១សន្លឹកដំណើរជីវិត G-Davith ឡើងមករកការងារនៅភ្នំពេញដំបូង និង១០ឆ្នាំចុងក្រោយ
ដំណើរឈានជើងមកដល់ដំណាក់កាលមួយដែលអាចធ្វើឱ្យហ្វេនទទួលស្គាល់ពីសមត្ថភាពលើវិថីសិល្បៈមួយនេះ ងួន ចាន់ដេវីត បានឆ្លងពីមួយដំណាក់ទៅមួយដំណាក់ដោយការខំប្រឹងប្រែងទាំងថ្ងៃយប់គ្មានទាំងពេលសម្រាកក៏មាន។
មុននឹងឈានចូលសិល្បៈ ងួន ចាន់ដេវីត ដំបូងឡើយលោកបានបង្កើតក្រុមរាំមួយនៅខេត្តបាត់ដំបង អស់រយៈពេលប្រមាណជា ៣ឆ្នាំដោយពុំបានទទួលកម្រៃអ្វីនោះទេ រហូតដល់ពេលមួយ លោកបានសម្រេចចិត្តបោះបង់ការសិក្សាក្នុងថ្នាក់ទី១២ ដោយមូលហេតុគ្រួសារជួបការលំបាក ដេវីត ក៏បានមកធ្វើការនៅភ្នំពេញ។
ការងារដំបូងលើដីរាជធានី ដេវីត បានចាប់អាជីពជាអ្នកបញ្ចូលបទភ្លេងទូរស័ព្ទនៅផ្សារឃ្លាំងរំសេវ អស់រយៈពេលប្រមាណជា ២ឆ្នាំ រហូតបានជួបអ្នកនាង ពេជ្រ សោភា ទើបលោកក្លាយជាតារាចម្រៀងដូចសព្វថ្ងៃ។ នេះបើតាមលោក រៀបរាប់នៅក្នុងកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ PNN កាលពីកន្លងទៅ។
ឈានជើងសិល្បៈតាមរយៈការអូសទាញពីតារាចម្រៀង ពេជ្រ សោភា ហើយអ្នកទាំងពីរបានកសាងស្នាដៃជាច្រើនតាមរយៈបទចម្រៀងធ្វើរួមគ្នាជាច្រើនដូចជាបទ “ញីកែងជើង”។ ប៉ុន្តែ ដេវីត បាននិពន្ធបទដំបូងមានចំណងជើងថា ” Friday’s night” ច្រៀងដោយតារាចម្រៀង ពេជ្រ សោភា ខណៈដែលកាលនោះ លោក គ្រាន់តែជាអ្នករ៉េបឲ្យពេជ្រ សោភា តែប៉ុណ្ណោះ។
ចាំបានថាកាលនោះអំឡុងឆ្នាំ ២០១៥ ពួកគេក៏បានល្បីពីទំនាក់ទំនងស្នេហាជាមួយគ្នាផងដែរ ប៉ុន្តែមិនមានភាគីខាងណាសារភាពថាមានស្នេហាឡើយ ហើយក៏ស្ងប់ស្ងាត់ទៅវិញ។ បន្ទាប់ពីនោះមក អ្នកទាំងពីរដើរចេញពីគ្នារៀងៗខ្លួន ដោយពុំមានការបង្ហាញចេញពីមាត់នរណាម្នាក់ថា មានរឿងអ្វីកើតឡើងឡើយ។
សព្វថ្ងៃ ដេវីត ជាតារាចម្រៀងឯករាជ្យ សូម្បីតែដៃគូ ទេព បូព្រឹក្ស ក៏មិនចំណុះក្រោមផលិតកម្មណាឡើយ។ អ្នកទាំងពីរដឹកដៃជួយគ្នាធ្វើបទចម្រៀងដោយមាន ដេវីត ចាំធ្វើបទចម្រៀងឱ្យម្ចាស់ចិត្ត មានហាងខោអាវរួមគ្នា ហាងលក់ផលិតផលសម្អាង ដេវីត ក៏ជាអ្នកតំណាងផលិតផលមួយចំនួនក្នុងស្រុកផងដែរ ហើយក៏មានលទ្ធភាពដូរមាសពេជ្រ ឡាន និងមានផ្ទះខ្លួនឯងនៅភ្នំពេញជាដើម។
មកដល់ពេលនេះបើនិយាយពីទំនាក់ទំនងពួកគេ គឺមានរយៈពេលប្រមាណ ៨ ឆ្នាំហើយ អ្វីដែលពិសេសនោះគូស្នេហ៍មួយគូនេះទម្លាប់ជូនកាដូនៅថ្ងៃពិសេសគ្នានឹងគ្នា ដោយមានមាសពេជ្រកែវកង នាឡិកា ទូរសព្ទ រថយន្តទំនើបហើយសមិទ្ធិផលកាន់តែធំជាងនេះទៀត គឺរៀបចំការប្រគំតន្ត្រីម្នាក់ឯងផ្ដាច់មុខតែម្ដង នៅកោះពេជ្រ កាលពីថ្មីៗនេះ៕