ចិញ្ចឹមកូនប្រុសត្រណម ៣ ចិញ្ចឹមកូនស្រីត្រណម ៥ គួរស្វែងយល់កុំឲ្យកូនៗដើរខុសផ្លូវ
ការចិញ្ចឹមអប់រំទូន្មានកូនប្រុសស្រី គឺជារឿងសំខាន់ណាស់ចំពោះឪពុកម្ដាយគ្រប់រូប ដើម្បីតម្រង់សកម្មភាព ទម្លាប់ និងការគិតរបស់កូនឲ្យដើរលើផ្លូវល្អទាំងបច្ចុប្បន្ន និងអនាគតដ៏វែងឆ្ងាយខាងមុខ ដែលយើងគប្បីធ្វើតាំងពីរូបគេនៅតូច។ ខាងក្រោមនេះជា ត្រណមសំខាន់ៗគួរចៀសវាងសម្រាប់កូនៗ៖
ចិញ្ចឹមកូនប្រុសមានត្រណម ៣។ ត្រណមទី១ ចិញ្ចឹមថ្នាក់ថ្នមតម្រូវតាមចិត្តជ្រុល៖ កូនប្រុសធំឡើង គឺត្រូវធ្វើជាសសរទ្រូងគ្រួសារ ប្រសិនខ្លាចកូននឿយហត់ពេក ថ្នាក់ថ្នមតាមចិត្តកូនជ្រុលពេក នោះពេលគេធំពេញវ័យ ជួបបញ្ហា វិប្បត្តិ ឧបសគ្គបន្តិចក៏មិនអាចពុះពារបាន អ៊ីចឹងគេនឹងពិបាកសម្រេចបានកិច្ចការធំណាស់។
ត្រណមទី២ តាមម៉ែស្អិតពេក៖ ពេលកូនប្រុសធំ ត្រូវតែឃ្លាតពីម៉ែបន្តិច ដល់វ័យធំដឹងក្តីល្មមជាម្តាយត្រូវតែចេះលែងដៃកូនខ្លះ ឃ្លាតឆ្ងាយពីគេបន្តិច ហើយទុកឱកាសឲ្យគេនៅមើល និងរៀនតាមឪពុកគេវិញ ដើម្បីរៀនសូត្រតាមធ្វើជាបុរសដើមទ្រូង ៥ ហត្ថ។
ត្រណមទី ៣ មានអត្តចរិតមិនល្អ៖ ប្រសិនបើកូនមានចរិតបែបភ័យខ្លាចគេ គ្មានគោលគំនិតជាខ្លួនឯង ធ្វើរឿងអ្វីក៏ចេះតែអូសបន្លាយពេលវេលា សម្រេចចិត្តមិនដាច់ស្រេច ហើយងាយបោះបង់ចោល។ កូនបែបនេះ នឹងពិបាកក្លាយជាមនុស្សមានកំណើតណាស់ ហើយទៅថ្ងៃមុខក្នុងជីវិតអាពាហ៍ពិពាហ៍របស់គេក៏មិនល្អខ្លាំងដែរ។
ចំណែក ការចិញ្ចឹមកូនស្រីមានត្រណម ៥។ ត្រណមទី១ ចិញ្ចឹមបែបក្រ៖ កូនស្រីត្រូវតែចិញ្ចឹមបែបអ្នកមាន (មាន ក្រ ក្នុងន័យនេះមិនមែនសំដៅលើរបស់ទ្រព្យទេ) ប៉ុន្តែវាមានន័យច្រើនទៀតគឺ ចិត្តគំនិតវែងឆ្ងាយ។ កូនស្រីត្រូវតែឲ្យគេចេញស្គាល់សង្គមខាងក្រៅឲ្យច្រើន ដើម្បីបង្កើនចំណេះដឹង។
ត្រណមទី២ ថ្នមកូនជ្រុលពេក៖ ប្រសិនបើស្រឡាញ់កូនស្រីខ្លាំងពេក នឹងធ្វើឲ្យគេក្លាយជារំអួយជ្រុលតាមតែចិត្តឯង អ្នកដទៃធ្វើអ្វីឲ្យទើសចិត្តបន្តិចក៏ខឹងដូចភ្នំភ្លើងរញ្ជួយ។ អត្តចរិតបែបនេះនឹងពិបាកចូលសង្គមចុះណាស់ ហើយថ្ងៃក្រោយក្នុងជីវិតអាពាហ៍ពិពាហ៍ក៏មិនល្អដែរ។
ត្រណមទី ៣ មិនឯករាជ្យ៖ កូនស្រីត្រូវរៀនឯករាជ្យ មិនមែនគ្រប់រឿងត្រូវតែចាំពឹងផ្អែកលើគេនោះទេ។ បើមិនដូច្នេះនឹងបាត់បង់តម្លៃខ្លួនឯង។ មិនថារឿងសេដ្ឋកិច្ច ឬស្នេហា គឺត្រូវតែឯករាជ្យម្ចាស់ការបានដោយខ្លួនឯង។
ត្រណមទី៤ ខ្ជិលខ្លាំងពេក៖ មិនចេះរៀបចំបន្ទប់ដេក ខោអាវក៏ខ្ជិលបោក ខ្ជិលទាំងការរៀនសូត្រទៀត។ល។ មនុស្សខ្ជិលពេក គឺមានគុណវិប្បត្តធ្ងន់ធ្ងរណាស់។
ត្រណមទី៥ ឆោតល្ងង់ពេក៖ មានឪពុកម្តាយជាច្រើន តែងតែបង្រៀនកូនស្រីឲ្យមើលឃើញ តែពិភពលោកស្រស់ស្អាតប៉ុណ្ណោះ ធ្វើឲ្យពេលគាត់ធំឡើង ងាយនឹងជឿសម្តីគេ មនុស្សដែលឆោតពេក គឺងាយនឹងខាតបង់ធំណាស់៕ អរគុណសម្រាប់ការចែករំលែករបស់អ្នកស្រី សុខ គឹមទៀវ។