ស្ទើរស្រក់ទឹកភ្នែក!កូនក្រមុំថតPre Wedding ជាមួយរូបកូនកំលោះ​ដែលស្លាប់មុនថ្ងៃរៀបការ

រឿងរ៉ាវ​មួយ​នេះ​ ពិត​ជា​ក្ដុកក្ដួល និង​សោកសៅ​ស្ទើរទប់​ទឹកភ្នែក​មិន​ជាប់ ជាង​ថត​រូប​ម្នាក់​បាន​បំពេញ​បំណង​របស់​គូស្នេហ៍​មួយគូ​ ដោយ​កូន​ក្រមុំ​បាន​ថត Pre Wedding ជាមួយរូប​ថត​​កូន​កំលោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិតយ៉ាង​ឆាប់រហ័ស។

អ្នក​សារព័ត៌មាន​បាន​រាយការណ៍​ឲ្យ​ដឹងថា រឿងរ៉ាវ​ស្នេហា​ និង​ភាព​ផ្អែមល្ហែម​របស់​គូស្នេហ៍​មួយគូ​នេះ ​កំពុង​ត្រូវ​គេរំលឹក​នៅក្នុង​បណ្ដាញ​សង្គម​ហេ្វសប៊ូក​ថៃ បន្ទាប់​ពីខាង​កូន​កំលោះ​បានស្លាប់​បាត់​បង់ជីវិត​មិន​បាន​លា​ ត្រឹម​មួយ​ប៉ប្រិច​ភ្នែក​ បន្សល់​ទុក​នូវ​គម្រោង​​រៀបការ​ដែល​បាន​ត្រៀម​ទុកនា​ចុងឆ្នាំ​នេះ ទើប​ធ្វើឲ្យកូន​ក្រមុំ​សម្រេច​ចិត្ត​បំពេញ​បំណង​កូន​កំលោះ​ ដោយ​ការថត ​Pre Wedding ជាមួយ​រូបថត​កូន​កំលោះ​ដើម្បីជា​ពាក្យ​សន្យា និងបង្ហាញ​ក្ដីស្រឡាញ់​ដែល​មាន​ឲ្យកូន​កំលោះ​ជារៀង​រហូតទៅ។

រឿងរ៉ាវ​ទាំងអស់​នោះ​ត្រូវបាន​គេបង្ហោះ​តាមហេ្វសប៊ូក​នៅ​ពេល​ថ្មី​ៗ​​នេះ​ ដោយ​អ្នក​ប្រើ​ប្រាស់​គណនី​ឈ្មោះ ​ស៊ុរ៉ាក់សាក់ ​វង្សវៀន ជាជាង​ថតរូប​។ លោក​បាន​ចែក​រំលែកបន្ត​នៃរឿងរ៉ាវ​ដែលគួរ​ឲ្យចាប់​អារម្មណ៍​លាយ​ឡំនឹង​ភាព​សោកសៅ​មួយនេះ។ លោក​ត្រូវ​បាន​គេប្រគល់​តួនាទី​ឲ្យធ្វើជា​ជាងថត​រូប Pre Wedding ដែល​ត្រូវយក​ទៅប្រើ​នៅក្នុង​ថ្ងៃរៀបការ​របស់​អ្នក​ទាំងពីរ តែជា​អកុសល​បែរជា​មាន​ហេតុការណ៍​​នឹក​ស្មានមិន​ដល់​ បាន​កើតឡើង​មុនពេល​អ្នក​ទាំងពីរ​ជិតចូល​រោងការ​ទាល់​តែ​សោះ។ ជាង​ថត​រូបក៏​បានឲ្យ​កម្លាំង​ចិត្ត​ និង​សម្រេច​ចិត្តបន្ត​ថត Pre Wedding​ អ្នក​ទាំង​ពីរឲ្យសម​ដូច​បំណង។

«ការងារ​ថ្ងៃ​នេះ ​ជា​ការងារ​មួយ​ក្នុង​ជីវិតជា​អ្នក​ថត​រូប​របស់​ខ្ញុំ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ក្ដុក​ក្ដួល​យ៉ាង​ខ្លាំង​បំផុត​។ ​បង​ជេក​និងប្អូន «អ» ជាគូ​ស្នេហ៍​ដែល​ចូលចិត្ត​ស្នាដៃ​របស់ខ្ញុំ​ខ្លាំង​ណាស់​ ពួក​គាត់​មានគម្រោង​រៀបការ​នៅ​ចុងឆ្នាំនេះ​ ហើយ​មាន​គម្រោង​ថត Pre Wedding ជាមួយ​ខ្ញុំនៅ​ខែ​ក្រោយ​នេះ​ដែរ​ តែជីវិត​មនុស្ស​វាមិន​ទៀង​ហេតុការណ៍​នឹកស្មាន​មិនដល់​ក៏បាន​កើត​ឡើង។

កាលពី​ខែឧសភា ​កន្លង​មក បង​ជេក អនាគត​កូនកំលោះ​របស់​ប្អូន «អ» បានស្លាប់​បាត់​បង់ជីវិត​ដោយសារ​ជំងឺគាំង​បេះដូង កូន​ក្រមុំ​ឃើញ​ហើយ​ស្ទើរតែ​ដាច់ខ្យល់​ស្លាប់​នៅ​នឹង​កន្លែង​ ព្រោះ​មង្គលការ​ដែលរៀប​ចំឡើង​នៅចុង​ឆ្នាំនេះ​វាគ្មាន​ទៀត​នោះ​ទេ។ ខ្ញុំ​ដឹងថាប្អូន អ ពិត​ជាខូច​ចិត្ត​ខ្លាំង​ណាស់ ហើយ​គ្រប់​យ៉ាង​ហាក់ដូច​ជាលឿន​ពេករហូត​ត្រៀម​ចិត្ត​មិនទាន់។

ទីបំផុត​ពេល​វេលា​បាន​កន្លងផុត​ទៅ ប្អូនស្រី​ អ ក៏ត្រឡប់​មក​មាន​ស្មារតី​ល្អ និង​​ធ្វើ​ចិត្ត​បាន​ឡើងវិញ ហើយ​រឿង​ដែល​ប្អូន អ ចង់​ធ្វើគឺ​បន្តការ​ថត Pre Wedding ដើម្បី​ឲ្យបង​ជេក ស្លាប់​បិទ​ភ្នែកជិត ទោះ​បីគ្រាន់​តែជា​ការថត​រូបនាង​ជាមួយ​នឹងអ្នក​ស្លាប់​ក៏​ដោយ។ ក្នុងនោះ​ដែរ​ក៏មាន​ការរៀបចំ​ពិធីសែន​ចងដៃ​នៅឯ​ផ្ទះកូន​ក្រមុំ ថែមទាំង​មានការផ្ដិត​រូប​ដាក់ក្នុង​ស៊ុម យក​ទៅដាក់​តាំងនៅ​ពិធីសែន​ចងដៃ​ឲ្យដូច​អ្វីដែល​បង ជេក បាន​តាំង​ចិត្ត​ធ្វើ។ ក្រោយពី​នោះ​ក៏ធ្វើ​ពិធីបុណ្យ​សព និង​នាំឆ្អឹង​របស់​បង ជេក ទៅ​បណ្តែត​ទឹក​នា​ចុង​ខែនេះផងដែរ​»៕ (​ប្រែ​សម្រួល៖ ណុច Khmer-Global)

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!