលស្រះចក ក៏បានធ្វើលិខិត ដកហូត​មកជនរងគ្រោះ ពីកន្លែងផ្ញើរម៉ូតូ យកទៅរក្សានៅប៉ុស្តិ៍ អូរបែកក្អម ដើម្បីបំពេញនីតិវិធី ប្រគល់ជូន​ជនរងគ្រោះ​វិញ ៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!